មេដឹកនាំហ្វីលីពីននឹងមិនទៅប្រជុំអាស៊ាននៅឥណ្ឌូនេស៊ី ដូចមេដឹកនាំថៃដែរ

បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ត្រូវបានគេបង្ហើបថា គ្រោងមិនទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ីនោះ ស្រាប់តែប្រធានាធិបតីហ្វីលីពីនបានលុបចោលការទៅរួមនៅទីនោះដែរ។

លោក Harry Roque អ្នកនាំពាក្យរបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ប្រធានាធិបតីហ្វីលីពីនរូបនេះ មិនអាចចាកចេញទៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ សប្តាហ៍នេះបានឡើយ។

ប្រភពថា លោកឌូតឺតេ ចង់មានវត្តមានក្នុងប្រទេស ដើម្បីគ្រប់គ្រងបញ្ហាជំងឺកូវីដ១៩ ដែលកំពុងឆ្លងខ្លាំង ជិត១លាននាក់។

គួរបញ្ជាក់ថា ក្រៅពីប្រធានាធិបតីហ្វីលីពីននោះ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃចន្ទសប្តាហ៍នេះក៏បានសម្រេចចិត្តមិនទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងហ្សាការតាផងដែរ បើតាមមន្ត្រីរដ្ឋាភិបាល ដោយឲ្យរដ្ឋមន្ត្រីការបរទេសទៅជំនួស។

កិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រារព្ធឡើងនៅចុងសប្តាហ៍នេះ ត្រូវបានគេមើលឃើញថា នឹងក្លាយជាវេទិកាដ៏សំខាន់មួយ ដើម្បីពិភាក្សាស្តីអំពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ហើយលោកអគ្គមេបញ្ជាការយោធា មីង អោង ហ្លេង នឹងបង្ហាញវត្តមាននៅក្នុងកិច្ចប្រជុំនោះ ក្នុងនាំជាមេដឹកនាំមីយ៉ាន់ម៉ា៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner