សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ថវិកា ៣០ម៉ឺនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានី ដើម្បីបន្តចែកជូនពលរដ្ឋរងគ្រោះ ដោយកូវីដ-១៩
ភ្នំពេញ៖ ថវិកាចំនួន៣០ម៉ឺនដុល្លារ(សាមសិបម៉ឺនដុល្លារ) ដែលជាថវិការបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដើម្បីនាំយកថវិកាទាំងនេះទៅបែងចែកនិងប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះ ដោយជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។
ពិធីប្រគល់និងទទួលថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២១ ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញនិងលោកស្រីម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញុ។
ក្នុងនោះលោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ៖អំណោយដ៏ថ្លៃថ្លារបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរានីហ៊ុនសែនចំនួន៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិកនេះ ក្នុងនាមរដ្ឋបាលរាជធានីនិងក្នុងសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ នឹងយកទៅចែកជូនដល់ដៃបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះនិងរងគ្រោះនៅរាជធានីភ្នំពេញឱ្យបានទាន់ពេលវេលា ។ លោកឃួង ស្រេង បានប្ដេជ្ញាចិត្តថា នឹងយកថវិកាទាំងនេះទៅបែងចែក ឲ្យចំទិសដៅ មិនឲ្យសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ខុសបំណងនោះទេ ។
លោកបញ្ជាក់ផងដែរថា ៖ពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៌នេះ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ដូចជាក្នុងនាមកាកបាទក្រហមរាជធានីភ្នំពេញនិងដើរកៀងគរសប្បុរសជនបន្ថែមទៀត ដើម្បីរកចំណូលឲ្យបានច្រើនយកទៅប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ ពិសេសក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈនេះ ។
លោកបញ្ជាក់ទៀតថា ៖ការរីករាលដាលជម្ងឺ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ បាននាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន អំណោយកាកបាទក្រហមកម្ពុជា និងសប្បុរសជននានាទៅចែក ជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបានចំនួនជាង៤៥ម៉ឺនគ្រួសារហើយ គិតមកដល់ពេលនេះ។សកម្មភាពនៃការផ្ដល់អំណោយចែកជូនប្រជាពលរដ្ឋក្នុងស្ថានភាពកូវីដ-១៩នេះ ប្រជាពលរដ្ឋមួយចំនួនធំត្រូវបានអាជ្ញាធររាជធានីភ្នំពេញ យកទៅប្រគល់ជូនដល់ខ្នងផ្ទះតែម្ដង ព្រោះយើងការពារ ខ្លាចឆ្លងរីករាលដាលជំងឺកូវីដ-១៩នេះបន្ថែមទៀត ដែលសកម្មភាពបែបនេះ មិនទាន់មានប្រទេសណាមួយអាចធ្វើបានដូចប្រទេសកម្ពុជាយើងនូវឡើយទេ ។
ជាការឆ្លើយតបលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍លើកឡើងផងដែលថា ៖ការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ឃើញថារដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដោយមិនបានគិតថា ជាពេលយប់ឬថ្ងៃឡើយ ដើម្បីកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលនៃជំងឺ-១៩នេះ ពិសេសនៅក្នុងអំឡុងនៃការបិទខ្ទប់រាជធានីភ្នំពេញ។
ក្រៅពីមានវិធានការបិទខ្ទប់ លោកឃួង ស្រេង នូវបាននាំយកអំណោយមនុស្សធម៌របស់សម្ដេចតេជោហ៊ុនសែន សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងអំណោយរបស់សប្បុរសជននានាផ្សេងទៀត ទៅប្រគល់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់នៅក្នុងរាជធានីភ្នំពេញបន្ថែមទៀត ដោយលោកស្រីបញ្ជាក់ថា ៖បើលោកអភិបាលរាជធានីភ្នំពេញមិនមានសុខភាពរឹងមាំខ្លាំងក្លាទេ គឺមិនអាចអនុវត្តការងារទាំងយប់ទាំងថ្ងៃបានល្អប្រសើរដូច្នេះទេ ៕