អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធពាក្យចោទប្រកាន់បែបញុះញង់របស់ឈ្មោះ គឹម សុខ មកលើថ្នាក់ដឹកនាំក្រសួងថា បានលក់ទីស្តីការក្រសួងមហាផ្ទៃ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមធ្វើការបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់លោក គឹម សុខ ដែលបានប្រើប្រាស់វោហារសព្ទចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថាបានលក់ទីស្ដីការក្រសួងមហាផ្ទៃ ដែលការលើកឡើងរបស់អ្នកវិភាគសរសៃប្រសាទរូបនេះ គឺជាការវិភាគតាម ការយល់សប្តិ បែបមមើមមាយ និងឡប់សតិតែប៉ុណ្ណោះ ព្រោះគ្មានការបញ្ជាក់ពីប្រភពព័ត៌មាន ឬយកមូលដ្ឋានអ្វីមកជាសំអាងក្នុងការនិយាយនោះឡើយ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមប្រកាសជាឱឡារិកថា គ្មានការទិញ-លក់ទីស្ដីការក្រសួងមហាផៃ្ទ ដូចសំដីដ៏ស្អុយគគ្រុករបស់ឈ្មោះ គឹម សុខ នោះទេ។ ទីស្តីការក្រសួងមហាផ្ទៃនៅតែជាទ្រព្យសម្បត្តិរបស់រដ្ឋ ស្ថិតក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏គ្មាន និងមិនអាចមានទាល់តែសោះ នូវការទិញ-លក់ ដូចការផ្សព្វផ្សាយបំផ្លើសនោះឡើយ។

អ្នកនាំពាក្យបន្ដថា ការណ៍ដែលឈ្មោះ គឹម សុខ ចេះតែដើរនិយាយ បរិហារកេរ្ដិ៍មួលបង្កាច់គេឯងផ្តេសផ្តាស គឺជាចេតនាដ៏លាមក ដើម្បីញុះញង់ឲ្យមានការបែកបាក់ផ្ទៃក្នុងជាតិ ក៏ប៉ុន្តែចំពោះប្រជាពលរដ្ឋដែលមានសតិសម្បជញ្ញៈ ចាត់ទុកសំដីរបស់ គឹម សុខ ជាសំដីប៉ប្លេចប៉ប្លូចឥតខ្លឹមសារ និងជាអ្នកវិភាគដែលមានជំងឺសរសៃប្រសាទ។
ម្យ៉ាងវិញទៀត សំដីស្អុយគគ្រុករបស់ គឹម សុខ នេះ ក៏ជាអ្វីដែលសារព័ត៌មាន The Cambodia Daily ដែលអះអាងខ្លួនថាជាសារព័ត៌មានអព្យាក្រឹតនោះ តែងនិយមយកមកផ្សព្វផ្សាយ ដែលបង្ហាញឲ្យ ឃើញនូវចរិតជាសារព័ត៌មានមួយដែលខ្វះវិចារណញ្ញាណក្នុងវិជ្ជាជីវៈ ហើយតែងផ្សព្វផ្សាយព័ត៌មានប្រឌិត ញុះញង់ បង្កអរិភាពដល់នយោបាយ និងសន្តិសុខសង្គម ព្រមទាំងរំលោភយ៉ាងងងើលលើគោលការណ៍ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្នុងសង្គមប្រជាធិបតេយ្យ។
សូមរំលឹកថា កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២១ សារព័ត៌មាន The Cambodia Daily ដែលផ្សាយតាម ប្រព័ន្ធអនឡាញពីក្រៅប្រទេស និងតែងមានចេតនាទុច្ចរិត ក្នុងបំណងបម្រើឧបាយកលក្រុមឧទ្ទាមក្រៅច្បាប់ បានធ្វើបទសម្ភាសន៍ជាមួយឈ្មោះ គឹម សុខ ដែលក្នុងកិច្ចសម្ភាសន៍នោះ គឹម សុខ បានប្រើប្រាស់ វោហារសព្ទចោទប្រកាន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថាបានលក់ទឹស្ដីការក្រសួងមហាផ្ទៃ៕
ដោយៈនាយកដ្ឋានព័ត៌មានវិទ្យា
