សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាជ្រើសរើសយកទីតាំងឧទ្យានជាតិរាមជាកន្លែងសង់ទីលាន

អត្ថបទដោយ៖
reachea

 សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានសម្រេចជ្រើសរើសយកទីតាំងឧទ្យានជាតិរាម ក្នុងទឹកដីខេត្តព្រះសីហនុ ធ្វើជាកន្លែងសាងសង់ទីលានកីឡាបាញ់កាំភ្លើងស្តង់ដារអន្តរជាតិ សម្រាប់បម្រើដល់ការទទួលធ្វើម្ចាស់ផ្ទះ ការប្រ កួត កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។

ការសម្រេចសាងសង់ទីលាននេះ ត្រូវបានធ្វើឡើងរវាងសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា និងក្រុមហ៊ុន Yeejia Tourism Development Company LTD តាមរយៈការចុះកិច្ចព្រមព្រៀង ស្តីពីកិច្ចសហការសាងសង់ និងផ្គត់ផ្គង់ ក្នុងតំបន់ទេសចរណ៍រាម បូទិក ដែលមានគម្រោងសាងសង់រយៈពេល១ឆ្នាំលើផ្ទៃដីសរុប២៥ហិកតា។

  នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បានថ្លែងថា ទីលានបាញ់ កាំភ្លើងស្តង់ដារអន្តរជាតិនេះ គឺសហព័ន្ធបានកំណត់ការសាងសង់ក្នុងរយៈពេល១ឆ្នាំប៉ុណ្ណោះ ដើម្បីឱ្យ ក្រុម ជម្រើសជាតិបាញ់កាំភ្លើងកម្ពុជាស្នាក់នៅ-ហ្វឹកហាត់អភិវឌ្ឍន៍សមត្ថភាពត្រៀមឆ្ពោះទៅរកការប្រកួតកម្រិត អន្តរជាតិនានា ពិសេសស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

នាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានថ្លែងទៀតថា មូលហេតុដែលសហព័ន្ធសម្រេចជ្រើសរើសយកឧទ្យាន ជាតិរាម ខេត្តព្រះសីហនុ ធ្វើជាទីលានកីឡាបាញ់កាំភ្លើងស្តង់ដារអន្តរជាតិនោះ គឺដោយសារសហព័ន្ធមើល ឃើញថា នៅរាជធានីភ្នំពេញ មានកីឡាច្រើនប្រភេទប្រកួតហើយ ដូច្នេះខេត្តព្រះសីហនុ គឺជាគោលដៅ ទេស ចរណ៍តំបន់ឆ្នេរដ៏មានសក្តានុពលមួយ សម្រាប់ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ។

ទីលានកីឡាបាញ់កាំភ្លើងនេះ នឹងត្រូវគេគ្រោងប្រើប្រាស់ថវិកាប្រមាណ ២ទៅ៣លានដុល្លារអាមេរិក។ ខេត្តព្រះ សីហនុ គឺគោលដៅមួយក្នុងចំណោមគោលដៅសំខាន់ៗចំនួន៥ ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ដោយក្រៅពីកីឡាបាញ់កាំភ្លើង គឺកីឡាទូកក្តោង និងម៉ូតូទឹកក៏ធ្វើនៅខេត្តព្រះសីហនុនេះដែរ ស្រប ពេលដែលខេត្តកំពត ទទួលរៀបចំកីឡាប្រណាំងទូកនាគ ទូកកានូ កាយ៉ាក និងរ៉ូអ៊ីង រីឯខេត្តកែបទទួលធ្វើ ម្ចាស់ផ្ទះ ប្រភេទកីឡាទ្រីយ៉ាត្លុង៕

ads banner