មន្ត្រីជាន់ខ្ពស់អាមេរិកបញ្ជាក់ថា កិច្ចព្រមព្រៀងផលិតវ៉ាក់សាំងរបស់ក្រុមប្រទេស Quad សម្រាប់អាស៊ីនៅតែដំណើរការ បើទោះបីជាករណីឆ្លង Covid-19 នៅឥណ្ឌាកើនឡើងខ្លាំង (មានវីដេអូ)

អាមេរិក៖ កិច្ចព្រមព្រៀងមួយរវាងអាមេរិក និងប្រទេសចំនួន៣ទៀតដែលជាដៃគូក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងការផលិតវ៉ាក់សាំងចំនួន១ពាន់លានដូសនៅឥណ្ឌា នៅមុនដំណាច់ឆ្នាំ២០២២ ដើម្បីផ្គត់ផ្គង់ដល់បណ្ដាប្រទេសក្នុងតំបន់អាស៊ី នៅតែបន្តដំណើរការទៅមុខយ៉ាងរលូន បើទោះជាករណីឆ្លង COVID-19 នៅឥណ្ឌាកើនឡើងខ្លាំង នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់នៅថ្ងៃចន្ទម្សិលមិញ ។
ប្រភពបានអោយដឹងថា កិច្ចព្រមព្រៀងផលិតវ៉ាក់សាំង COVID-19 ចំនួន១ពាន់លានដូសខាងលើនេះ ត្រូវបានធ្វើឡើងកាលពីខែមីនាកន្លងទៅ នៅក្នុងកិច្ចប្រជុំសន្តិសុខចតុភាគី ដែលគេស្គាល់ថា ក្វាដ (Quad) ដែលមានប្រទេសជាសមាជិកដូចជាសហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី ។ នៅក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកព្រមព្រៀងថា នឹងផ្ដល់ហិរញ្ញវត្ថុដល់ក្រុមហ៊ុនផលិតឱសថឥណ្ឌា បាយអូឡូជីខល អ៊ី (Biological E) សម្រាប់ការផលិតវ៉ាក់សាំង១ពាន់លានដូសនៅមុនដំណាច់ឆ្នាំ២០២២ ។
ដោយឡែកជប៉ុនក៏បានយល់ព្រមថា នឹងផ្ដល់ប្រាក់កម្ចីជាទឹកប្រាក់ដល់ឥណ្ឌា ដើម្បីពង្រីកសមត្ថភាពផលិតវ៉ាក់សាំងផងដែរ ស្របពេលដែលរដ្ឋបាលរបស់លោក ចូ បៃដិន ធ្លាប់បានសង្កត់ធ្ងន់ថា វ៉ាក់សាំងទាំងនេះនឹងត្រូវបញ្ជូនទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ឬតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោក ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner