សម្តេចតេជោ នឹងចេញដំណើរទៅហ្សាកាតា នៅរសៀល ថ្ងៃទី២៣ មេសា ព្រោះសម្ដេចនឹងត្រូវធ្វើតេស្តរកកូវីដ១៩ ២លើក មុនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ តាមរយៈបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា សម្តេចនឹងចេញដំណើរទៅហ្សាកាតា នៅម៉ោង១៣រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ព្រោះសម្ដេច នឹងត្រូវធ្វើតេស្តចំនួន ២លើក ដើម្បីរកមេរោគកូវីដ១៩ មុននឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងធ្វើឡើងនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈបណ្តាញសង្គម Facebook ថា៖ ដោយសារតម្រូវការនៃវិធានការសុខាភិបាលរបស់ឥណ្ឌូនេសុី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ខ្ញុំសម្រេចចេញដំណើរទៅហ្សាកាតានៅម៉ោង១៣រសៀល ថ្ងៃ២៣ មេសា ២០២១។ ដូចនេះខ្ញុំនឹងត្រូវធ្វើតេស្តនៅថ្ងៃស្អែក ២២ មេសា ២០២១ នៅកម្ពុជា និងធ្វើតេស្តម្តងទៀតនៅឥណ្ឌូនេសុី ថ្ងៃ២៣ មេសា២០២១ ។ សម្តេចតេជោ ហ៊ុន ៣ បានបន្តថា៖ ដើម្បីធានាសុវត្តិភាពសម្រាប់មេដឹកនាំមុនចូលប្រជុំត្រូវធ្វើតេស្តទាំងអស់គ្នារាប់ទាំងប្រធានាធិបតីឥណ្ឌូនេសុីផងដែរ។

សូមរំលឹកថា ដើម្បីធានាសុវត្ថិភាពពីការឆ្លងកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មិនឱ្យមានការជូនដំណើរសម្តេចឡើងយន្តហោះទៅចូលរួមកិច្ចប្រជុំអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី ដូចសព្វដងឡើយ។ សម្តេចបានបញ្ជាក់ថា ក្រោយពេលបញ្ចប់កិច្ចប្រជុំនៅប្រទេសឥណ្ឌូនេស៉ី ថ្ងៃទី២៤ ខែមេសា វេលាម៉ោងប្រមាណ ៩យប់ សម្តេចនឹងហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ដំណើរត្រឡប់មកវិញ ក៏មិនតម្រូវឱ្យមានការទទួលដំណើរ ហើយក៏នឹងមិនមានការធ្វើសន្និសីទព័ត៌មានអ្វីនោះដែរ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner