គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអនុម័តយល់ព្រមលើសំណើលាឈប់ពីតំណែងប្រធានគ.ជ.ប របស់លោកស៊ិក ប៊ុនហុក

ភ្នំពេញៈ គណៈកម្មាធិការអចិន្រ្តៃយ៍បានអនុម័តយល់ព្រមលើសំណើលាឈប់ពីតួនាទីនិងតំណែងប្រធានគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)របស់ឯកឧត្តម ស៊ិក ប៊ុនហុកនិងបានអនុម័តយល់ព្រមនូវសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកំណត់បែបបទនិងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគ.ជ.ប និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋាន រដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជនជាប្រធានគ.ជ.ប ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាពេលដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

ការអនុម័តយល់ព្រមលើសំណើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាតាមប្រព័ន្ធវីដេអូ ដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។

ការអនុម័តរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានធ្វើឡើងបន្ទាប់ពីឯកឧត្តម ស៊ិក ប៊ុនហុកប្រធានគ.ជ.ប បានដាក់ពាក្យសុំលាលែងទៅរដ្ឋសភាកាលពីដើមសប្តាហ៍នេះ។

ឯកឧត្តម ស៊ិក ប៊ុនហុក បានមានប្រសាន៍ប្រាប់ AMS ថា ការសុំលាឈប់ពីប្រធានគ.ជ.បដោយសារតែលោកមានវ័យ ចាស់ និងមានបញ្ហាសុខភាព និងមិនអាចរ៉ាប់រងបាននូវការងារដ៏ធ្ងន់នៃការបោះឆ្នោតហេតុនេះទុកឲ្យអ្នកដែលពេញកម្លាំង គេធ្វើការងារនេះជំនួសវិញ។

ប្រធានគ.ជ.ប បានបញ្ជាក់ថា “ដោយសារយើងវ័យចាស់ និងមានបញ្ហាសុខភាពខ្លះ ហើយទំហំការងារវាធំនិងស្មុគស្មាញ ខ្លាំង ហើយបើសុខភាពយើងមិនអាចធានា។យើងស្គាល់ខ្លួនយើង បានសុំលាលែងពីប្រធានគ.ជ.ប។ខ្ញុំកាន់តែវ័យចាស់ ហើយផងហើយខ្ញុំឃើញការងារនេះវារស៊ើបណាស់។បើយើងមានកម្លាំងមិនគ្រប់គ្រាន់ក្រែងរ៉ាប់រងការងារវាមិនបានទៅវានាំឲ្យមានផលវិបាកដល់ស្រុកទេស”។

ក្រៅពីនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏បានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខ នូវសេចក្តីព្រាងច្បាប់ចំនួន៤ ដែលគណៈកម្មការជំនាញរដ្ឋសភាទើបបញ្ចប់ការពិនិត្យនិង សិក្សាមាន សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុលពី ខេត្តបាត់ដំបងទៅកាន់ព្រំដែនកម្ពុជា-ថៃ។សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្មេថេក ខូ អិលធីឌី សម្រាប់គម្រោងអភិវឌ្ឍខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-ឡាវ។សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការ ធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាមនិងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនណឺរី ខបភើរេសិន សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង។
ក្រៅពីនេះអង្គប្រជុំបានអនុម័តយល់ព្រមលើសេចក្តីព្រាងរបាយការណ៍ស្តីពីសកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ នីតិកាលទី៦ ដោយបានប្រគល់ភារកិច្ចដល់អគ្គលេខាធិការដ្ឋានរដ្ឋសភាបន្តបញ្ចូលសកម្មភាព ការងាររដ្ឋសភា រហូតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាពេលខាងមុខផងដែរ៕ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner