ប្រមុខការទូតអាមេរិកអះអាងថា ពិភពលោកចាំបាច់ត្រូវតែបង្កើនល្បឿនចាក់វ៉ាក់សាំង ដើម្បីយកឈ្នះលើវីរុស Covid-19 បំប្លែងខ្លួនថ្មី
អាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខែន (Antony Blinken) បញ្ជាក់ថា ពិភពលោកចាំបាច់ត្រូវតែបង្កើនល្បឿនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សំដៅយកឈ្នះលើវីរុសបំប្លែងខ្លួនថ្មី ហើយសហរដ្ឋអាមេរិកនឹងស្វះស្វែងរកមធ្យោបាយគាំទ្របន្ថែម ។
ថ្លែងក្នុងបទសម្ភាសន៍មួយ ជាមួយទូរទស្សន៍ MSNBC កំឡុងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក ប្លីនខែន បានសង្កត់ធ្ងន់ថា បើសិនជាពិភពលោកទាំងមូលមិនប្រឹងប្រែងបន្ថែមទេ នោះពិភពលោកនឹងមិនត្រូវបានចាក់វ៉ាក់សាំងឡើយរហូតដល់ឆ្នាំ២០២៤ ហើយថា យើងអាចបង្កើនល្បឿនចាក់វ៉ាក់សាំង និងអាចធ្វើវាបាន ហើយលោកគិតថា អាចធ្វើវាក្នុងរយៈពេលដ៏ខ្លីទៀតផង ។
សូមជម្រាបថា សហរដ្ឋអាមេរិកបានសន្យាថា នឹងចែករំលែកវ៉ាក់សាំងអាស្រ្តាហ្សេណេកាចំនួន៦០លានដូសជាមួយបណ្ដាប្រទេសផ្សេង ហើយកាលពីថ្ងៃពុធសប្ដាហ៍នេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏បានប្រកាសគាំទ្រផងដែរចំពោះការលើកលែងប៉ាតង់ ឬសិទ្ធិផ្ដាច់មុខផលិតវ៉ាក់សាំង COVID-19 ៕ ប្រភព៖ CNA


