ផែនការចាក់វ៉ាក់សាំងៈកម្ពុជារៀបចំជា៣ជំហានអនុលោម​តាម​អភិក្រម «​ផ្កា​រីក​»​ចាប់ផ្តើម​ចេញពី​រាជធានី​ភ្នំពេញ​

ភ្នំពេញៈរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំជាស្រេចហើយនូវផែនការចាក់​វ៉ាក់សាំង​បង្កើត​ភាពស៊ាំ​នៅក្នុង​តំបន់​អាទិភាព​ខ្ពស់​នឹងត្រូវ​រៀបចំ​ឡើងជា៣ជំហាន អនុលោម​តាម​អភិក្រម «​ផ្កា​រីក​» ​ចាប់ផ្តើម​ចេញពី​រាជធានី​ភ្នំពេញ​ដែលជា​បេះដូង​នៃប្រទេស។ នៅក្នុង​ឆ្នាំ​២០២១ រាជរដ្ឋាភិបាលមានគម្រោងចាក់​វ៉ាក់សាំង​សម្រាប់​តំបន់​អាទិភាព​ខ្ពស់​ និង​តំបន់​អាទិភាព​មធ្យម​​ដែល​គ្រ​ប់ដ​ណ្តប់​លើ​រាជធានី​ខេត្ត​ចំនួន២៥ ស្មើ​នឹង​៧០​ក្រុង​/​ស្រុក ដែលមាន​មនុស្សសរុបប្រមាណ ៤.៩៤០.០០០ នាក់​ និង​ត្រូវការ​វ៉ាក់សាំង​ប្រមាណ ៩,៩ លាន​ដូ​ស។ នេះបើយោង តាម«​ផែនការ​យុទ្ធសាស្ត្រ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​រឹង​-១៩​ សំដៅ​បង្កើត​ឲ្យ​បាន​នូវ​ភាពស៊ាំ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា​ក្នុង​ឆ្នាំ២០២១»​ ដែលបានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃទី៦ខែឧសភាឆ្នាំ២០២១។

ប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សាំង នាពេលកន្លងទៅ (រូបឯកសារ)

នៅក្នុង​«​ផែនការ​យុទ្ធសាស្ត្រ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​រឹង​១៩ ​សំដៅ​បង្កើត​ឲ្យ​បាន​នូវ​ភាពស៊ាំ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២១»​ បានបរិយាយថា រាជរដ្ឋាភិបាល​បានកំណត់​នូវជំហាន​នៃ​ការចាក់​វ៉ាក់សាំង​សម្រាប់​តំបន់​អាទិភាព​ខ្ពស់​យោងតាម​ផែនការ​លទ្ធកម្ម​វ៉ាក់សាំង​ជា​ធរមាន។ ប្រទេស​កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​វ៉ាក់សាំង​បន្ថែម ៧លាន​ដូ​ស​ពី​ខែឧសភា ដល់​ខែកក្កដា និង២,៥ លាន​ដូ​ស​ទៀត​ពី​ខែសីហាដល់ខែកញ្ញា។ វ៉ាក់សាំង​ដែល​រំពឹង ថា​នឹង​ទទួលបាន​នេះ​មាន​ចំនួន​គ្រប់គ្រាន់​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​«​យុទ្ធនាការ​ជាតិ ចាក់​វ៉ាក់សាំង​បង្ការ​ជំ​ង​កូដ​-១៩ ​នៅ​តំបន់​អាទិភាព​ខ្ពស់​សំដៅ​បង្កើត​ឲ្យ​បាន​នូវ​ភាពស៊ាំ​សង្គម​សេដ្ឋកិច្ច​នៅ​កម្ពុជា​នៅក្នុង​ឆ្នាំ​២០២១»។

​ផ្អែកលើ​មូលដ្ឋាន​នេះ​និង​ដោយយោង​លើ​លទ្ធផល​នៃ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កន្លងមក​,​ការចាក់​វ៉ាក់សាំង​បង្កើត​ភាពស៊ាំ​នៅក្នុង​តំបន់​អាទិភាព​ខ្ពស់​នឹងត្រូវ​រៀបចំ​ឡើងជា៣ជំហាន អនុលោម​តាម​អភិក្រម «​ផ្កា​រីក​» ​ចាប់ផ្តើម​ចេញពី​រាជធានី​ភ្នំពេញ​ ដែលជា​បេះដូង​នៃ​ប្រទេស​ហើយ​ពង្រីក​ចេញទៅ​តាម​ភាព​សំខាន់​នៃ​តំបន់ និង​ភាព​ប្រទាក់ក្រឡា​គ្នា​នៃ​សង្គម​-​សេដ្ឋ កិច្ច​នៅក្នុង​តំបន់​អាទិភាព​ខ្ពស់​ទាំងអស់​ដូចខាងក្រោម៖

