រដ្ឋមន្រ្តីក្រសួងយុត្តិធម៌រំលឹកចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការត្រូវធានាឱ្យបាន សេវាយុត្តិធម៌ «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»

រាជធានីភ្នំពេញ៖ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានក្រើនរំលឹកដល់ចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការទាំងអស់នៃសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវធានាឱ្យបានតាមបរិបទនៃកំណែទម្រង់ថ្មី នៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋពោលគឺ «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ» និងដើម្បីលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អង្គចៅក្រម។

ការលើកឡើងរបស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បែបនេះធ្វើឡើងក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូង និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តចំនួនបី ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ រួមមាន ប្រធានសាលាដំបូងខេត្តព្រះវិហារ, ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីនាថ្ងៃទី២១ ខែ ឧសភាឆ្នាំ ២០២១។

ជាមួយការជំរុញដល់សាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ដែលត្រូវធានាឱ្យបានតាមបរិបទនៃកំណែទម្រង់ថ្មី នៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋនេះហើយ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជំរុញដល់មន្រ្តីទាំងអស់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជានិច្ច។

ក្រៅពីនេះ ឯកឧត្តម រដ្ឋមន្រ្តីក៏បាន ណែនាំដល់មន្រ្តីពាក់ព័ន្ធ ឱ្យបន្តខិតខំយកចិត្តទុកដាក់ក្នុងការដឹកនាំស្ថាប័នតុលាការ និងស្ថាប័នអយ្យការឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត និងធានាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងកិច្ចសហការកាន់តែល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ សំដៅពង្រឹងការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។ទន្ទឹមគ្នានេះ ប្រធានសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី ត្រូវពង្រឹងនូវវិន័យការងារប្រចាំថ្ងៃរបស់ចៅក្រម ព្រះរាជអាជ្ញាដែលបម្រើការនៅក្នុងស្ថាប័នក្រោមសមត្ថកិច្ចរបស់ខ្លួន ជាពិសេស ការគ្រប់គ្រងវត្តមានប្រចាំថ្ងៃ និងផលិតភាពការងារឱ្យបានត្រឹមត្រូវ ហើយត្រូវចាត់វិធាននានាស្របតាមច្បាប់ចំពោះអ្នកដែលមិនគោរពវិន័យការងារ ជាពិសេសវិធានការដែលមានចែងក្នុងមាត្រា ៥២ នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញា។

គួរបញ្ជាក់ថាក្នុងសមាសភាពដែលត្រូវបានប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងនៅក្នុងពិធីនេះ រួមមាន ៖ សមាសភាពដែលត្រូវបានប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងនៅក្នុងពិធីនេះ រួមមាន ៖ ១- ឯកឧត្តម យុត ពន្លឺ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តព្រះវិហារ ជំនួស ឯកឧត្តម អៀង គឹមថុល ដែលត្រូវបានចូលនិវត្តន៍, ២- ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ត្រូវបានផ្ទេរមកជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តក្រចេះ ជំនួស ឯកឧត្តម កែវ សុជាតិ ដែលត្រូវផ្ទេរមកទៅជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និង ៣- ឯកឧត្តម ម៉ម វ៉ាន់ដា ត្រូវបានតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ជំនួស ឯកឧត្តម ហៀង សុភក្រ្ត ដែលត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ៕ ដោយ៖ ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner