ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងក្រុមការងារចុះជួយក្រុង-សង្កាត់ បានយកអំណោយសម្តេចក្រឡាហោម ស ខេង និង លោកជំទាវ ចែកជូនដល់គ្រួសារក្រីក្រលំបាកខ្លាំង ចំនួន១០០គ្រួសារ រស់នៅភូមិចំនួន០២ក្នុងសង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង
ប្រជាពលរដ្ឋក្រីក្ររស់នៅក្នុងភូមិចំនួន០២ភូមិភូមិវត្តគរនិងភូមិបល្ល័ង្គ ចំនួន ១០០គ្រួសារ ដែលកំពុងតែប្រឈមនូវជីវភាពខ្វះខាតប្រចាំថ្ងៃ ដោយសារតែវិបត្តិកូវីដ-19 កន្លងមក រស់នៅក្នុងសង្កាត់វត្តគរ ក្នុងក្រុងបាត់ដំបង ត្រូវបានទទួលអំណោយស្បៀងរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ តាមរយៈក្រុមការងារចុះជួយសង្កាត់និងក្រុងបាត់ដំបង ដើម្បីជាការចែករំលែកនូវក្នុងគ្រាដែលបងប្អូនទាំងនោះកំពុងតែជួបប្រទះពីការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបងនិងជាប្រធានក្រុមការងារចុះជួយខេត្ត។និងអមដំណើរដោយឯកឧត្តម អ៊ុត ក្លឹង និងឯកឧត្តម ព្រួញរិទ្ធថា ទីប្រឹក្សាសម្តេចក្រឡាហោមស ខេង ព្រមទាំងអាជ្ញាធរនៃរដ្ឋបាលក្រុងនិងមូលដ្ឋានសង្កាត់ នៅទីនោះផ្ទាល់ បានទទួលអំណោយមនុស្សធម៌របស់សម្តេចក្រឡាហោម ពីឯកឧត្តម ងួន រតនៈអភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នៅថ្ងៃចុងសប្តាហ៍កន្លងទៅនេះ។
ប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារក្នុងភូមិទាំង២ខាងលើនេះ ក្នុង១គ្រួសារៗទទួលបាន នូវ អង្ករ២០គក្រ., មី១កេស, ទឹកត្រីទឺស៊ីអ៊ីវ០១យួរ, សៀង៣ដប និង ទឹកសុទ្ធ ០១ កេសធំ។
នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម ងួន រតនៈអភិបាលខេត្តបាត់ដំបង បានថ្លែងក្រើនរំលឹកដល់គ្រប់អាជ្ញាធរ នៅក្នុងមូលដ្ឋានទាំងអស់ ត្រូវតែបន្តនូវវិធានសុខាភិបាលឲ្យបានម៉ឺងម៉ាត់នូវក្នុងការទប់ស្កាត់នូវលំហូរចូលរបស់ប្រជាពលរដ្ឋដែលមកពីតំបន់ប្រឈមនានាពីប្រទេសជិតខាង មកពិមូលដ្ឋានដែលកំពុងប្រឈមនិងការឆ្លង ការចម្លងមេរោគកូវីដ-19កន្លងមក ពេលមកដល់មូលដ្ឋានត្រូវយកបងប្អូនទាំងនោះឲ្យធ្វើចត្តាឡីស័កដើម្បីត្រួតពិនិត្យសុខភាព ចៀសវាងការចម្លងទៅក្រុមគ្រួសារនិងអ្នកដទៃ។ ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋក៏ត្រូវចូលរួមជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ការឆ្លងនិងចម្លងពីមេរោគកូវីដ-19ឲ្យបាន តាមរយៈការប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការអនុវត្ត៣. ការពារ ៣. កុំ និង ២.ត្រូវចូលរួម។ ដើម្បីឲ្យខ្លួនយើង គ្រួសារយើង សហគមន៍យើង ខេត្តយើងចៀសផុតពីជម្ងឺរាតត្បាតមួយនេះ។ក្នុងករណីសង្ស័យអ្នកដែលមកពីតំបន់ប្រឈមពីក្រៅប្រទេស និងកន្លែងដែលពាក់ព័ន្ធនិងតំបន់ប្រឈម ត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានខ្លួនជាបន្ទាន់។ ឯកឧត្តមអភិបាលខេត្ត រួមនិងក្រុមការងារ ក៏បានអញ្ជើញប្រគេននូវទេយ្យទាន-ទេយ្យវត្ថុ ដល់ព្រះសង្ឃនៅក្នុងវត្តគរ មាន៖អង្ករ មី,ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ សៀង រួមនិងបច្ច័យមួយចំនួន៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )