បើ​តំណាងរាស្ត្រ​ធ្វើដំណើរ​ទៅកាន់​តំបន់​បិទ​ខ្ទប់ តំបន់​ក្រហម មិនមែន​ជាការ​ទៅ​ជួយ​រាស្ត្រ​ទេ​តែ​ជាការនាំ​ហានិភ័យ​ និងបំពាន​ច្បាប់​

​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែឧសភា​ជាមួយនឹង​រូបថត​ជាច្រើន​សន្លឹក​នៅលើ​បណ្តាញ​សង្គម​គេ​ឃើញ​សកម្មភាព​លោកជំទាវ គឹម សុ​វណ្ណា តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ ​ធ្វើដំណើរ តាម​រថយន្ត​ចែក​បន្លែស្រស់ៗ​ជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ​តាម បណ្តោយ​ផ្លូវ៣៧៦ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​ចំណែក​កាលពី​ព្រឹក​ថ្ងៃទី​២ ខែឧសភា​ម្សិលមិញ​លោកជំទាវ ម៉ាណ ណាវី តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ នៃ​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តាមរយៈ​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ​ចែកជូន​ប្រជាពលរដ្ឋ ខ្វះខាតចំនួន២២៦​គ្រួសារ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ចំនួន៧៤​គ្រួសារ​ទៀត នៅក្នុង​ភូមិ​ព្រែ​កតា​ពៅ​១ សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល។

​ក៏​នៅមាន​សកម្មភាព​របស់​តំណាងរាស្ត្រ​ និង​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ជាច្រើនរូប​ទៀត​បាន​ធ្វើជា​បន្តបន្ទាប់ ក្នុងអំឡុង​ពេលដែល​ប្រជាពលរដ្ឋ​កំពុង​ជួប​ការលំបាក​នៅតាម​ទីកន្លែង​មិនមែនជា​តំបន់​មាន​ហានិភ័យ​ខ្ពស់​ដោយ​ជំងឺ​កូ​វីដ និង​ទទួលបាន​នូវ​ការអនុញ្ញាត​។ ​ចំពោះ​តំបន់​ក្រហម តំបន់​បិទ​ខ្ទប់ គឺ​មិន​អាចធ្វើ​សកម្មភាព​ដូចនេះ​បានទេ​។ ប៉ុន្តែ​សកម្មភាព​ទាំងឡាយ​នោះ ហាក់​ត្រូវបាន​ធ្វើជា​មិនឃើញ​ដោយ​ក្រុម​ជន​ និង​ក្រុម​សង្គម​ស៊ីវិល​ដែលមានគំនិត​ទុច្ចរិត​ធ្វើ​អាជីវកម្ម​នយោបាយ​លើ​ទុក្ខលំបាក​របស់​ប្រជាជន​ និង​និយាយ​មួលបង្កាច់​ការពិតទៅវិញ​។​

ឯកឧត្តម ជិន ម៉ា​លីន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌

​នៅ​ថ្ងៃទី​៣​ខែឧសភា​នេះ ​ឯកឧត្តម ជិន ម៉ា​លីន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​សរសេរនៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា​”​ប៉ុន្មាន​ថ្ងៃនេះ​ឃើញ​គេ​បង្ហោះ​សារ​ជាមួយ​រូបថត​ទាមទារ​ឱ្យ​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ ចុះ​ជួប​សួរសុខទុក្ខ និង​ជួយ​ពលរដ្ឋ​ក្នុង​តំបន់​ក្រហម “​។​ ឯកឧត្តម​បន្តថា ចេះតែ​នឹក​ឆ្ងល់​ចំនួន​៣​ចំណុច​៖
១.តើ​អ្នក​បង្ហោះ​សារ​ទាមទារ​នោះ​សុទ្ធតែ​បាន​បោះឆ្នោតឱ្យ​អ្នកតំណាងរាស្ត្រ​ទាំងនោះ​ដែរឬទេ​ឬមួយ​គ្រាន់តែ ចង់​បន្តុះបង្អាប់​? មិន​ប្រាកដ​ទេ តែ​ទោះជា​យ៉ាងណា​តំណាងរាស្ត្រ​ជាប់ឆ្នោត​គឺ​តំណាងឱ្យ​រាស្ត្រ​ទូទាំងប្រទេស​ដោយ មិនត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​នោះឡើយ​។​
២.នៅក្នុង​តំបន់​ក្រហម វិធាន​រឹតត្បិត​តឹងរ៉ឹង រាល់​ការធ្វើដំណើរ​និង​សកម្មភាព​នានា​ត្រូវបាន​ហាមឃាត់​រួមទាំង តំណាងរាស្ត្រ​ផងដែរ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​-១៩​។ ដូច្នេះ រាល់​ជំនួយ​របស់​តំណាងរាស្ត្រ អាច​ផ្តល់​ឱ្យបាន​តាមរយៈ​ និង​ដោយ​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​អនុវត្ត​វិធាន​ការបិទ​ខ្ទប់​ដែលមាន​សិទ្ធិ​ចេញចូល​ឆ្លងកាត់​តំបន់​ក្រហម​នោះបាន​។​
៣.កន្លងមក​មាន​អង្គការ​សង្គម​ស៊ី​វី​ល​មួយចំនួន​ទាមទារ​ចុះ​ចែក​អំណោយ​ក្នុង​តំបន់​ក្រហម​ដោយ​ខ្លួនឯង​តាមបែប​អ​នាធិបតេយ្យ​តែ​មិនត្រូវ​បានអនុញ្ញាត​នោះទេ ព្រោះ​បំពាន​វិធាន​ការបិទ​ខ្ទប់​។ អង្គការ​សង្គម​ស៊ី​វី​ល​ទាំងនោះ​មិន​ព្រមស្តាប់ តាម​ការណែនាំ​ និង​សហការ​ជាមួយ​សមត្ថកិច្ច​នោះទេ តែ​បែ​ជា​ធ្វើការ​រិះគន់​ និង​ចោទប្រកាន់​សមត្ថកិច្ច​ទៅវិញ​។ អត់​យល់​!​។​

