កិច្ចប្រជុំពិភាក្សាតុមូល ជាមួយបណ្តាញសភាអន្តរជាតិ សម្រាប់ការអប់រំ (IPNEd)
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំពិភាក្សាតុមូលជាមួយបណ្តាញសភាអន្តរជាតិសម្រាប់ការអប់រំ (International Parliamentary Network for Education (IPNEd)ក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងពិភាក្សាអំពី ទី១៖ ស្ថានភាពវិស័យអប់រំនៅកម្ពុជាក្នុងដំណាក់កាលនៃការរីករាលនៃជំងឺកូវីដ-១៩ និងការកៀរគរហិរញ្ញប្បទានអប់រំ ទី២៖ កំណើននៃចំនួនថវិកាជាតិសម្រាប់វិស័យអប់រំ និងការគាំទ្រធនធានពីមូលនិធិភាពជាដៃគូសាកលសម្រាប់ការអប់រំ និងទី៣៖ សមិទ្ធផលដែលសម្រេចបាន និងផែនការវិនិយោគនាពេលអនាគតសម្រាប់វិស័យអប់រំដែលគាំទ្រដោយមូលនិធិភាពជាដៃគូសាកលសម្រាប់ការអប់រំ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពី ឯកឧត្តម ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងនាយកដ្ឋានជំនាញ រួមជាមួយបណ្ដាប្រទេសដូចជា សហរដ្ឋអាមេរិក សាធារណរដ្ឋកូរ៉េ ប្រទេសជប៉ុន និងសហព័ន្ធ អារ៉ាប់រួមតាមប្រព័ន្ធអេឡិចត្រូនិក។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យបាន ចែករំលែកបទពិសោធន៍ល្អៗ និងបានបង្ហាញអំពីអាទិភាពសំខាន់ៗក្នុងវិស័យអប់រំ និងបានឆ្លុះបញ្ចាំងពីគំនិតនវានវត្តន៍ក្នុងការធ្វើកំណែទម្រង់អប់រំក្នុងទទួលបានជោគជ័យ ជាពិសេសការផ្តល់សេវាអប់រំ និងការកំណត់សកម្មភាពអាទិភាពសំខាន់ៗក្នុងវិស័យអប់រំ ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ-១៩៕ ដោយ -រ៉ាវុធ