ផ្ទុះអាវុធ០២គ្រាប់ រវាងបងថ្លៃប្អុនថ្លៃ បណ្តាលឲ្យជនរងគ្រោះរបួសជើងឆ្វេង

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តបាត់ដំបង៖ សេចក្តីរាយការណ៍មួយបានអោយដឹងថា កាលពីវេលាម៉ោងប្រហែល ២០និង០០នាទី ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០ មានការផ្ទុះអាវុធមួយករណីនៅក្នុងបរិវេណទីតាំងស្នូកឃ័រមួយកន្លែងស្ថិតនៅត្រង់ចំណុចភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីហិង្សាដោយចេតនា ផ្ទុះអាវុធខាងលើនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ ទៀន វិសាល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាមន្ត្រីយោធា រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានប្រើប្រាស់អាវុធ (មិនស្គាល់ម៉ាក និងចំនួនគ្រាប់) បាញ់ទៅលើជនរងគ្រោះដែលជាប្អូនថ្លៃឈ្មោះ គារ គឹម សេង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រងរបួសជើង ត្រូវបានក្រុមគ្រួសារដឹកយកទៅទៅសង្គ្រោះព្យាបាលនៅឯមន្ទីរពេទ្យ ចំណែកជនសង្ស័យបានរត់គេចខ្លួនបាត់។

ប្រភពចេញពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដេកលេងនៅលើអង្រឹងនៅកន្លែងកើតហេតុ លុះក្រោយមកក៏ស្រាប់តែឈ្មោះ  ទៀន វិសាល ដែលត្រូវជាបងថ្លៃមានសភាពស្រវឹងស្រាផងនោះបានមកដល់ និងមានការឈ្លោះប្រកែកគ្នាបន្តិចបន្តួច លុះក្រោយមកក៏ស្រាប់តែមានការផ្ទុះអាវុធចំនួន០២គ្រាប់បង្ករការភ្ញាក់ផ្អើលទាំងយប់តែម្តង។

ក្រោយពេលបង្កហេតុ ជនសង្ស័យដែលគេស្គាល់ថាជាមន្ត្រីយោធាថ្នាក់វរសេនីយ៍ឯក បានរត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យសុវណ្ណ ស្ថិតក្នុងក្រុងបាត់ដំបងភ្លាមៗផងដែរ។ សមត្ថកិច្ចកំពុងធ្វើកំណត់ហេតុដើម្បីស្វែងរកមុខសញ្ញាជនបង្កយកមកចាត់ការទៅតាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner