​រាជរដ្ឋាភិបាល៖មានកត្តា​ហានិភ័យ​ធំៗ​​៣​ក្នុងពេលអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​

​ភ្នំពេញៈរាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​«​ផែនការ​យុទ្ធសាស្ត្រ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​រឹង​-១៩​ សំដៅ​បង្កើត​ឲ្យ​បាន​នូវ​ភាពស៊ាំ​សង្គម​-​សេដ្ឋកិច្ច​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២១» ដែល​រៀបចំឡើង​ដោយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​នៅក្នុង​ខែឧសភា២០២១។ ជាមួយ​ផែនការ​នេះ​ រាជរដ្ឋាភិបាល​ក៏បាន​ព្យាករណ៍​ផងដែរ​នូវ​កត្តា​ហានិភ័យ​ធំៗ​ចំនួន​៣​សម្រាប់ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​នេះ។​

ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​-១៩ សំដៅ​បង្កើត​ឲ្យ​បាន​នូវ​ភាពស៊ាំ​សហគមន៍​នៅក្នុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ គឺជា​វិធានការ​យុទ្ធសាស្ត្រ​គន្លឹះ​ដ៏​មានប្រសិទ្ធភាព​មួយ​ដែល​ត្រូវអនុវត្ត​គួបផ្សំ​ជាមួយ នឹង​វិធានការ​ចាំបាច់​ផ្សេងទៀត​ជាពិសេស​វិធានការ​៣-​កុំ និង​៣-​ការពារ ដើម្បី​ធានា​ឲ្យ​កម្ពុជា​អាច​បន្តដំណើរ​អភិវឌ្ឍ​ទៅមុខ​លើ​គន្លងនៃ “​ប្រក្រតីភាព​ថ្មី​»។

ទាក់ទងនឹងផែនការនេះ រាជរដ្ឋាភិបាលក៏បានប្រមើមើលដែរថា ​រាល់​ការ​ឈានទៅ​សម្រេចបាន​ជោគជ័យ​វា​ក៏មាន​កត្តា​ហានិភ័យ​ដែល​អាច​បង្ក​ឲ្យ​មាន​ភាពបរាជ័យ​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នេះ​ផងដែរ។ ភាពមិនប្រាកដប្រជា និងការវិវត្ត​លឿន​នៃ​ជំងឺ​កូ​វីដ​-១៩ រួមជាមួយ​នឹង​ភាព​មាន​កម្រិត​ និង​ភាពស្មុគស្មាញ​នៃ​ការផ្គត់ផ្គង់​វ៉ាក់សាំង​អាច​បង្ក​ជា​ហានិភ័យ​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដោយ​ផ្ទាល់ ឬដោយ​ប្រយោល​ដល់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង។ ការ​ណ៍នេះ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​ភាពបុរេស​កម្ម​ដោយ​ត្រូវ​កំណត់ និងគ្រប់គ្រង​ហានិភ័យ​ធំៗ ដែល​អាច​បង្ក​ឲ្យ​មាន​ភាពបរាជ័យ​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នេះ។ ជារួម​កត្តា​ហានិភ័យ​ធំៗ​ចំនួន៣ សម្រាប់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​នេះ​ត្រូវ​បានកំណត់​ដូចខាងក្រោម៖

១).​ការទទួលបាន​វ៉ាក់សាំង​មិន​គ្រប់​តាម​តម្រូវការ ភាព​មាន​កម្រិត​នៃ​ការផ្គត់ផ្គង់​វ៉ាក់សាំង និងតម្រូវការ​ខ្ពស់​ពី​បណ្តា​ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោក​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ ក្នុងការ​ទទួលបាន​វ៉ាក់សាំង​ដើម្បី​បំពេញតម្រូវការ​ជាក់ស្តែង​របស់​កម្ពុជា។ បន្ថែម​លើ​នេះ​ភាពស្មុគស្មាញ​នៃ​បញ្ហា​បច្ចេកទេស​ក្នុងការ​គ្រប់គ្រង និងផ្គត់ផ្គង់​វ៉ាក់សាំង​ក៏​អាច​បង្ក​ឲ្យ​មានភាពយឺតយ៉ាវ​ក្នុងការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នេះ​ឲ្យ​សម្រេចបាន​នៅក្នុង​ឆ្នាំ២០២១ យ៉ាង​ឆាប់​តាមតែ​អាចធ្វើ​បាន​ផងដែរ។ ការណ៍​នេះ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​ខិតខំ​ធានា​រកប្រភព​សម្រាប់​ទិញ​ និង​ផ្គត់ផ្គង់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ ​និង​តាម​កាលកំណត់​ព្រមទាំង​ខិតខំ​កសាង​សមត្ថភាព​សម្រាប់​ត្រៀម​ដោះស្រាយ​បញ្ហា​បច្ចេកទេស​នានា​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​,​ការបែងចែក​,​ការដឹកជញ្ជូន និងការថែរក្សា​វាក់​សាំង​ជាដើម​ដែល​អាច​កើតមានឡើង​ជាយថាហេតុ។ យ៉ាងណាមិញ​,​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់​រាជ​រដ្ឋា​ភិបាល​ក្នុងការ​ចាប់យក​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​មិត្ត​ចិន​ធ្វើជា​ស្នូល​សម្រាប់​ការ​ស្វះ​ស្វែងរក​ទិញ​វាក់​សាំង និងទទួលបាន​ជំនួយ​វ៉ាក់សាំង​បានក្លាយ​ជា​កត្តា​គន្លឹះ​មួយ​ដ៏​សំខាន់​ផងដែរ ដែល​អាចជួយ​ដោះស្រាយ​ហានិភ័យ​នៃ​ការខ្វះ​វ៉ាក់សាំង និងការផ្គត់ផ្គង់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់គ្រាន់​ និង​ទាន់ពេល។​

២).​សមត្ថភាព​ក្នុងការ​អនុវត្ត​ផែន​ការចាក់​វ៉ាក់សាំង​៖​ចំនួន​ដ៏​ច្រើន​នៃ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទទួលបាន​ការចាក់​វ៉ាក់សាំង និងរយៈពេល​ខ្លី​នៃ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​អាច​បង្ក​ឲ្យមាន​បញ្ហា​ប្រឈម​និង​ភាពខ្វះខាត​នូវ​សមត្ថភាព ​ស្ថាប័ន​ និង​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ ​ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ប្រកប ដោយ​ប្រសិទ្ធភាព ​និងទាន់ពេល ។ ការណ៍​នេះ​ទាមទារ​នូវ​ការត្រៀម​រៀបចំ​ឲ្យ​បានល្អ​នូវ​ផែនការ​លម្អិត​សម្រាប់​អនុវត្តក្នុង​គ្រប់​ទិដ្ឋភាព និងការ​កៀរគរ​ក៏ដូចជា​ការប្រើប្រាស់​កម្លាំង​សរុប និងមធ្យោបាយ សរុប​របស់​ជាតិ​ដើម្បី​ចូលរួម​អនុវត្ត​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​នេះ​ឲ្យ​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់បំផុត​។​

៣).​ការកើតឡើង ឬការឆ្លង​ចូលមក​កម្ពុជា​នូវ​ស​កូ​វីដ​-១៩​បំប្លែង​ថ្មី៖ ប្រភេទ​វីរុស​បំប្លែង​ថ្មី​គឺជា​ក្តីបារម្ភ​មួយ​ដែល​អាចធ្វើ​ឲ្យ​វ៉ាក់សាំង​ដែលមាន​ស្រាប់​បច្ចុប្បន្ននេះ បាត់បង់ ឬក៏​លែង មាន​ប្រសិទ្ធភាព។ ការណ៍​នេះ​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ដល់​ការតាមដាន​នូវ​ស្ថានការណ៍​វិ​វ​ឌ្ឍ​នៅតាម​បណ្តា​ប្រទេស ដែល​បាននិងកំពុង​ទទួលរងឥទ្ធិពល​ខ្លាំង​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វី​៨-១៩ និង​រឹតបន្តឹង​វិធានការ​សុខាភិបាល​ក៏ដូចជា​វិធានការ​ពាក់ព័ន្ធ​ផ្សេងទៀត​ពិសេស ការគ្រប់គ្រង​ឲ្យ​បាន​ម៉ត់ចត់​លើ​ការចេញ​-​ចូល របស់មនុស្ស និងទំនិញ​ដែល​អាចមាន​ហានិភ័យ​នៃ​ការចម្លង​ជំងឺ​កូ​វី​៨-១៩ នៅតាម​ច្រកទ្វារព្រំដែន​អន្តរជាតិ និងការអនុវត្ត​ដោយ​ម៉ឺងម៉ាត់​នូវ​វិធាន​ច​ត្តា​ឡី​ស័ក​ជាដើម​ដើម្បី​បញ្ចៀស​ឱ្យបាន​នូវ​ការនាំ​ចូល​ជំងឺ​កូ​វី​៦-១៩ ប្រភេទ​ថ្មី​ណាមួយ​ដែល​អាច​ចម្លង​បន្ត​ទៅដល់​សហគម​ន៍ក​ម្ពុ​ជា។​

​គិត​មក​ត្រឹម​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ ២០២១ ប្រជាជន​កម្ពុជា​ចំនួន១៨.១៧៩ នាក់​បាន​ឆ្លង​ជំងឺកូវីដ១៩​,​​អ្នកជំងឺ​ចំនួន​៦.៨៨៤ នាក់ បានជា​សះស្បើយ និងចំនួន១១៤ នាក់ បាន​បាត់​បង់ជីវិត​៕
ដោយៈជម្ពូនុទ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner