លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រគល់ថវិកាមួយចំនួនជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកមកប្រើប្រាស់ក្នុងការងារប្រយុទ្ធ នឹងទប់ស្កាត់ជំងឺកូវីដ-១៩

ភ្នំពេញ៖ ថវិកាជាង១ម៉ឺនដុល្លារនិងជាង២លានរៀល ត្រូវបានលោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកប្រើប្រាស់ក្នុងការជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ និងឧបត្ថម្ភដល់កងកម្លាំងដែលកំពុងបំពេញការងារប្រយុទ្ធ នឹងទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។

ពិធីប្រគល់និងទទួលនេះបានធ្វើឡើង កាលពីព្រឹក ថ្ងៃទី០៧ មិថុនាឆ្នាំ២០២១នេះ ក្រោមវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោកអ៊ុ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍តំណាងលោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ នៅសាលារាជធានីភ្នំពេញ។ លោកកើត ឆែ ក្នុងឱកាសនោះ បានមានប្រសាសន៍ថា ៖ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានឧបត្ថម្ភថវិកា ជាប្រាក់រៀលចំនួន ២,២៦៣,៤០០៛ (ពីរលានពីររយហុកសិបបីពាន់បួនរយរៀលគត់) និងប្រាក់ដុល្លារ ចំនួន ១០,៨៧៥$ (ដប់ពាន់ប្រាំបីរយចិតសិបប្រាំដុល្លារអាមេរិកគត់)ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ក្នុងការជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ និងឧបត្ថម្ភដល់កងកម្លាំងដែលកំពុងបំពេញការងារប្រយុទ្ធ នឹងទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។

លោកបន្តថា ៖ការផ្តល់នូវជំនួយជាថវិកាខាងលើនេះ ពិតជាមានសារៈសំខាន់ និងស្ដែងឱ្យឃើញពីទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាបំផុតនិងមនោសញ្ចេតនា ប្រកបដោយក្តីអាណិត របស់លោក កិត្តិសេដ្ឋាបណ្ឌិត ក្នុងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាកងកម្លាំងគ្រប់ប្រភេទដែលកំពុងបំពេញការងារ យ៉ាងសស្រាក់សស្រាំក្នុងគោលដៅកាត់បន្ថយឱ្យបានជាអតិបរមានូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ” នៅរាជធានីភ្នំពេញ។

លោកអ៊ុ សុថា បានមានប្រសាសន៍លើកឡើងថា ៖ថវិកាខាងលើនេះ មិនច្រើនទេ តែវាជាការចូលរួមចែករំលែករបស់លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋ និងឧបត្ថម្ភដល់កងកម្លាំងដែលកំពុងបំពេញការងារប្រយុទ្ធ នឹងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយ លោកទេសរដ្ឋមន្ត្រីជឿជាក់ថា រដ្ឋបាលភ្នំពេញនឹងទប់ស្កាត់បាននូវជម្ងឺកូវីដ-១៩ ឱ្យទទួលបានជោគជ័យ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner