ឃាត់ខ្លួនម្ចាស់អាហារដ្ឋានយីហោ «ផ្កាយពេជ្រ» ខេត្តព្រះវិហារ ដែលគំរាមនារីៗអោយបម្រើការងារ ទំាងលួចលាក់ ទោះអាជ្ញា ធរអោយផ្អាកសកម្មភាពបើកហាងក៏ដោយ
ម្ចាស់អាហារដ្ឋានយីហោ «ផ្កាយពេជ្រ» មានទីតាំងស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ងជើង ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះវិហារ ចុះឃាត់ខ្លួនទាំងយប់ ដោយយោងតាមពាក្សបណ្តឹងរបស់នារីរងគ្រោះដែលជាបុគ្គលិករបស់ ខ្លួន។លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ ឱ្យដឹងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ថា៖ «ដោយមានការសម្របសម្រួល និងណែនាំពីលោក ទី សុវិនថាល់ ព្រះរាជអជ្ញាអមសាលាដំបូងខេត្ត នៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ លោកបានដឹកនាំកម្លាំងកងរាជអាវុធខេត្ត ចុះធ្វើការឃាត់ខ្លួនម្ចាស់ហាងខាងលើ និងរំដោះនារីរងគ្រោះដែលជាបុគ្គលិកបានចំនួន ១៤នាក់»។
លោក បញ្ជាក់ថា មុននឹងឈានដល់ការឃាត់ខ្លួនម្ចាស់អាហារដ្ឋាន «ផ្កាយពេជ្រ» នេះ គឺដោយសារនារីរងគ្រោះដែលបម្រើការនៅក្នុងហាងបានដាក់ពាក្យបណ្តឹងម្ចាស់ហាងខាងលើនេះ ពីបទគម្រាមកំហែងមិនឱ្យពួកនាងៗ ឈប់សម្រាកពីការងារ បើទោះបីជាស្ថានភាពជំងឺកូវីដ-១៩ កំពុងរាតត្បាត ហើយាអជ្ញាធរ សមត្ថកិច្ចមូលដ្ឋានបានណែនាំឱ្យផ្អាកសកម្មភាព ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងីកូវីដ-១៩ក៏ ដោយ។
លោកព្រះរាជអាជ្ញារង បានបន្ថែមថា ដោយសារចង់ដឹងពីភាពពិតប្រាកដនៃបណ្តឹងរបស់នារីៗ ជាអ្នកបម្រើនៅហាងខាងលើ តើពិតប្រាកដ ឬយ៉ាងណានោះ រូបលោកបានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះឆ្មក់ទៅពិនិត្យជាក់ស្តែង ឃើញថាម្ចាស់ហាងខាងលើ បានបើកដំណើរការដូចបណ្តឹងរបស់នារីជាអ្នកបម្រើពិតប្រាកដមែន នឹងបានឃាត់ខ្លួនជាក់ស្តែងម្ចាស់ហាង និងមនុស្សដែលពាក់ព័ន្ធសរុបជាង ២០នាក់ទៀត បញ្ជូនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារទាំងយប់៕