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​

​ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​បាន​មានប្រសាសន៍ប្រាប់ AMS​នៅ​រសៀលថ្ងៃទី​៣​ខែឧសភា​នេះ​ថា ​ការទាមទារ​របស់​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​តូច​ឱ្យ​តំណាងរាស្ត្រ​ក្នុង​មណ្ឌល​ភ្នំពេញ​ចុះសួរសុខទុក្ខ និង​ពិនិត្យមើល​លើ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​បិទ​ខ្ទប់​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ គឺជា​ការមិន​ត្រឹមត្រូវ​។​តំណាងរាស្ត្រ​បាន​ចូលរួម​ជា​ថវិកា​ក្នុង​ការចាក់​វ៉ាក់សាំង​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ជាមួយ​រាជរដ្ឋាភិបាល​រួចហើយ ហើយ​រាជរដ្ឋាភិបាល​ធ្វើ​នេះ គឺ​ត្រឹមត្រូវ​អស់ហើយ​។ ជា​ស្មារតី​នៃ​ច្បាប់ ក៏ដូចជា​ស្មារតី​វិធានការ​របស់​រដ្ឋាភិបាល គឺ​ទប់ស្កាត់​កុំ​ឲ្យ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ និង​ទប់ស្កាត់​ដោយ​វិធានការ ផ្សេងៗ រួមទាំង​ការបិទ​ខ្ទប់​តំបន់​មួយចំនួន និង​ចាត់ជា​តំបន់​ក្រហ​កម លឿងទុំ និង​ពណ៌​លឿង សមស្រប​តាមច្បាប់​ដែល​បានអនុញ្ញាត​ហើយ​។​

​អ្នកនាំពាក្យ​រដ្ឋសភា​បាន​បន្តថា ជា​ស្មារតី​ជៀសវាង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដូច​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា អ្នកណា​នៅផ្ទះ​ណា​នៅផ្ទះ​នឹង នៅ​ភូ​មិណា​នៅ​ភូមិ​នឹង​ហើយ​សំខាន់​ដើម្បី​រាំងខ្ទប់ ការរីក​រាលដាល​កូ​វីដ​១៩ គឺ​ល្អ​បំផុត​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់ ប្រជាពលរដ្ឋ​គឺ​ត្រូវតែ​នៅផ្ទះ​។ ចំពោះ​តំណាងរាស្ត្រ​ចុះទៅ​គឺ​ខុសពី​ស្មារតី​នៃ​ច្បាប់​ហើយ​បើ​តំណាងរាស្ត្រ​ចុះទៅ​ជួប​ប្រជាពលរដ្ឋនៅក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​នេះ គឺ​មិនមែនជា​ការជួយ​ទេ តែ​ទៅ​បន្ថែម​ហានិភ័យ​។

​ម្យ៉ាងទៀត​រាជរដ្ឋាភិបាល​បាន​ចាត់ចែង​ជួយ​ផ្គត់ផ្គង់​ជួយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​មិន​ឲ្យ​អ្នកណា​ស្លាប់​ដោយ​អត់​បាន​នៅពេលនេះ​ទេ​។ គឺមាន​សេវា​លក់ដូរ​ទាំង​ខាង​រដ្ឋាភិបាល និង​ឯកជន និង​ចែក​អង្ករ​និង​គ្រឿងឧបភោគ​បរិភោគ​ទៅ ដល់​ប្រជាពលរដ្ឋ ហើយ​យើង​មិនគួរ​ទៅ​ប្រមូលផ្តុំ​ចែក​អំណោយ​ដោយ​ឲ្យ​មាន​ហានិភ័យ​បន្ថែមទៀត​ទេ គឺ​ខុសពី​ស្មារតី​ច្បាប់​។ ហេតុនេះហើយ​បានជា​តំណាងរាស្ត្រ​រង់ចាំ​ពេលវេលា​សមស្រប​ចុះទៅ​ជួយ​ប្រជាពលរដ្ឋ ហើយ​មិន​បោះបង់​ប្រជាពលរដ្ឋ​ចោល​ទេ​។ នៅពេលនេះ​តំណាងរាស្ត្រ​គិតថា វិធានការ​របស់​រដ្ឋា​ភិ​បាល​ត្រឹមត្រូវ និង​គ្រប់​ជ្រុងជ្រោយ ហេតុនេះ​តំណាងរាស្ត្រ​បាន​ត្រៀមខ្លួន​ចុះទៅ​ជួប​ប្រជាពលរដ្ឋ​នៅពេល​សមស្រប​។​

​លោកជំទាវ ឡោក ខេង តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​

​រីឯ​លោកជំទាវ ឡោក ខេង តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​បាន​បញ្ជាក់ថា តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ ប៉ុន្តែ​មិនអាច​យក​អភ័យឯកសិទ្ធិ​នេះ​ទៅ​រំលោភ​លើ​វិធាន​សុខាភិបាល​វិធាន​រដ្ឋបាល​ឬ​វិធាន​នានា ដែល​ធ្វើឱ្យប៉ះពាល់​ដល់សណ្តាប់ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ​ឡើយ​។ គឺមាត្រា​៥ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​។ ប៉ុន្តែ​តំណាងរាស្ត្រ​មាន​សិទ្ធិ​តាមដាន​ការអនុវត្ត​របស់រាជរដ្ឋាភិបាល៕
ដោយៈ​ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner