អនុប្រមុខការទូតអាមេរិកបញ្ជាក់ថា រដ្ឋបាលលោក ចូ បៃដិន នឹងមិនវិលទៅចូលរួមសន្ធិសញ្ញា Open Skies ជាមួយរុស្ស៊ីវិញឡើយ (មានវីដេអូ)

អាមេរិក សហរដ្ឋអាមេរិកបានប្រាប់រុស្ស៊ីថា ខ្លួននឹងមិនត្រឡប់ចូលរួមក្នុងសិន្ធិសញ្ញាគ្រប់គ្រងអាវុធ Open Skies ដែលអនុញ្ញាតឱ្យយន្ដហោះស៊ើបការណ៍មិនមានបំពាក់អាវុធ ហោះហើរចូលក្នុងដែនអាកាសរបស់ប្រទេសជាសមាជិកវិញនោះឡើយ ។

ផ្អែកតាមប្រភពពីមន្រ្តីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ សារព័ត៌មាន AP បានចុះផ្សាយថា អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman បានប្រាប់ទៅកាន់សមភាគីរបស់លោកស្រីថា រដ្ឋបាលរបស់លោក ចូ បៃដិន បានសម្រេចចិត្តថា នឹងមិនវិលត្រឡប់ទៅចូលរួមសន្ធិសញ្ញានេះវិញឡើយ ខណៈការសម្រេចចិត្តនេះដែរ ត្រូវបានបញ្ជូនទៅកាន់រុស្ស៊ី និងសម្ព័ន្ធមិត្តក្នុងអង្គការ NATO ព្រមទាំងប្រទេសជាដៃគូរបស់សហរដ្ឋអាមេរិកផងដែរ ។

សូមជម្រាបថា សន្ធិសញ្ញាគ្រប់គ្រងអាវុធ Open Skies ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ហើយវាចូលជាធរមាននៅឆ្នាំ២០០២ ។ សហរដ្ឋអាមេរិកបានសម្រេចដកខ្លួនចេញពីសន្ធិសញ្ញានេះកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដោយចោទថា រុស្ស៊ីបានបំពានលើសន្ធិសញ្ញានេះ បើទោះជាទីក្រុងម៉ូស្គូបដិសេធក៏ដោយ ។ ដោយឡែករដ្ឋាភិបាលរុស្ស៊ីវិញ កាលពីខែមករាដើមឆ្នាំនេះ ក៏បានប្រកាសពីផែនការចាកចេញពីសន្ធិសញ្ញានេះដែរ ដោយបានដាក់សំណើផ្លូវការមួយដល់សភាជាតិកាលពីថ្ងៃទី១១ ខែឧសភា ដើម្បីអនុម័តការចាកចេញជាផ្លូវការ ៕ ប្រភព៖ Aljazeera

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner