រដ្ឋមន្រ្តីក្រសួងផែនការ ដឹកនាំកិច្ចប្រជុំពន្លឿន និងជំរុញការប្រមូលទិន្នន័យសម្រាប់អនុវត្តកម្មវិធី ”ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់” ឱ្យបានត្រឹមថ្ងៃទី២៥ ខែឧសភា
ភ្នំពេញៈរដ្ឋមន្រ្តីក្រសួងផែនការ បានដឹកនាំកិច្ចប្រជុំជាមួយអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ដើម្បីពន្លឿន និងជំរុញការប្រមូលទិន្នន័យសម្រាប់អនុវត្តកម្មវិធី “ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់” ឱ្យបានត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ជាកំណត់។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួងផែនការ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំជាមួយឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងអង្គភាព អាជ្ញាធរពាក់ព័ន្ធ ដើម្បីអនុវត្តសេចក្តីសម្រេចលេខ០២៣ សហវ ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១ ស្តីពីយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយ ពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និង មានការលំបាកផ្នែកជីវភាព និងគ្រួសារ ប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ឱ្យបានតាមពេលវេលាកំណត់។
ក្នុងកិច្ចប្រជុំឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានមានប្រសាសន៍ថា កន្លងមកក្រសួងផែនការ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានអនុវត្តការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រតាមជុំ និងតាមការស្នើសុំ ដោយបានផ្តល់ទិន្នន័យជូនក្រសួងស្ថាប័នពាក់ព័ន្ធ សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីធំចំនួន៣ គឺ៖ ១) កម្មវិធីមូលនិធិសមធម៌សុខភាព ២) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និង ៣) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ដែលរងផលប៉ះពាល់ក្នុងអំឡុងរីករាលដាលនៃជំងឺកូវីត-១៩។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្តថា យោងសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យ អនុវត្តកម្មវិធី “ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់” ដើម្បីជួយគាំទ្រគ្រួសារប្រជាពលរដ្ឋដែលមានកម្រិតជីវភាពទាប និងជួបប្រឈមនឹងការលំបាកក្រោយការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ និងការផ្តល់ជំនួយសង្គមជាសាច់ប្រាក់សម្រាប់គ្រួសារដែលមានអ្នកស្លាប់ដោយ សារជំងឺកូវីដ-១៩ និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាពក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ និងដើម្បីរួមចំណែកអនុវត្តសេចក្តីលេខ០២៣ សហវ ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១ ស្តីពីយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយ ពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និង មានការលំបាកផ្នែកជីវភាព ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ ២០២១ នេះ ក្រសួងផែនការបានរៀបចំនូវឯកសារមួយចំនួនសម្រាប់ដំណើរការ កំណត់អត្តសញ្ញាណគ្រួសារគោលដៅដូចជា៖ នីតិវិធីកំណត់អត្តសញ្ញាណគ្រួសារគោលដៅ បញ្ជីសំណួរសម្រាប់សម្ភាសន៍គ្រួសារគោលដៅ រៀបចំ APP សម្រាប់ប្រមូលទិន្នន័យ និងឯកសារបណ្តុះបណ្តាល និងឯកសារផ្សេងៗសម្រាប់ដំណើរការងារ។ល។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្ថែមថា មកដល់ថ្ងៃនេះ ក្រសួងផែនការបានសហការជិតស្និទ្ធជាមួយសាលារាជធានីភ្នំពេញ និងខេត្តទាំង២ ដោយបានរៀបចំរចនាសម្ព័ន្ធសម្រាប់អនុវត្ត និងដំណើរការកំណត់អត្តសញ្ញាណគ្រួសារគោលដៅ និង បានចាប់ផ្តើមអនុវត្តពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។ យន្តការនៃការអនុវត្ត គឺប្រើប្រាស់យន្តការការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រតាមការស្នើសុំ ដែលមានស្រាប់នៅតាមឃុំ សង្កាត់ និង ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) គឺយើងបានបន្ថែមកម្លាំង ស.ស.យ.ក. សម្រាប់ធ្វើការសម្ភាសន៍គ្រួសារគោលដៅ នៅតាមភូមិនានា ដោយការការសម្ភាសន៍ និងប្រមូលទិន្នន័យ តាមរយៈថេប្លេត ឬទូរសព្ទដៃ។ ការសម្ភាសន៍ ដោយប្រើប្រាស់ទូរសព្ទដៃ សម្រាប់តំបន់ដែលមានហានិភ័យខ្ពស់ ដូចជា តំបន់លឿងទុំ និងក្រហម។ ក្រៅពីតំបន់បិទខ្ទប់ទាំង៣ (រាជធានីភ្នំពេញ,ក្រុងតាខ្មៅនៃខេត្តកណ្តាល និងក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ)នៅតាមបណ្តាខេត្តចំនួន២២ រួមទាំងស្រុកមួយចំនួនរបស់ខេត្ត កណ្តាល និងខេត្តព្រះសីហនុ ក្នុងសេចក្តីសម្រេចខាងលើ ក៏បានកំណត់ឱ្យក្រសួងផែនការធ្វើការអត្តសញ្ញាណគ្រួសារដែលឆ្លងជំងឺកូវីត-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។
ដើម្បីសម្រួលជីវភាពរស់នៅរបស់ប្រជាជន ដែលជានិច្ចកាលជាការគិតគូររបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានស្នើដល់ ឯកឧត្ដម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ មេត្តាជួយសម្របសម្រួល និង ណែនាំបន្ថែមទៀត ដល់អាជ្ញាធរមូលដ្ឋាន ដូចជា អភិបាលខណ្ឌ ក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីពន្លឿន ការកំណត់អត្តសញ្ញាណគ្រួសារគោលដៅ និងកំណត់អត្តសញ្ញាណគ្រួសារដែលឆ្លងជំងឺកូវីត-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ឱ្យចប់សព្វគ្រប់ ច្បាស់លាស់ មានតម្លាភាពសម្រាប់ប្រជាជន តាមពេលវេលាកំណត់ ត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ នេះ ដើម្បីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា យកទិន្នន័យនេះសម្រាប់គណនាថវិកា និងបើផ្តល់ថវិកាជូនគ្រួសារដែលបានសម្ភាសន៍ជាប់ នៅសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានបញ្ជាក់ថា ជាភារកិច្ច និងការទទួលខុសត្រូវដ៏មានសារៈសំខាន់បំផុតចំពោះមុខ គឺយើងត្រូវតែរួមគ្នាចូលរួមអនុវត្តនូវសេចក្តីសម្រេចលេខ០២៣ សហវ ឱ្យសម្រេចបានជោគជ័យ ដូចអន្តរាគមន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងគ្រួសាររងគ្រោះដោយសារជំងឺកូវីដ-១៩ ដែលបានចាប់ផ្តើមអនុវត្តពីខែមិថុនា ឆ្នាំ២០២០ នឹងត្រូវបញ្ចប់នៅខែមិថុនា ឆ្នាំ២០២១នេះ៕
ដោយៈពលជ័យ