កិច្ចប្រជុំក្រៅផ្លូវការលើកទី១១ រដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(វ.ប.ន.)
ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងកម្ពុជា នៅព្រឹកថ្ងៃទី ១៧ មិថុនា ២០២១ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី១១ រដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលដឹកនាំដោយ ឯកឧត្តម Anek Laothamatas រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ នៃព្រះរាជាណាចក្រថៃ។
រដ្ឋមន្ត្រីអាស៊ានផ្នែក វ.ប.ន. បានផ្លាស់ប្តូរទស្សនៈលើផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ និងបានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហការក្នុងតំបន់និងតួនាទីដ៏សំខាន់របស់ វ.ប.ន. ក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ច។ ដើម្បីបង្កើននូវភាពប្រកួតប្រជែងរបស់អាស៊ាន ក្នុងដំណាក់កាលក្រោយកូវីដ១៩ អង្គប្រជុំបានឯកភាពលើការកសាងនូវផែនការតំបន់មួយសម្រាប់ប្រព័ន្ធអេកូឡូស៊ីអាស៊ានផ្នែក វ.ប.ន.។ អង្គប្រជុំក៏បានគូសបញ្ជាក់អំពីសារៈសំខាន់សម្រាប់កិច្ចសហការលើការសិក្សាស្រាវជ្រាវអំពីជំងឺកូវីដ ១៩ និង វ.ប.ន. លើបរិវត្តកម្មឧស្សាហកម្មនិងមូលដ្ឋានគ្រឹះសម្រាប់អនាគត។
រដ្ឋមន្ត្រីអាស៊ានផ្នែក វ.ប.ន. ក៏បានឯកភាពកំណត់អាទិភាពសម្រាប់ឆ្នាំ២០២១ លើវិស័យ វ.ប.ន. មួយចំនួនដូចខាងក្រោម៖
១. អនុម័តគម្រោងយ៉ាងតិចពីរសម្រាប់កសាងសមត្ថភាពអាស៊ានក្នុងការប្រឆាំងកូវីដ១៩
២. អនុវត្តវគ្គសិក្សារយៈពេលខ្លីលើ High Performance Computing (HPC)
៣. បង្កើតមជ្ឍមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យា
៤. អនុវត្តគម្រោងយ៉ាងតិចពីរដែលឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព
អង្គប្រជុំបានស្វាគមន៍ និងជំរុញរាល់សកម្មភាពកសាងសមត្ថភាពលើវិស័យ វ.ប.ន. ដល់អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ អ្នកបង្កើតគោលនយោបាយ ក៏ដូចជាសិស្សនិស្សិត និងតួអង្គពាក់ព័ន្ធនានា ដែលជាគន្លឹះដ៏សំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចអាស៊ាន។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានផ្តល់បទអន្តរាគមន៍ដោយបានស្នើសុំឱ្យប្រទេសជាសមាជិកអាស៊ានទាំងអស់ និងលេខាធិការដ្ឋានអាស៊ាន ធ្វើការពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយប្រកបដោយឱ្យមានបរិយាបន្ន និងសមធម៌ ក្នុងការរៀបចំនូវគម្រោងសម្រាប់តំបន់។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ក៏បានបន្ថែមថា បច្ចុប្បន្នកម្ពុជាកំពុងប្រឈមមុខនឹងការរីករាលនៃជំងឺកូវីដ១៩ ក្នុងកម្រិតមួយគួរឱ្យបារម្ភ ដូចនេះកម្ពុជាសង្ឃឹមថាប្រទេសជាសមាជិកទាំងអស់អាចចូលរួមរិះរកយន្តការបន្ថែមប្រកបដោយប្រសិទ្ធភាព សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។
អង្គប្រជុំក៏បានកំណត់ថានឹងរៀបចំកិច្ចប្រជុំលើកទី១៩ រដ្ឋមន្ត្រីអាស៊ាន ផែ្នកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ ៕ ដោយ / គ្រី សម្បត្តិ