លោកជំទាវ ឃួន សុដារី ៖ ប្រទេសចិនគឺ ជាកម្លាំងសំខាន់ក្នុងការជំរុញឱ្យមានវឌ្ឍនភាពសាកលលោក និងសណ្ដាប់ធ្នាប់ពិភពលោកប្រកបដោយយុត្តិធម៌ និងបរិយាបន្ន
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២នៃរដ្ឋសភា និងជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ៖ ប្រទេសចិនគឺជាកម្លាំងសំខាន់ក្នុងការជំរុញឱ្យមានវឌ្ឍនភាពសាកលលោក និងសណ្ដាប់ធ្នាប់ពិភពលោកប្រកបដោយយុត្តិធម៌ និងបរិយាបន្ន។
ក្នុងពេលទទួលបទសម្ភាសន៍ជាមួយវិទ្យុមិត្តភាពកម្ពុជាចិន លោកជំទាវបានលើកឡើងថា ក្នុងរយៈ ពេល១០០ឆ្នាំកន្លងមកនេះ នៅក្រោមការដឹកនាំរបស់គណបក្សកម្មុយនិស្តចិន ប្រទេសចិនសម្រេចបានជោគជ័យ និងសមិទ្ធផលធំៗជាច្រើនក្នុងវិស័យសេដ្ឋកិច្ច ការទូត ការគាំពារសង្គម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងវិស័យផ្សេងៗជាច្រើនទៀត ដែលនេះគឺជាការខិតខំដ៏សំខាន់ដើម្បីវឌ្ឍនភាពសាកល លោក ហើយក៏ជាកម្លាំងសំខាន់ក្នុងការជំរុញឱ្យមានសណ្ដាប់ធ្នាប់ពិភពលោកប្រកបដោយយុត្តិធម៌ និងបរិយាប័ន្នផងដែរ។
លោកជំទាវ បានលើកឡើងថា គណបក្សកម្មុយនិស្តចិនដឹកនាំប្រទេសចិនឱ្យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចធំទី២ ក្នុងពិភពលោក។ “នៅក្រោមការដឹកនាំរបស់បក្សកម្មុយនិស្តចិន ប្រទេសចិនបានចូលរួមយ៉ាងធំធេងទៅដល់វឌ្ឍនភាពផ្នែកសង្គមនិងសេដ្ឋកិច្ចរបស់មនុស្សជាតិ។ ប្រទេសចិននឹងបន្តដើរតួនាទីក្នុងការកសាងសន្តិភាពពិភពលោក ជំរុញការអភិវឌ្ឍពិភពលោក និងថែរក្សាសណ្ដាប់ធ្នាប់អន្តរជាតិ។”
លោកជំទាវយល់ឃើញថា គណបក្សកម្មុយនិស្តចិនតែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនចិន។ នេះក៏ដោយសារមានថ្នាក់ដឹកនាំ ដែលប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ មានទស្សនៈនយោបាយ “យកប្រជាជនជាចំណុចស្នូលចម្បង” ព្រមទាំងទទួលបានជោគជ័យក្នុងការកាត់បន្ថយអំពើពុករលួយ និងការកាត់បន្ថយភាពក្រីក្រជាដើម។ តាមចំណាប់អារម្មណ៍របស់លោកជំទាវ លោកជំទាវយល់ឃើញថា សមាជិកគណបក្សកម្មុយនិស្តចិនមានការប្ដេជ្ញាចិត្ត មានវិន័យក្នុងការរស់នៅ និងការបំពេញភារកិច្ចជូនប្រជាជន បក្ស និងរដ្ឋ ដែលធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តលើការដឹកនាំរបស់បក្សនិងថ្នាក់ដឹកនាំបក្ស។
លោកជំទាវ ឃួន សុដាវី បានមានប្រសាសន៍ទៀតថា ក្រោមការដឹកនាំរបស់បក្សកម្មុយនិស្តចិន ប្រទេសចិនបានរំដោះប្រជាជនប្រមាណជិត៨០០លាននាក់ ចេញពីភាពក្រីក្រដែលនេះគឺជាភាពជោគជ័យដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។ ការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនបានចូលរួមកាត់បន្ថយភាពក្រីក្រជាង ៧០% នៃប្រជាជនក្រីក្រលើពិភពលោក។ ការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសចិនគឺជាជោគជ័យដ៏អច្ឆរិយៈ ហើយបទពិសោធន៍កាត់បន្ថយភាពក្រីក្ររបស់ចិនអាចក្លាយជាគំរូសម្រាប់ប្រទេសកំពុងអភិវឌ្ឍដទៃទៀតផងដែរ។
លោកជំទាវបន្តលើកឡើងថា ក្រោមការដឹកនាំរបស់ ឯកឧត្ដម ស៊ី ជីនភីង ចិនបានចំណាយពេលជាង ៨ឆ្នាំ ក្នុងការលុបបំបាត់ភាពក្រីក្របំផុតបានទាំងស្រុង ពោលគឺចិនបានធ្វើឱ្យប្រជាជនក្រីក្រនៅជនបទជិត ១០០លាននាក់ចេញផុតពីភាពក្រីក្រទាំងស្រុង។ កិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តនេះបានបង្ហាញកាន់តែច្បាស់នូវគោលដៅអាទិភាពរបស់គណបក្សកម្មុយនិស្តចិន គឺការតម្កល់សុខុមាលភាព និងជីវភាពរបស់ប្រជាជនចិនជាចម្បង។ ប្រទេសចិនក៏បានសម្រេចបានក្ដីសុបិនសតវត្សរ៍ទី១ របស់ខ្លួន គឺចង់ឱ្យប្រជាជនចិនមានកម្រិតជីវភាពធូរធារមធ្យមគ្រប់ជ្រុងជ្រោយ។ ការសម្រេចរបស់គណបក្សកម្មុយនិស្តចិន មិនត្រឹមតែនាំមកនូវវិបុលភាពចំពោះប្រជាជនចិនប៉ុណ្ណោះទេ តែថែមទាំងដល់ប្រជាជនក្នុងតំបន់ និងពិភពលោកទៀតផង។
លោកជំទាវ បានមានប្រសាសន៍ផងដែរថា ការអភិវឌ្ឍរយៈពេល១០០ឆ្នាំរបស់គណបក្សកម្មុយនិស្តចិននេះ បានផ្ដល់ផលប្រយោជន៍យ៉ាងសំខាន់ចំពោះពិភពលោកផងដែរ។ ប្រទេសចិនមិនបាននាំចូលនូវគំរូអភិវឌ្ឍន៍ពីប្រទេសណាទេ ហើយប្រទេសចិននឹងមិននាំចេញគំរូអភិវឌ្ឍន៍ទៅប្រទេសណាដែរ ប៉ុន្តែភាព អច្ឆរិយៈនៃការអភិវឌ្ឍរបស់ប្រទេសចិនត្រូវបានទទួលស្គាល់ជាអន្តរជាតិ ហើយភាពជោគជ័យដ៏អច្ឆរិយៈរបស់ ចិននេះ បានជំរុញទឹកចិត្តដល់ប្រទេសដទៃៗទៀត ជាពិសេសប្រទេសកំពុងអភិវឌ្ឍ ឱ្យជ្រើសរើសវិថីនៃការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន តាមលក្ខណៈពិសេសរបស់ខ្លួន។
