រដ្ឋបាលខេត្តស្វាយរៀង បំភ្លឺអំពីមូលហេតុដែលកម្មកររាប់សិបនាក់សម្រុកចេញពីរោងចក្រមួយ ខណៈក្រុមគ្រូពេទ្យចុះយកសំណាករកមេរោគកូវីដ-១៩គឺដោយសារមានអ្នកបំផុសបំផុល

អត្ថបទដោយ៖
ធី ដា

រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី២៧ ឧសភា ឆ្នាំ២០២១ បានជូនដំណឹងថា នៅព្រឹកថ្ងៃទី២៦ ឧសភា មានកម្មករម្នាក់ធ្វើការនៅក្នុងរោងចក្រតម្លើងទោចក្រយាន អា អេន ជេ (ខេមបូឌា) ក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង១ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ដោយមានអាការៈសង្ស័យចូលក្នុងនិយមន័យកូវីដ-១៩ បានស្មគ្រ័ចិត្តទៅយកសំណាកធ្វើតេស្ដរហ័ស នៅប៉ុស្ដិ៍យកសំណាកក្រុងបាវិត ជាលទ្ធផលគឺវិជ្ជមានកូវីដ-១៩។ បន្ទាប់មកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ខេត្ត បានសហការជាមួយមន្ទីរសុខាភិបាលខេត្ត បានចុះយកវត្ថុវិភាគសំណាកអ្នកប៉ះពាល់ផ្ទាល់នៅក្នុងរោងចក្រនោះចំនួន៩នាក់ ក្នុងនោះលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៣នាក់។ បន្ទាប់មក ក្រុមការងារ បានបន្តយកវត្ថុវិភាគសំនាកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ នៅអគារផ្នែកខាងមុខចំនួន១៤៥នាក់ ជាលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៥៤នាក់។

បន្ទាប់មកក្រុមការងារបានសហការជាមួយរោងចក្រធ្វើការស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល នៅអគារផ្សេងៗទៀត ដើម្បីធ្វើការវាយតម្លៃកម្រិតហានិភ័យនៃការឆ្លងក្នុងរោងចក្រទាំងមូល ប៉ុន្តែដោយសារមានភិតភ័យ និងស្របពេលដល់ម៉ោងចេញពីធ្វើការផង កម្មករ កម្មការិនីនៅអគារដទៃទៀតនៃរោងចក្រនោះ ក៏បាននាំគ្នាចេញពីរោងចក្រ ។ រដ្ឋបាលខេត្តបានបន្តថា ទោះបីក្រុមការងារបានខិតខំពន្យល់ណែនាំអំពីការយកវត្ថុវវិភាគសំណាករកមេរោគកូវីដ-១៩ និងណែនាំអំពីផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ ក៏កម្មករ កម្មការិនីទាំងនោះ ជឿតាមការញុះញង់ និងការបំផុសបំផុសក៏បាននាំគ្នាធ្វើដំណើរសម្រុកចេញពីរោងចក្រតែម្ដង។

រដ្ឋបាលខេត្តស្វាយរៀង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់គ្រប់គ្រងកម្មករ កម្មការិនីដែលបម្រើការងារនៅរោងចក្រតម្លើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) នៅតំបន់សេដ្ឋកិច្ចពិសេសតាយ សេង១ ដែលចេញពីរោងចក្រមុនការពិនិត្យវាយតម្លៃលើកម្រិតហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ តម្រូវឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន និងត្រូវតាមដានសុខភាពជាប្រចាំ។ រដ្ឋបាលខេត្តបានអំពាវនាវឲ្យកម្មករ កម្មការិនីទាំងនោះ ប្រសិនបើមានអាការៈខុសប្រក្រតី ដូចជាក្ដៅខ្លួន ក្អក កណ្ដាស់ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងត្រូវរួសរាន់ទៅយកវត្ថុវិភាគសំណាកជាបន្ទាន់។

សូមបងប្អុនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកវិភាគរកមេរោគកូវីដ-១៩ បើពុំនោះទេអ្នកអាចត្រូវពិន័យអន្តរការណ៍ពី១លាន រៀល ទៅ ៥លាន រៀល និងអាចជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។ ចំពោះករណីនោះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព តាមរយៈទំព័រហ្វេសប៊ុក នៅល្ងាចថ្ងៃទី២៦ឧសភា បានចាត់ទុកសកម្មភាពដែលកើតមាននៅរោងចក្រតម្លើងកង់ អេ អេន ជេខេមបូឌា(A and J) តំបន់សេដ្ឋកិច្ចពិសេស តាយ សេង១ ក្រុងបាវិត ខេត្តស្វាយរៀង គឺជាអំពើមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដែលតម្រូវអោយផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១លានរៀល ទៅ ៥លានរៀល ហើយការបង់ប្រាក់ពិន័យអន្តរការណ៍នោះ មិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនោះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្រ្តីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ យោងតាមមាត្រា២១ នៃអនុក្រឹត្យលេខ៥៧ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។

ចំពោះអ្នកផ្តើមគំនិត និងអ្នកចូលរួមបង្កការរារាំងដល់ការអនុវត្តវិធានការសុខាភិបាលខាងលើនេះអាចជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ យោងតាមមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner