ខេត្តប៉ៃលិនរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤២នាក់ ភាគច្រើន គឺអ្នកបម្រើការក្នុងកាស៊ីណូនៅព្រំដែនកម្ពុជា-ថៃ

អត្ថបទដោយ៖
ធី ដា

គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបង្អែកខេត្តប៉ៃលិន បានរកឃើញ ប្រជាពលរដ្ឋចំនួន៤២នាក់ វិជ្ជមានកូវីដ-១៩ ក្រោយពីការធ្វើតេស្តរហ័ស។ យោងតាមអាជ្ញាធរមូលដ្ឋាន ភាគច្រើននៃអ្នកវិជ្ជមានកូវីដ-១៩ គឺជាអ្នកបម្រើការក្នុងកាស៊ីណូ នៅជាប់ច្រកទ្វារអន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សូមបញ្ជាក់ថា ក្រោយពីរដ្ឋបាលខេត្តប៉ៃលិន បានសម្រេចបិទផ្អាកបណ្តោះអាសន្ន ទីតាំងអាជីវកម្ម ក្រុមហ៊ុន ស៊ុបភើ រិច (Super Rich) និងក្រុមហ៊ុន ខ្លាខ្មៅ ថែមទាំងបិទផ្សារព្រំថ្មី (ហៅផ្សារតាប៉ាច) ដោយជាប់ពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩។ រដ្ឋបាលខេត្តប៉ៃលិន បានចេញវិធានការផ្អាកជាបណ្តោះអាសន្ន និងបានយកអគារក្រុមហ៊ុនកាស៊ីណូខាងលើ មកធ្វើជាកន្លែងចត្តាឡីស័ក១៤ថ្ងៃ។ រដ្ឋបាលស្រុកសាលាក្រៅ កំពុងធ្វើការស្រាវជ្រាវ រកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល និងអ្នកដែលគេចខ្លួន ដើម្បីយកមកធ្វើចត្តាឡីស័ក យកវត្ថុសំណាក ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។

ប្រភពបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ មកពីតាមបណ្តាភូមិនានាក្នុងខេត្តប៉ៃលិន និង អ្នករស់នៅក្រៅខេត្តផងដែរ ដែលក្នុងនោះមកពី ស្រុកកំរៀង ខេត្តបាត់ដំបង និង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

រដ្ឋបាលខេត្តប៉ៃលិន ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋដែលមានការទាក់ទងដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ១៩ខាងលើ សូមតាមដានសុខភាពជាប្រចាំ បើសង្ស័យត្រូវរួសរាន់ទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ។ សូមឱ្យចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់៕ ដោយ ៖ ចិន្ដា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner