ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន សម្រេចបានទឹកប្រាក់ជាង៦៣៣លានដុល្លារនៅត្រីមាសទី១ ឆ្នាំ២០២១ (មានវីដេអូ)
Video: https://fb.watch/5Mm_yGCtTP/
ភ្នំពេញ៖ យោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro) បានអោយដឹងថា នៅត្រីមាសដំបូងដើមឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនសម្រេចបានទឹកប្រាក់ជាង៦៣៣លានដុល្លារ ដែលកើនឡើងជិត៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ។
ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២១ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនមានតម្លៃ សរុប៦៣៣,១២លានដុល្លារ កើន៧,៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលមានតម្លៃ៥៨៧,៤៦លានដុល្លារ ។ ក្នុងនោះ ការនាំចេញពីកម្ពុជាមានតម្លៃ៤៨៩,៦២លានដុល្លារ កើនឡើង២,៩ភាគរយ ពីទឹកប្រាក់៤៧៥,៧៦លានដុល្លារ និងការនាំចូលពីជប៉ុន មាន ទឹកប្រាក់១៤៣,៥លានដុល្លារ កើនឡើង២៨,៥ភាគរយ ពីចំនួន១១១,៧១លានដុល្លារ ។ ការមិនធ្លាក់ចុះទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ដោយសារភាពល្អប្រសើរ នៃទំនាក់ទំនងការទូត ភាពសម្បូរបែបនៃកម្លាំងពលកម្ម និង សមត្ថភាពផលិតរបស់ប្រទេសទាំងពីរ ។ ផលិតផល ដែលកម្ពុជានាំទៅជប៉ុនមានដូចជា សម្លៀកបំពាក់ គ្រឿងផ្គុំអគ្គិសនី និងគ្រឿងផ្គុំអេឡិចត្រូនិក ខណៈការនាំចូលពីជប៉ុនមានដូចជា គ្រឿងម៉ាស៊ីន និង ផលិតផលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ។
សូមរំលឹកថា ក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុនមានទឹកប្រាក់២.១០១,៧៨ លានដុល្លារ ធ្លាក់ចុះ៨,៣៥ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ក្នុងនោះការនាំចេញ មានតម្លៃ១.៦១៧,០៨ លានដុល្លារ ធ្លាក់ចុះ៦,៦ភាគរយ និង នាំចូលមានតម្លៃ៤៨៤,៧០ លានដុល្លារ ធ្លាក់ចុះ១៣,៨ ភាគរយ ៕