ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំបន្ទាន់មួយក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាស្តីពីជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន (មានវីដេអូ)
អាមេរិក៖ ប្រភពពីមន្រ្តីការទូតបានអោយដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) នឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយនៅក្នុងថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដើម្បីធ្វើការពិភាក្សាស្តីពីបញ្ហាជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលវាជាកិច្ចប្រជុំលើកទី២ហើយរបស់ UNSC ក្នុងរយៈពេល៣ថ្ងៃមកនេះ ។
ជាមួយគ្នានេះ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារម្សិលមិញបានចេញមុខបន្តអំពាវនាវឱ្យកាត់បន្ថយនូវការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយស៍ (Ned Price) សហរដ្ឋអាមេរិកមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់អាយុជីវិតទាំងប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីន… យើងកំពុងជំរុញសារនៃការដកថយនេះ ដើម្បីបញ្ចប់ការបាត់បង់អាយុជីវិតនេះ ។
សូមជម្រាបថា ការសងសឹកគ្នាវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបានកើនឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ ដែលធ្វើឱ្យប្រជាជនប៉ាឡេស្ទីន៣៥នាក់ និងប្រជាជនអ៊ីស្រាអែល៣នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ទៀតរងរបួស ។ អំពើហិង្សាបច្ចុប្បន្នរវាងអ៊ីស្រាអែល និងកងកម្លាំងប្រដាប់អាវុធហាម៉ាស់ក្នុងតំបន់ហ្គាហ្សា គឺជាលើកដំបូងហើយ ចាប់តាំងពីការវាយប្រហារតាមអាកាស និងដីទ្រង់ទ្រាយធំចុងក្រោយបង្អស់ ដែលអ៊ីស្រាអែលបានធ្វើនៅលើទឹកដីប៉ាឡេស្ទីនអស់រយៈពេល៥០ថ្ងៃកាលពីឆ្នាំ២០១៤ ៕ ប្រភព៖ CNA