សមាជិកសភាអាម៉េរិកម្នាក់ព្យាករណ៍ថា ពលរដ្ឋខ្លួនចាប់ពី៧០ដល់១៥០លាននាក់នឹងឆ្លងមេរោគ COVID-19 បើសិនការទប់ស្កាត់គ្មានប្រសិទ្ធភាព
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ ការព្យាករណ៍មួយដែលត្រូវបានបញ្ជូនទៅកាន់សភាអាម៉េរិក បានឲ្យដឹងនៅថ្ងៃទី១២ ខែមីនានេះថា ពលរដ្ឋអាម៉េរិកចន្លោះពី៧០ដល់១៥០លាននាក់អាចនឹងត្រូវឆ្លងមេរោគ COVID-19 បើសិនការទប់ស្កាត់វីរុសនេះ គ្មានប្រសិទ្ធភាពទេនោះ នេះបើតាមសារព័ត៌មាន Channel News Asia នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ។
អ្នកព្យាករណ៍ខាងលើនេះ ត្រូវបានសារព័ត៌មាន អាកស៊ីយ៉ូស រាយការណ៍ថា ជាវេជ្ជបណ្ឌិតមួយរូបឈ្មោះ ប្រាយអ៊ែន ម៉ូណាហាន ដែលបានបញ្ជូនលទ្ធផលព្យាករណ៍ទៅកាន់ព្រឹទ្ធសភា កាលពីថ្ងៃទីទី១១ ខែមីនា ចំពេលមានការរីករាលដាលខ្លាំងនៃជំងឺរលាកសួតនេះនៅសហរដ្ឋអាម៉េរិក ។
ការព្យាករណ៍នេះទៀតសោត បានកើតមានឡើងស្របពេលដែលនៅទូទាំងសហរដ្ឋអាម៉េរិក គិតត្រឹមថ្ងៃទី១៣ ខែមិនានេះ មានអ្នកឆ្លងមេរោគ COVID-19 កើនឡើងដល់១ពាន់៦រយករណី ក្នុងនោះអ្នកជំងឺ៤០នាក់បាត់បង់ជីវិត ៕