សត្វស្លាប ៣ប្រភេទផ្សេងទៀត គ្រោងដោះលែងបន្ថែមក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

យោងតាមអាជ្ញាធរអប្សរានៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នៅថ្ងៃទី១៣ ឧសភា ឆ្នាំ២០២១ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance បានដឹកជញ្ជូនសត្វស្លាប៣ប្រភេទផ្សេងទៀត សរុបចំនួន ១១ក្បាល ទៅកកាន់ព្រៃរមណីយដ្ឋានអង្គរ។ សត្វស្លាបទាំងនោះរួមមាន សត្វក្ងោក(Peafowl) ចំនួន៥ក្បាល, សត្វកេងកងធំ(Great Hornbill) ចំនួន៣ក្បាល និងសត្វព្វាំង(Wreathed Hornbill) ចំនួន៣ក្បាល ដែលទទួលបានជាអំណោយពីអង្គការអភិរក្សសត្វព្រៃនានា និងប្រជាពលរដ្ឋ យកមកផ្សាំនៅក្នុងព្រៃរមណីយដ្ឋានអង្គរ ដែលក្រុមការងារគម្រោងនឹងធ្វើការដោះលែងសត្វស្លាបទាំងនេះចេញពីទ្រុងចូលទៅក្នុងព្រៃនាពេលខាងមុខ។

កន្លងមកគម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា សត្វទោចមកុដ(Pileated gibbon) ចំនួន១១ក្បាល(កើតកូនបានចំនួន៤ក្បាល) សត្វឈ្លូស(Red muntjac) ចំនួន៤ក្បាល សត្វស្វាព្រាម(Silvered langurs) ចំនួន១២ក្បាល សត្វសំពោចក្រអូប(Common palm civets) ចំនួន៥ក្បាល សត្វភេខ្លួនរលោង(Smooth-coated otter) ចំនួន៤ក្បាល(កើតកូនបានចំនួន២ក្បាល) សត្វឆ្មារដាវ(Leopard Cat) ចំនួន២ក្បាល និងសត្វកេងកងតូច(Oriental Pied Hornbill) ចំនួន២ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត។ មកដល់សព្វថ្ងៃសត្វទាំងអស់នោះ នៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។

ដើម្បីឲ្យសត្វព្រៃទាំងអស់បន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ បានអំពាវនាវឲ្យសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ និងមេត្តាកុំផ្តល់ចំណីឲ្យសត្វទាំងនោះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner