ប្រតិភូអន្តរក្រសួងនិងអាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង រួមទាំងស្ថាប័នមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្ត ចុះធ្វើអធិការកិច្ចពិនិត្យមើល កិច្ចដំណើរការសាងសង់នូវអាងប្រព្រឹត្តកម្មក្នុងតំបន់ឧស្សាហកម្ម ក្នុងស្រុករតនមណ្ឌល របស់ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្ទ្រីល៍ ឯ.ក
នៅព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១នេះក្រុមការងារអន្តរក្រសួងមួយបានចុះត្រួតពិនិត្យមើលនិងធ្វើអធិការកិច្ចក្នុងការវាយតម្លៃពីការគ្រប់គ្រង នៃបរិស្ថាន នៅក្នុងក្រុមហ៊ុនហ្វីនិកអ៊ិនដាស្ទ្រីល៍ ឯ.ក
ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលដឹកនាំដោយឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងវត្តមានចូលរួមពី ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងវត្តមានពីថ្នាក់ដឹកនាំបណ្តាស្ថាប័នមន្ទីរអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរដែនដីពាក់ព័ន្ធក្នុងស្រុករតនមណ្ឌល មួយចំនួនផងដែរ។
តាមរយៈកិច្ចប្រជុំស្វែងរកដំណោះស្រាយ និងរបស់ក្រុមការងារអន្តរក្រសួង ដែលបានចុះធ្វើការត្រួតពិនិត្យមើលនិងបានវាយតម្លៃការងារគ្រប់គ្រងបរិស្ថាន របស់ក្រុមហ៊ុនហ្វីនិក អ៊ុនដាស្ទ្រីល៍ ឯ.ក ដែលកន្លងមកបានបង្កឱ្យមានការលេចធ្លាយនូវសំណល់រាវ ដែលមានសារធាតុគីមីនិងបំពុលក្នុងទឹកស្ទឹងសង្កែនិងបានបណ្តាលឲ្យត្រីក្នុងស្ទឹងពុលងាប់កន្លងមក…។
ហើយតាមរយៈនៃកិច្ចប្រជុំ និងស្មារតីអង្គប្រជុំគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលដែនដីគ្រប់ជាន់ថ្នាក់បានយកចិត្តទុកដាក់និងចូលរួមសហការ ជាមួយក្រសួងបរិស្ថាន ដើម្បីធ្វើការដោះស្រាយនូវបញ្ហាការបំពុលបរិស្ថាននេះប្រកបដោយការទទួលខុសត្រូវខ្ពស់។ និងបានឱ្យក្រុមហ៊ុនធ្វើបទបង្ហាញដែលទាក់ទងទៅនិងហេតុការកើតឡើងកន្លងមក និងពីការងារគ្រប់គ្រងកាកសំណល់រឹង និងរាវរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះក្រុមហ៊ុន ក៏បានបង្ហាញនូវការសោកស្តាយ ចំពោះហេតុការណ៍ ដែលបានកើតឡើងកន្លងមក។ដោយបានប្តេជ្ញាចិត្តធ្វើការកែលម្អក្នុងការគ្រប់គ្រងនូវសំណល់រាវ កុំឱ្យកើតមានបញ្ហាជាថ្មីម្តងទៀត។ថែមទាំងបានបង្ហាញអំពីលក្ខណៈនៃការដំណើរក្នុងការសាងសង់នូវអាងប្រព្រឹត្តកម្មសំណល់រាវនិងប្រព័ន្ធបច្ចេកទេសពីការសម្អាតទឹកបានប្រមាណ ៨០% ដែលគ្រោងនិងបញ្ចប់នូវចុងឆ្នាំ២០២១នេះ។
រុមការងារអន្តរក្រសួង ក៏នៅតែមានការព្រួយបារម្ភចំពោះ”ស្រះស្តុកកាកសំណល់រឹងនិងរាវ” របស់ក្រុមហ៊ុនផងដែរដែលពុំទាន់មានបច្ចេកទេសត្រឹមត្រូវ ដែលអាចបង្កឱ្យមានការលេចធ្លាយជាថ្មី ឬក៏ជ្រាបចូលតាមប្រព័ន្ធទឹកក្រោមដី និងអាចបង្កផលប៉ះពាល់បរិស្ថានទឹក។ពិសេសនៅរដូវភ្លៀងធ្លាក់ខាងមុខនេះ។ហើយបញ្ហានេះតំរូវឲ្យអាជ្ញាធរនិងក្រុមហ៊ុន ត្រូវតែចាត់វិធានការចាំបាច់នានា ក្នុងការទប់ស្កាត់ឱ្យខាងតែបាន។
រុមការងារអន្តរក្រសួងក៏បានជំរុញស្នើដល់ក្រុមហ៊ុនត្រូវតែពនឿនការរៀបចំការសាងសង់អាងប្រព្រឹត្តកម្មសំណល់រាវឱ្យបានឆាប់រហ័ស ដើម្បីដាក់ឱ្យដំណើការនិងធ្វើការសម្អាតនូវកាកសំណល់រាវចាស់ និងបង្វែរប្រព័ន្ធសំណល់រាវ ពីផលិតកម្ម ទៅធ្វើការសម្អាត ឲ្យស្របតាមលិខិតបទដ្ឋានច្បាប់រួមទាំងត្រូវបំពាក់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ ពីការបញ្ចេញសំណល់ ដើម្បីធានាដល់ប្រសិទ្ធភាព ក្នុងការសម្អាតសំណល់រាវឲ្យបានជាប្រចាំ និងជាការឆ្លើយតប ទៅនឹងកម្រិតកំណត់ស្តង់ដារ។
ជាមួយគ្នានេះផងដែរ ក្រុមការងារអន្តរក្រសួងក៏បានណែនាំនិងជំរុញដល់ក្រុមហ៊ុន ត្រូវតែមានដំណោះស្រាយសមស្រប និងឆ្លើយតបចំពោះផលប៉ះពាល់ទាំងឡាយដែលកើតមានកន្លងមកនេះ។ ដើម្បីបង្កើននូវទំនុកចិត្តដល់ប្រជាជន ដែលទទួលរងនូវផលប៉ះពាល់អំពីករណីបំពុលទឹកនេះ។ និងដើម្បីចៀសវាងនូវការបង្កផលប៉ះពាល់ទៅដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល និង សតិអារម្មណ៍សាធារណជន។ឯកឧត្តមប្រធានដឹកនាំកិច្ចប្រជុំ នេះក៏បានលើកឡើងដោយសង្កត់ធ្ងន់ថា៖ រាល់គម្រោងវិនិយោគ រាជរដ្ឋាភិបាលតែងតែលើកទឹកចិត្ត និងបានគិតគូរពី សុខមាលភាពរបស់ប្រជាពលរដ្ឋ។ក្នុងនោះដែរក្រុមការងារអន្តរក្រសួង ក៏បានផ្តល់នូវមតិយោបល់គន្លឹះដោយស្នើទៅដល់ក្រុមហ៊ុន ដោយលើកឡើងថា៖ដើម្បីធានាការទុកចិត្តលើការគ្រប់គ្រងសំណល់រាវរបស់ក្រុមហ៊ុន គួរតែមានការផ្អាកដំណើរការ ផលិតកម្មជាបណ្តោះអាសន្ន មួយរយៈសិន។ រហូតដល់ក្រុមហ៊ុន បានរៀបចំនូវអាងប្រព្រឹត្តកម្មសំណល់រាវ របស់ ខ្លួនបានរួចរាល់ និងដើម្បីធ្វើការសម្អាតនូវសំណល់រាវទាំងអស់ដែលមានសារធាតុគីមីពុលខ្ពស់ ពីសង្វាក់ផលិតកម្ម និងដើម្បីសំដៅដល់ការបង្ការនូវផលប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរជាថ្មីទៀត៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )