រដ្ឋសភា អនុម័តយល់ព្រមលើសំណើលាឈប់ពីតំណែងប្រធាន គ.ជ.ប របស់ ឯកឧត្តម ស៊ិក ប៊ុនហុក
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តយល់ព្រម លើសំណើលាឈប់ពីតួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ឯកឧត្តម ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រមនូវសេចក្តីព្រាងសេចក្តី សម្រេច ស្តីពីការកំណត់បែបបទ និងនីតិវិធី នៃការជ្រើសរើសបេក្ខជន ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រគល់ភារកិច្ចជូនអគ្គលេខា ធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹង ជ្រើសរើសបេក្ខជន ជាប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក។
ការអនុម័តយល់ព្រមលើសំណើនេះ បានធ្វើឡើងនៅក្នុងកិច្ច ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។ ការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា បានធ្វើឡើង បន្ទាប់ពីឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតបានដាក់ពាក្យ សុំលាលែង ទៅរដ្ឋសភា កាលពីដើមសប្តាហ៍នេះ ។
ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា ការសុំលាឈប់ពីប្រធាន គ.ជ.ប ដោយសារតែលោកមានវ័យចាស់ មានបញ្ហាសុខភាព និងមិនអាចរ៉ាប់រងបាននូវការងារដ៏ធ្ងន់ នៃការ បោះឆ្នោត ហេតុនេះ ទុកឲ្យអ្នកដែលពេញកម្លាំង គេធ្វើការងារនេះ ជំនួសវិញ ។
ប្រធាន គ.ជ.ប បានបញ្ជាក់ថា បើសុខភាពយើងមិនអាចធានា យើងស្គាល់ខ្លួនយើងបានសុំលាលែងពីប្រធាន គ.ជ.ប ។ ខ្ញុំកាន់តែវ័យចាស់ហើយផង ហើយខ្ញុំ ឃើញការងារនេះ វារស៊ើបណាស់ ហើយបើយើងមានកម្លាំងមិនគ្រប់គ្រាន់ ក្រែងរ៉ាប់រងការងារមិនបានទៅ វានាំឲ្យមានផលវិបាកដល់ស្រុកទេស ៕