ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ដសៀមរាប ចាប់ផ្ដើមធ្វើការផាកពិន័យចំពោះអ្នកដែលមិនគោរពវិធានការពាក់ម៉ាស់ និងពាក់ម៉ាសមិនត្រឹមត្រូវ

អត្ថបទដោយ៖
ធី ដា

នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះរបស់ខេត្ដ ដែលមានកម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និងក្រុមមន្ដ្រីសុខាភិបាល ចុះផាកពិន័យ ទៅលើអាជីវករលក់ដូរដែលមិនពាក់ម៉ាស់ និងពាក់មិនត្រឹមត្រូវ នៅផ្សារធំថ្មីលើ ក្រុងសៀមរាប ។

លោក ពិន ប្រាកដ បានមានប្រសាសន៍ថា មុននឹងចុះធ្វើការផាកពិន័យនេះ អាជ្ញាធរបានចុះណែនាំជាច្រើនដងមកហើយ ប៉ុន្ដែអាជីវករនិងពលរដ្ឋមួយចំនួនតូចមិនអនុវត្ដតាមសេចក្តីណែនាំនានារបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាលនោះទេ ទើបពេលនេះអាជ្ញាធរខេត្ត បានចុះអនុវត្ដ តាមផ្លូវច្បាប់ ហើយបើតាមការសង្កេតឃើញថា មានអាជីវករ និងពលរដ្ឋប្រមាណ៥ភាគរយប៉ុណ្ណោះ ដែលពួកគាត់មិនពាក់ម៉ាស់ និង មិនអនុត្ដតាន៍មច្បាប់។

យោងតាមអនុក្រិត្យ ស្ដីពីកាតព្វកិច្ចពាក់ម៉ាស់ តាមមាត្រា ១៩ នៃអនុក្រឹត្យនេះចែងថា បុគ្គលដែលមិនពាក់ម៉ាស់នៅកន្លែងចាំបាច់ដែលក្រសួងសុខាភិបាលបានណែនាំនឹងត្រូវរងការផាកពិន័យពី ២០ ម៉ឺនរៀល ទៅ ១លានរៀល ប្រសិនបើបុគ្គលនោះមិនធ្វើតាមការព្រមានលើកទី ១ ។ ចំណែកអ្នករៀបចំកម្មវិធីអ្វីមួយដែលមិនគោរពទៅតាមគោលការណ៍គម្លាតសង្គមត្រូវរងការផាកពិន័យពី ១លាន ទៅ៥លានរៀល ក្នុងករណីមិនធ្វើតាមការព្រមានលើកទី១ ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ២៤៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៩០នាក់ , កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន១៥៧នាក់ និង ស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០២នាក់ ដែលគាត់ទាំងពីរនាក់ ជាអ្នកជំងឺខូចតម្រងនោមធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ មុននឹងគាត់មានវិជ្ជមានជំងឺកូវីដ-១៩ ៕ ដោយ ស៊ាន សុផាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner