កម្ពុជាសម្ពោធ ការនាំផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិនជាផ្លូវការ
កម្ពុជានាពេលកន្លងមកបាននាំផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិនមួយរយៈពេលមកហើយ ប៉ុន្តែការនាំចេញនោះគឺមិនទាន់ទទួលការអនុញ្ញាតជាផ្លូវការពីប្រទេសចិននៅឡើយទេ ដោយអាចនាំចេញបានទៅកាន់តំបន់មួយចំនួនតូចប៉ុណ្ណោះ។ ប៉ុន្តែនោះថ្ងៃទី៧ ឧសភាឆ្នាំ២០២១នេះ ភាគីគយរបស់ប្រទេសចិន បានអនុញ្ញាតឲ្យនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនជាផ្លូវការ។ ពិធីសម្ពោធការនាំផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ឧសភា នៅទីស្នាក់ការក្រុមហ៊ុន ហ៊ុន ទី ដែលមានទីតាំងស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មនិងលោក Wang Wentain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិត តាមរយ:ប្រពន្ធ័វីដេអូ Zoom ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ពន្ធ័ និងអគ្គនាយក អគ្គនាយិកាក្រុមហ៊ុននាំមុខធំៗ មួយចំនួនទៀត។
ក្នុងថ្ងៃសម្ពោធដំបូងនេះ ក្រុមហ៊ុន ហ៊ុន ទី បាននាំផ្លែស្វាយស្រស់ចំនួន៨០តោនទៅកាន់ប្រទេសចិន។ ក្នុងឳកាសនោះ លោក Wang Wentain ឯកអគ្គរដ្ឋទូតចិន បានសម្ដែងការអបអរចំពោះសមិទ្ធផលថ្មីមួយទៀតដែលប្រទេសទាំងពីរចិន និងកម្ពុជា សម្រេចបាន ដែលបញ្ជាក់ឲ្យឃើញពីការវិវឌ្ឍន៍រីកចម្រើនលើ វិស័យកសិ-ពាណិជ្ជកម្ម ក្នុងបរិបទដែលកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងយ៉ាងពេញសមត្ថភាពជាមួយជំងឺឆ្លងកូវីដ-១៩។ លោកឯកអគ្គរដ្ឋទូតបានបន្តថា កិច្ចសហការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរលើគ្រប់វិស័យ និងជាពិសេសវិស័យកសិកម្ម បាននិងកំពុងមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ជាក់ស្តែងកសិផលកម្ពុជា ជាពិសេសផលិតផលផ្លែចេកអំបូងលឿងស្រស់កម្ពុជាត្រូវបាននាំចេញទៅកាន់ទីផ្សារចិន ហើយបរិមាណនាំចេញហក់ឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។ លោកបង្ហាញក្ដីជឿជាក់ថា ផលិតផលផ្លែស្វាយស្រស់កម្ពុជាក៏នឹងមានវាសនាដូចផ្លែចេកអំបូងលឿងផងដែរនាពេលអនាគតដ៏ខ្លីខាងមុខ។
សមិទ្ធផលទាំងនោះ ប្រាកដជានឹងចូលរួមចំណែកផ្តល់ឱកាសឲ្យកសិផលកម្ពុជា ធ្វើដំណើរទៅកាន់ទីផ្សារចិនដោយត្រង់ ដែលសកម្មភាពនេះពិតណាស់នឹងចូលរួមលើកកម្ពស់តម្លៃបន្ថែមកសិផល ពង្រីក និងពង្រឹងខ្សែច្រវាក់ផលិតកម្មដំណាំស្វាយ បង្កើតការងារ បង្កើនប្រាក់ចំណូល និងរក្សាសុខភាពសេដ្ឋកិច្ចគ្រួសារកសិករ និងក្រុមហ៊ុនវិនិយោគក្នុង និងក្រៅប្រទេស។ ក្នុងឳកាសនោះ លោករដ្ឋមន្ត្រីវេង សាខុន បានថ្លែងអំណរគុណចំពោះអគ្គរដ្ឋបាលគយ ស្ថានទូតចិន ជាពិសេសរដ្ឋាភិបាលចិន ដែលបានពិនិត្យ និងវាយតម្លៃលើគុណភាព និងលក្ខខណ្ឌតម្រូវភូតគាមអនាម័យលើផលិតផលផ្លែស្វាយកែវរមៀតកម្ពុជា ហើយឈានទៅសម្រេចអនុញ្ញាតជាផ្លូវការឲ្យផលិតផលផ្លែស្វាយស្រស់នាំចេញទៅកាន់ទីផ្សារចិនជាផ្លូវការ។
លោករដ្ឋមន្ត្រីបានបន្តថា វិស័យផលិតកម្មស្វាយស្រស់នឹងត្រូវបានលើក កម្ពស់ និងមានតម្លៃផ្នែកសេដ្ឋកិច្ច និងទីផ្សារជាបណ្តើរៗ ជាពិសេសនឹងស្រូបយកពលកម្មក្នុងស្រុកបានកាន់តែច្រើនផែមទៀត បង្កើតការងារ តម្លៃបន្ថែម និងប្រាក់ចំណូល។ល។ ឆ្លៀតយកឱកាសនោះរដ្ឋមន្ត្រី បានអំពាវនាវឲ្យវិស័យឯកជនចូលរួម និងសហការឲ្យបានពេញលេញគ្រប់ខ្សែច្រវាក់ផលិតកម្មទាំងអស់ ធ្វើយ៉ាងណាច្បាមយកឱកាសមាសដែលកំពុងមានក្នុងដៃឲ្យបាន ដើម្បីជាប្រយោជន៍ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្មហើយសង្ឃឹមថាកសិផលកម្ពុជាផ្សេងៗទៀត នឹងមានឱកាសបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។
លោករដ្ឋមន្ត្រី បានធ្វើការណែនាំបន្ថែមចំពោះក្រុមហ៊ុនម្ចាស់ចម្ការ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្មអនុវត្តវិធានបច្ចេកទេស លក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីចិន ធ្វើយ៉ាងណាឲ្យការនាំចេញផលិតផលផ្លែស្វាយស្រស់ប្រកបដោយនិរន្តរភាព៕