ការណ៍ដែលប្រទេសចិនបានទប់ស្កាត់ជំងឺកូវីដ១៩ដោយជោគជ័យ ហើយផ្ដល់ជំនួយក្នុងកិច្ចសហ ប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ទៅកាន់ប្រទេសយ៉ាងច្រើន ដែលក្នុងនោះរួមមានទាំងប្រទេសកម្ពុជាផងដែរ គឺជាភស្តុតាងដ៏ថ្មីបំផុតមួយ។ រដ្ឋាភិបាលចិនក្រោមការដឹកនាំរបស់គណបក្សកម្មុយនិស្តចិន បានចែក រំលែកព័ត៌មានស្ដីពីការរីករាលដាលជំងឺកូវីដ១៩ដល់សហគមន៍អន្តរជាតិប្រកបដោយតម្លាភាព និងទាន់ពេលវេលា ផ្ដល់ជំនួយជាគ្រឿងបរិក្ខារវេជ្ជសាស្ត្រ និងវ៉ាក់សាំងការពារកូវីដ១៩ទៅកាន់ប្រទេសជាច្រើន ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ជាមួយប្រទេសទាំងអស់នេះ។ ប្រទេសចិនក៏បានចាត់ទុកវ៉ាក់សាំងកូវីដ១៩ ដែលស្រាវជ្រាវរកឃើញដោយប្រទេសចិនថាជា “ទ្រព្យសម្បត្តិសាធារណៈ សកល” ថែមទៀតផង។
ក្នុងរយៈពេល៧០ឆ្នាំ ចាប់តាំងពីសាធារណរដ្ឋប្រជាមានិតចិនបានបង្កើតឡើងមក ប្រទេសចិនបានរៀបចំបញ្ជូនជំនួយជាធនធានមនុស្សជាង៦សែននាក់ និងជាទឹកប្រាក់ជិត៤០០ប៊ីលានយាន់ (៥៧ប៊ីលានដុល្លារ) ទៅកាន់ ១៦៦ប្រទេស និងស្ថាប័នអន្តរជាតិ ដើម្បីជួយអភិវឌ្ឍសង្គមសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ ជូនប្រទេសកំពុងអភិវឌ្ឍ។ តាមរបាយការណ៍របស់ធនាគារពិភពលោក គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ នឹងជួយប្រជាជនក្នុងប្រទេសផ្សេងៗជាង៧លាន៦សែននាក់ឱ្យចេញផុតពីភាពក្រីក្រខ្លាំងបំផុតនិងជួយប្រជាជន ជាង៣២លាននាក់ចេញផុតពីភាពក្រីក្រមធ្យម។ លោកជំទាវ ឃួន សុដាវី យល់ឃើញថា គំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ នឹងចូលរួមចំណែកដល់ការស្ដារឡើងវិញនូវកំណើនសេដ្ឋកិច្ចពិភពលោកក្រោយពីវិបត្តិជំងឺកូវីដ១៩។
រួមសេចក្ដីមក គណបក្សកម្មុយនិស្តចិនមិនត្រឹមតែបានដឹកនាំប្រទេសចិនឱ្យទទួលបាននូវភាពជោគជ័យក្នុងការអភិវឌ្ឍជាតិដែលទទួលបានចំណាប់អារម្មណ៍ទូទាំងសកលលោកប៉ុណ្ណោះទេ ថែមទាំងបានដើរតួនាទីជាវិជ្ជមានយ៉ាងសំខាន់នៅក្នុងកិច្ចការពារសណ្ដាប់ធ្នាប់អន្តរជាតិ កិច្ចជំរុញវឌ្ឍនភាពតាមបែបលទ្ធិពហុភាគីនិយម និងការប្រឈមផ្សេងៗនៅទូទាំងសកលលោក។ ជាចុងក្រោយលោកជំទាវបានមានប្រសាសន៍ជូនពរថា “ខ្ញុំសូមជូនពរប្រទេសចិននៅក្រោមការដឹកនាំរបស់គណបក្សកម្មុយនិស្តចិន អាចធ្វើដំណើរទៅកាន់គោលដៅសតវត្សរ៍ទី២ ដែលប្រែក្លាយប្រទេសចិនឱ្យទៅជាប្រទេសសង្គមនិយមទំនើបអស្ចារ្យ ប្រកបដោយភាពរលូន និងជោគជ័យតាមការគ្រោងទុក”៕