-​ជំហាន​ទី​១-​ពី​ខែឧសភា​ដល់​ពាក់កណ្តាល​ខែកក្កដា​ឆ្នាំ​២០២១៖​ ផ្តោតលើ​ក្រុម​ប្រជាជន​ទាំងអស់​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង ​ដែល​ធ្វើការ​និង​រស់នៅក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កណ្តាល​ទាំងមូល​(គ្របដណ្តប់​ប្រមាណ ២៥ ក្រុង​/​ស្រុក​/​ខណ្ឌ​) ដែលមាន​ចំនួន​សរុប​ជិត២,៥ លាន​នាក់​ និង​ត្រូវការ​វ៉ាក់សាំង​ចំនួន​ជិត៥លាន​ដូ​ស។​

-​ជំហាន​ទី​២-​ពី​ពាក់កណ្តាល​ខែកក្កដា ដល់​ខែកញ្ញា ឆ្នាំ២០២១៖​ ផ្តោតលើ​ក្រុម​ប្រជាជន​ចាប់ពី​អាយុ១៨ឆ្នាំ​ឡើង ​ដែល​ធ្វើការ និងរស់នៅក្នុង​ខេត្ត​ចំនួន១១​គ្របដណ្តប់​៣៣​ក្រុង​/ ស្រុក​( តាកែវ​, កំពង់ស្ពឺ​, កំពង់ឆ្នាំង កំពង់ ចាម​, ព្រៃវែង​, ក្រុងព្រះសីហនុ​, ស្វាយរៀង​, សៀមរាប​, បន្ទាយមានជ័យ​, កែប និងសំពត់) ដែលមាន​ចំនួន​សរុប​ជាង២​លាន​នាក់ និងត្រូវការ​វាក់​សាំង​ចំនួន​ជាង៤លាន​ដូ​ស។​

-​ជំហាន​ទី​៣-​ពី​ខែតុលា ដល់​ខែវិច្ឆិកា ឆ្នាំ​២០២១៖​ផ្តោតលើ​ក្រុម​ប្រជាជន​ចាប់ពី​អាយុ​១៨ឆ្នាំ​ឡើង ​ដែល​ធ្វើការ និងរស់នៅក្នុង​ខេត្ត​ចំនួន១២ គ្របដណ្តប់១២ ក្រុង​/​ស្រុក​(​កោះកុង​, ឧ​ត្ត​រ​មានជ័យ​, ប៉ៃលិន​, ពោធិ៍សាត់​, បាត់ដំបង​, ស្ទឹងត្រែង​, ត្បូងឃ្មុំ​, រតនគីរី​, ព្រះវិហារ​, កំពង់ធំ​, ក្រចេះ និងមណ្ឌល​គី​រី​) ដែលមាន​ចំនួន​សរុប​ជាង ៤,៤ សែន​នាក់ និង​ត្រូវការ​វាក់​សាំង​ចំនួន​ប្រមាណ៩សែន​ដូ​ស។​

​ដោយសារ​វាក់​សាំង​ដែល​រំពឹងថា ​នឹង​មកដល់​កម្ពុជា​នៅក្នុង​ខែឧសភា និងមិថុនា​មាន​ចំនួន​លើសពី​តម្រូវការ​ជាក់ស្តែង​សម្រាប់​ប្រើប្រាស់​នៅក្នុង​ជំហាន​ទី​១,​ការចាក់​វ៉ាក់សាំង​ជំហាន ទី២​នៅ តំបន់​មួយចំនួន​ដែលមាន​ការផ្ទុះ​រីក​រាលដាល​ខ្លាំង​ដូចជា ក្រុងព្រះសីហនុ និង​ក្រុង​ប៉ោយប៉ែត ឬ នៅ​តំបន់​ដែលមាន​សក្តានុពល​សេដ្ឋកិច្ច​ខ្ពស់​ដូចជា ក្រុង​សៀមរាប​, បាវិត និង កែប ក៏​អាច​នឹង​ចាប់ផ្តើម​ទន្ទឹមគ្នា​នឹង​ជំហាន​ទី១ ផងដែរ ​អាស្រ័យ​លើ​លទ្ធភាព ​និង​សមត្ថភាព​នៅក្នុង​ការរៀប​ចំ​ចាត់ចែង​កម្លាំង​ដើម្បី​អនុវត្ត។ រីឯ​តំបន់​ដទៃទៀត​ដែល​មិនបានរៀបរាប់​មុននេះ​អាច​នឹងត្រូវ​ចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទៅតាម​ការកំណត់​ខាងលើ​ គឺ​ពី​ពាក់កណ្តាល​ខែកក្កដា​ដល់​ខែកញ្ញា ឬ​អាច​ចាប់ផ្តើម​លឿន​ជាង​កាលកំណត់​ក្នុងករណី ដែល​ការចាក់​វ៉ាក់សាំង​នៅក្នុង​ជំហាន​ទី១ ចប់​បាន​លឿន ​និង​មាន​នៅសល់​វ៉ាក់សាំង​សម្រាប់​ចាក់​បន្តទៀត។​

