នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ថ្លែងថា ការស្ថាបនាផ្លូវ ត្រូវគោរព ទៅតាមស្តង់ដាឯកភាព របស់គណៈកម្មការអន្តរក្រសួង។

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យផ្លូវចំនួន១៣ខែ្ស ដែលស្ថាបនាដោយកងវិស្វកម្មលេខ១៧៨ ស្ពាន ថ្នល់ ក្រសួងការពារជាតិ  និងអមដំណើរដោយ ឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា និងជានាយករង នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សឿន រឿត បានឲ្យដឹងថា ចាប់ពីដំណើរការស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប កងវិស្វកម្មលេខ១៧៨ ទទួលស្ថាបនាផ្លូវចំនួន១៣ខ្សែ ចាប់ពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២០ មកដល់ត្រឹមថ្ងៃទី២៦ មេសា កងវិស្វកម្ម ស្ថាបនាមានប្រវែងសរុប២៦ពាន់៥៣១ម៉ែត្រ ។ ឯកឧត្តមក៏បានលើកនូវបញ្ហាមួយចំនួន ដែលក្រុមបច្ចេកទេសមិនទាន់បានឯកភាពកំណត់ឲ្យមានស្តង់ដាតែមួយ ក្នុងការរៀបចំខឿនចិញ្ចើមផ្លូវ ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានអមសង្ខាងផ្លូវ ដែលតម្រូវឲ្យក្រុមការងារធ្វើការរុះរើរៀបចំឡើងវិញ ដោយទុកខឿងឲ្យខ្ពស់ពីផ្លូវតែ០,៨សង់ទីម៉ែត្រ នៅតាមមុខផ្ទះប្រជាពលរដ្ឋក្នុងទីប្រជុំជន ។

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានវាយតម្លៃខ្ពស់ ចំពោះកិច្ចដំណើរការរបស់ការដ្ឋានទាំងអស់ ក្នុងប្រតិបត្តិការណ៍របស់ខ្លួន ប្រកបដោយភាពរលូន ទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកត្រឹមត្រូវ ដែលអាចនឹងរំពឹងទុកថា នឹងមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និង បញ្ចប់តាមផែនការដែលបានគ្រោងទុក  ។  ឯកឧត្តមក៏បានលើកផងដែរថា រាល់សំណូមពរដែលកងវិស្វ កម្ម លេខ១៧៨លើកឡើង និងនាំយកទៅដាក់ជូនកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើមី្បតម្រូវឲ្យមានការគោរពតាមបទដ្ឋានបច្ចេកទេសស្តង់ដាតែមួយ ចៀសវាងការសាងសង់រួច ត្រូវគាស់កកាយជួសជុលឡើងវិញ ដែលនាំឲ្យខាតបង់ថវិកា និងពេលវេលា ។  ឯកឧត្តម ក៏បានធ្វើការណែនាំមួយចំនួន ដល់ក្រុមបច្ចេកទេស លើការរៀបចំខឿនចិញ្ចើមផ្លូវ និងការក្រាលការ៉ូម៉ាត ឲ្យបានត្រឹមត្រូវទៅតាមការណែនាំ របស់ក្រុមបច្ចេកទេស ។ ម៉្យាងទៀតក្នុងការរៀបខឿនចិញ្ចើមផ្លូវនេះ ក៏ក្រុមការងារ មិនត្រូវបំពេញទៅតាមគោលបំណងរបស់ម្ចាស់លំនៅដ្ឋាននីមួយៗនោះឡើយ គឺត្រូវធ្វើទៅតាមការកំណត់របស់គណៈកម្មការអន្តរក្រសួងដែលបានឯកភាព ។

ឯកឧត្តម ក៏បានធ្វើ ការណែនាំ នឹងផ្តាំផ្ញើដល់បងប្អូនកងវិស្វកម្មលេខ១៧៨ ក៏ដូចប្រជាពលរដ្ឋទាំងអស់  ទោះបីបានយើងទទួលការចាក់វ៉ាក់សាំងកូវិដ១៩ក៏ពិតមែន តែត្រូវបន្តគោរពប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា    ៣កុំ ៣ការពារ និង ពីរចូលរួម ព្រមទាំងការណែនាំ វិធានការរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ ជម្ងឺកូវិដ១៩ ៕សុខា រិទ្ធ

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner