អភិបាលរាជធានីចុះពិនិត្យទីតាំង២កន្លែង នៅខណ្ឌសែនសុខសម្រាប់សម្រាកព្យាបាលជំងឺកូវីដ១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ទីតាំងសម្រាប់ហូបការធំៗនិងមានលក្ខណៈទំនើបចំនួនពីរកន្លែងនៅក្នុងខណ្ឌសែនសុខ ដែលមានឈ្មោះ ដឹព្រីមៀរ សែនសុខ និងវិមានពិភពថ្មីសែនសុខ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញជ្រើសរើសយកជាទីតាំង សម្រាប់សម្រាកព្យាបាលជំងឺកូវីដ-១៩ ដែលមានប្រមាណ២០០០ គ្រែ ខណៈដែលជំងឺនេះបាននិងកំពុងបន្តរីករាលដាលយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្លៃ។

ដើម្បីជំរុញឲ្យការងារនៃការរៀបចំទីតាំងសម្រាប់សម្រាកព្យាបាលជំងឺកូវីដ-១៩ទាំង២ទីតាំងខាងលើនេះឱ្យបានលឿន និងសមស្របជាទីតាំងសម្រាប់សំរាកព្យាបាលជម្ងឺ លោកឃួង ស្រេង. អភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៩ខែ មេសានេះ បានដឹកនាំអាជ្ញាធរខណ្ឌសែន សុខ និងមន្ត្រីពាក់ព័ន្ធចុះពិនិត្យទីតាំងនេះជាក់ស្ដែង មុននឹងបញ្ជូនអ្នកជំងឺមកសម្រាកព្យាបាល ។

ទីតាំងទាំង២ខាងលើនេះ មានទីតាំងនៅជិតផ្សារអី អន២ ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងនោះ អាគារវិមានពិភពថ្មីសែនសុខ អាចដាក់គ្រែ
បានប្រមាណជា៨០០គ្រែនិងអាគារ សំរាប់ហូបការ ដឹព្រីមៀរ ដាក់បានប្រមាណ២០០០គ្រែ ។ សរុបទាំង២ទីតាំងនោះអាចដាក់បានចំនួនប្រមាណ២០០០គ្រែ។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង បានធ្វើការណែនាំទៅ អាជ្ញាធរខណ្ឌសែន សុខ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវចេះការពារខ្លួនឯង កុំអោយឆ្លងកូវីដ-១៩ ពោលគឺ នៅពេលដែលក្រុមការងារបញ្ជូនអ្នកជំងឺកូវីដ-១៩ មកកាន់ទីតាំងនេះ សូមរក្សាគម្លាតនិងការពារខ្លួនឲ្យបានម៉ត់ចត់បំផុត ទៅតាមការណែនាំគ្រប់យ៉ាងរបស់ក្រសួងសុខាភិបាល។

ទីតាំងទាំង២ខាងលើនេះ បានរៀបចំគ្រែសម្រាប់អ្នកជម្ងឺរួចរាល់ហើយ ពោលគឺនៅតែក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធបញ្ជូនអ្នកជម្ងឺកូវីដ-១៩មកសម្រាកព្យាបាលតែប៉ុណ្ណោះ។គួរបញ្ជាក់ថាក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីរហូតដល់ ៦២៤នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៤៨នាក់បានជាសះស្បើយ។ អ្នកឆ្លងទាំង៦២៤នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ក្នុងនោះនៅរាជធានីភ្នំពេញ ចំនួន៤៦៥នាក់, ខេត្តកំពង់ចាម ១នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តស្វាយរៀង ៣នាក់, ខេត្តតាកែវ ១០នាក់ និង ខេត្តព្រះសីហនុ ១៤៤នាក់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner