ប្រធានគណៈអចិន្ត្រៃយ៍ គណបក្សខេត្តកណ្តាល ស្នើដល់ក្រុមការងារចុះមូលដ្ឋានជួយដល់ការងារសង្គម និងការដោះស្រាយសំណូមពរប្រជាពលរដ្ឋ

កណ្តាល ៖ ប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកណ្តាល ស្នើរដល់ក្រុមការងារគណបក្សចុះមូលដ្ឋាន ត្រូវបង្កើនសកម្មភាពចិញ្ចឹមចលនានៅមូលដ្ឋានឱ្យស៊ីជម្រៅ ជាមួយសមាជិកគណបក្ស និងប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ក្រុម និងភូមិ, បន្តចុះសំណេះសំណាល, សាកសួរសុខទុក្ខ, អប់រំសតិអារម្មណ៍ និងចូលរួមដោះស្រាយសំណូមពរនៅមូលដ្ឋាន ព្រមទាំងសកម្មភាពជួយកិច្ចការសង្គម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកណ្តាល ថ្លែងលើកឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅមន្ទីរបក្សខេត្តកណ្តាល ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១នេះថា តាមការវាយតម្លៃ, សភាពការណ៍នៃជំងឺកូវីដ-១៩ នៅតែបន្តជាបញ្ហាដែលមានហានិភ័យខ្ពស់សម្រាប់រយៈពេលមធ្យម និងយូរអង្វែងទៅមុខទៀត ដែលយើងមិនអាចប៉ាន់ប្រមាណឱ្យបានច្បាស់លាស់ អំពីទំហំនៃផលវិបាកមកលើសង្គម, សេដ្ឋកិច្ច, ជីវភាពរស់នៅ និងអាយុជីវិតប្រជាជនយើង ។

ទោះបីកាលៈទេសៈលំបាកយ៉ាងណាក្តី, ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល, ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា, មិនមានការប្រែប្រួលឡើយ ពោលគឺរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ស្របទៅតាមច្បាប់ដែលបានកំណត់ ។ ដូច្នេះក្រុមការងារគណបក្សចុះមូលដ្ឋាន និងក្រុមការងារគណបក្សគ្រប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីត្រៀមលក្ខណៈសម្បត្តិឲ្យបានម៉ត់ចត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងត្រូវធានាឲ្យបាននូវប្រៀបឈ្នះនៅគ្រប់ក្រុង-ស្រុក និងឃុំ-សង្កាត់ទូទាំងខេត្តកណ្តាលរបស់យើង ។

ពាក់ព័ន្ធការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់, គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ០៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ប្រកបដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីយកប្រៀបឈ្នះនៅក្នុងការបោះឆ្នោត។ ក្នុងចំណោមយុទ្ធសាស្ត្រទាំងនោះ ការជ្រើសរើសបេក្ខជនឈរឈ្មោះតំណាងគណបក្ស ជាយុទ្ធសាស្រ្ត និងជាកត្តាកំណត់ដ៏សំខាន់មួយ ក្នុងការទទួលបានជោគជ័យលើការបោះឆ្នោត ពីព្រោះប្រសិនបើការជ្រើសរើសបេក្ខជនតំណាងគណបក្សដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ មានសមត្ថភាព មានប្រជាប្រិយភាព មានឥទ្ធិពល ព្រមទាំងមានការគាំទ្រពីប្រជាពលរដ្ឋ នោះគណបក្សនឹងទទួលបានការចូលរួម ការគាំទ្រពីប្រជាពលរដ្ឋ ទាំងក្នុងការបោះឆ្នោត និងការដឹកនាំគ្រប់គ្រង អភិវឌ្ឍឃុំ-សង្កាត់ផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner