លោក ចូ បៃដិន អះអាងថា ការសម្រេចអោយអតីតប៉ូលិសអាមេរិក Derek Chauvin ជាប់ពិរុទ្ធ ជាការបោះជំហានមួយដ៏ធំឆ្ពោះទៅរកយុត្តិធម៌នៅសហរដ្ឋអាមេរិក
អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារនេះ បានហៅសាលក្រមសម្រេចឱ្យអតីតប៉ូលិសទីក្រុង មីនៀប៉ូលិស លោក ឌើរិក ឆូវីន (Derek Chauvin) ជាប់ពិរុទ្ធពីបទមនុស្សឃាតលើបុរសស្បែកខ្មៅ ចច ហ្លយ (George Floyd) គឺជាការបោះជំហានមួយដ៏ធំឆ្ពោះទៅរកយុត្តិធម៌ក្នុងសហរដ្ឋអាមេរិក ។
លោក ឌើរិក ឆូវីន ត្រូវបានតុលាការរកឃើញថា ពិតជាបានប្រព្រឹត្តបទឧក្រិដ្ឋ ពាក់ព័ន្ធនឹងការយកជង្គង់សង្កត់ក ចច ហ្លយ រយៈពេលជាង៩នាទីរហូតដល់បុរសស្បែកខ្មៅរូបនេះដាច់ខ្យល់ស្លាប់ កំឡុងការឃាត់ខ្លួនមួយកាលពីខែឧសភា ឆ្នាំ២០២០ ដែលធ្វើឱ្យមានការតវ៉ានៅទូទាំងពិភពលោកប្រឆាំងនឹងអំពើឃោរឃៅរបស់ប៉ូលិស និងការរើសអើងពូសាសន៍ ។
គណៈវិនិច្ឆយមានសមាជិក១២រូប នៅថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) រកឃើញថាលោក ឌើរិក ឆូវីន មានអាយុ៤៥ឆ្នាំពិតជាមានពិរុទ្ធលើបទចោទប្រកាន់ទាំងបី ក្នុងនោះរួមមានបទមនុស្សឃាតកម្រិតទី២ បទមនុស្សឃាតកម្រិតទី៣ និងបទមនុស្សឃាត ។ តែ លោក ឆូវីន នឹងត្រូវជាប់ឃុំរហូតដល់ត្រូវបានផ្ដន្ទាទោសជាផ្លូវការ ដែលអាចអោយរូបលោកជាប់ពន្ធនាគាររាប់សិបឆ្នាំ ៕ ប្រភព៖ CNA