​គួរបញ្ជាក់​បន្ថែមថា​ជាគោលការណ៍​ការកំណត់​នូវ​ជំហាន និងថិរវេលា​ខាងលើនេះ​មាន​លក្ខណៈ​ជាការ​ចង្អុលបង្ហាញ​ដើម្បី​ងាយ​ប៉ាន់ប្រមាណ​លទ្ធភាព​ក្នុងការ​អនុវត្ត​ប៉ុណ្ណោះ។ ដោយឡែក​ការអនុវត្ត​ជាក់ស្តែង​អាចមាន​វិសាលភាព និង​ល្បឿន​ខុសពីជំហាន និងថិរវេលា​ចង្អុលបង្ហាញ​ខាងលើ​អាស្រ័យ​លើ​សមត្ថភាព​ក្នុងការ​អនុវត្ត​ផែនការ​ចាក់​វ៉ា​ក់សាំង ​​និង​ម្យ៉ាងទៀត​លើ​បរិមាណ​និង​ល្បឿន​នៃ​ការទទួលបាន​វ៉ាក់សាំង។ ជា​គោលដៅ​រួម​សម្រាប់​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​នៅក្នុង​តំបន់​អាទិភាព​ខ្ពស់​នេះ​ គឺ​ត្រូវ​សម្រេច​ឱ្យបាន​នៅក្នុង​ឆ្នាំ ២០២១នេះ​ កាន់តែ​ឆាប់​កាន់តែ​ប្រសើរ។

ដោយឡែក​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ចាប់ពី​អាយុ១៨ឆ្នាំ​ឡើង ​ដែល​ធ្វើការ និងរស់នៅក្នុង​តំបន់​អាទិភាព​មធ្យម និង​ទាប​នឹងត្រូវ​រៀបចំ​លម្អិត​ទៅតាម​ក្រោយ​ដោយ​អាស្រ័យ​លើ​ផែនការ​នៃ​ការបញ្ជាទិញ​វ៉ាក់សាំង និង ការវិវឌ្ឍ​នៃ​ជំងឺ​កូ​វីដ​- ១៩ ក៏ដូចជា​អាស្រ័យ​លើ​លទ្ធផល​នៃ​ការអនុវត្ត​យុទ្ធនា ការ​ជាតិ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ចាប់ពី​អាយុ១៨ឆ្នាំ​ឡើង ដែល​ធ្វើការ និង រស់នៅក្នុង​តំបន់​អាទិភាព​ខ្ពស់។

គួររំលឹកថា គិតត្រឹមថ្ងៃទី៥ខែឧសភា ប្រជាជនកម្ពុជាដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចមានចំនួន១.៥៦៥.២៩២នាក់។ ក្នុងនេះការចាក់លើកទី១ ចំនួន ១.៥៦៥.២៩២ នាក់,ចាក់លើកទី២ចំនួន១.០៤៣.៦៩១នាក់។ ក្នុងនេះការចាក់វ៉ាក់សាំងជូនអ្នករស់នៅតំបន់ក្រហមចំនួន១៩៦.០៦៦នាក់។ ក្នុងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ បានជម្រាបទៅគណៈអភិបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបន្តសម្របសម្រួល និងផ្ដល់ការគាំទ្រចាំបាច់នានាដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់ សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងស្ថាប័នពាក់ព័ន្ធនានា ក្នុងការជំរុញការអនុវត្ត “យុទ្ធនាការជាតិចាក់វ៉ាក់សាំង ” ការពារជំងឺកូវីដ-១៩ ឱ្យបានលឿន និងឆាប់រហ័ស ក្នុង រយៈពេលដ៏ខ្លី សម្រាប់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅឱ្យបានគ្រប់រូប នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទីប្រជុំជនធំៗនៃខេត្តកណ្តាលដែលមានមនុស្សច្រើនកុះករ ធ្វើការ និងរស់នៅ ដោយធានាឱ្យបាននូវរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អ ដើម្បីបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលកិច្ចដំណើរការនេះ។ ទន្ទឹមនេះ គណៈអភិបាលនៃបណ្តាខេត្តផ្សេងទៀត ក៏ត្រូវត្រៀមលក្ខណៈដូចគ្នានេះផងដែរ ដើម្បីចូលរួមជំរុញការអនុវត្ត “យុទ្ធនាការជាតិចាក់វ៉ាក់សាំង” ការពារជំងឺកូវីដ-១៩ ឱ្យបានលឿន ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព សម្រាប់ភូមិសាស្ត្រដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួននាពេលដ៏ខ្លីខាងមុខនេះ៕
ដោយៈជម្ពូនុទ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner