បឹងកេតប្រជែងបាន៣ពិន្ទុដំបូងពីគូប្រកួតបង្គ្រប់សប្តាហ៍ទី៤ លីគកំពូលកម្ពុជា

អត្ថបទដោយ៖
reachea

 ក្រុមជើងឯកនៃរដូវកាល២០២០ ប្រជែងបាន៣ពិន្ទុដំបូង នៅប្រកួតបង្គ្រប់សប្តាហ៍ទី៤ ជាមួយក្រុមបាតតារាង ម្ចាស់ផ្ទះ សូលទីឡូអង្គរ ដោយលទ្ធផល ៣ទល់០។ លទ្ធផលទទួលបានក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជានៃរដូវ កាល២០២១នេះ បានធ្វើកាលពីថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១។ ៣គ្រាប់ជ័យជម្នះរបស់ក្រុមភ្ញៀវ បឹងកេត ធ្វើសម្រេចដោយកីឡាករ ឱ ភារុណ នៅនាទីទី២, ក្រោយមកដោយកីឡាករ Rajkovic Marko នៅនាទីទី៧៧, ខណៈកីឡាករ សៀង ចន្ធា ធ្វើសម្រេចនៅនាទី៨៤។ កីឡាករ សៀង ចន្ធាគឺជាយុវជនវ័យក្មេងដ៏លេចធ្លោ១រូប ជាប់សមាជិកក្រុមជម្រើសជាតិជាថ្មី សម្រាប់បេសកកម្មប្រកួត៣ប្រកួតចុងក្រោយ FIFA World Cup នៅប្រទេស បារ៉ែន នាដើមខែមិថុនា ខាងមុខនេះ។ ជាមួយនឹងជ័យជម្នះដំបូង នៅក្នុងចំណោម៤ប្រកួតនេះ បឹងកេតបាន រំកិលខ្លួនពីលេខ១២ ឡើងមកឈរនៅលេខ៩បណ្តោះអាសន្ន តាមរយៈការឆ្លងកាត់៤ប្រកួតរបស់ខ្លួន ដោយឈ្នះ ១ប្រកួត និងចាញ់៣ប្រកួត និងមាន៣ពិន្ទុ ខណៈ៥ប្រកួតរបស់សូលទីឡូអង្គរ ចាញ់ទាំង៥ប្រកួតឈរនៅលេខ ១៣ ក្នុងចំណោម១៣ក្រុម។

ដោយឡែក១ប្រកួតផ្សេងទៀត ដែលបង្រ្គប់សប្តាហ៍ទី៤ផងដែរ កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ គឺ ក្រុមភ្ញៀវ វិសាខា បានស្វែងរកបាន៣ពិន្ទុបន្ថែមពីក្រុមម្ចាស់ផ្ទះនៃក្រុមកីឡាករ «អគ្គិសនីកម្ពុជា» ដោយលទ្ធ ផលមិនឱ្យតដៃរួច ៧ទល់០។

៧គ្រាប់ជ័យជម្នះរបស់ក្រុមវិសាខាធ្វើសម្រេចនៅវគ្គទី១ រកបានចំនួន៣គ្រាប់, ដែលគ្រាប់ទី១ ជាកំហុសគ្រាប់ បាល់ចូលទីខ្លួនឯង ដោយកីឡាករអគ្គិសនីកម្ពុជា លោកចិន វណ្ណៈ នៅនាទី ទី២ ខណៈ កីឡាករ កែន ច័ន្ទសុភ័ក្ត្រ រកបាននៅនាទី ទី៨ និងនៅនាទី២១។ ហើយចូលវគ្គទី២ កីឡាករ Ajayi Opeyemi រកបាន២គ្រាប់ នៅនាទី៥២ និងនាទី៦៥, និង២គ្រាប់ចុងក្រោយទៀត បានធ្វើដោយកីឡាករ កែវ សុខផេង នៅនាទី៨៣ និងនាទី៨៤៕

ads banner