រដ្ឋបាលរាជធានី កំពុងកាយស្ដាប្រឡាយមេ ២ខ្សែ នៅអមសងខាងផ្លូវជាតិលេខ៤ និងផ្លូវរថភ្លើង ហើយគ្រោងនឹងស្ថាបនាផ្លូវលើខ្នងប្រឡាយនេះបន្ថែមទៀត
ភ្នំពេញ៖ ដោយមានការគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហាលិចលង់ ដោយជំនន់ទឹកភ្លៀងនៅប៉ែកខាងលិចរាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌកំបូល និង ពោធិ៍សែនជ័យ បន្តចុះ កាយស្តារលូ ប្រឡាយសំខាន់ៗមួយចំនួន ដើម្បីរំដោះជំនន់ទឹកជំនន់ ជៀសវាងឱ្យបាននូវការលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ នារដូវវស្សានេះ ហើយជាគម្រោង អាជ្ញាធរខណ្ឌកំបូលក៏គ្រោងនឹងសុំទៅអាជ្ញាធររាជធានីភ្នំពេញ ធ្វើផ្លូវនៅលើខ្នងប្រឡាយនេះ ដើម្បីរំដោះការកកស្ទះចរាចរណ៍ផងដែរ។
លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍អោយដឹងនៅរសៀលថ្ងៃទី២៥មិថុនានេះថា ៖ប្រឡាយមេពីរខ្សែនៅអមសងខាងផ្លូវរថភ្លើង ពីផ្លូវជាតិលេខ៤ តភ្ជាប់ទៅប្រឡាយអូរលាវ ដើម្បីបើកមុខទឹកអោយហូរទៅកាន់បឹងទំនប់កប់ស្រូវ។ ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះជំនន់ទឹកភ្លៀងនៅប៉ែកខាងលិចរាជធានីភ្នំពេញ ពិសេសក្នុងទឹកដីនៃខណ្ឌកំបូលទាំងមូល និងមួយផ្នែកនៃខណ្ឌពោធិ៍សែនជ័យផងដែរ។
លោក ម៉ៅ ប៊ុនធឿនបន្តថា ៖ការកាយស្ដារប្រឡាយដ៏សំខាន់ទាំង២ខ្សែនេះ ធ្វើឡើង គឺក្រោយពីទទួលបានបទបញ្ជាពីលោកអភិបាលរាជធានីភ្នំពេញ ទើបមន្ទីរធន ធានទឹកនិងឧតុនិយម សហការគ្នាយ៉ាងស្អិតរមួតជាមួយអាជ្ញាធរខណ្ឌធ្វើការកាយស្ដារ តែម្តង ហើយ គ្រោងនឹងស្តារបញ្ចប់នៅពេលដ៏ខ្លីខាងមុខ។
លោកបន្តទៀតថា៖ ការកាយស្តារប្រឡាយមេ១ខ្សែនៅខាងលិចផ្លូវរថភ្លើង យើងកាយស្ដារ ក្នុងទំហំមុខប្រឡាយ១២ម៉ែត្រនិងជម្រៅ រហូតដល់ទៅ៤ ម៉ែត្រ ចំណែកឯប្រឡាយនៅខាងកើតផ្លូវរថភ្លើងដែល យើងបាននឹងកំពុងកាយស្ដានេះ មានទំហំមុខប្រឡាយ៦ ម៉ែត្រ និងជម្រៅ៤ មែនដូចគ្នា។ លោកឱ្យដឹងដែរថា ៖ដើមឡើយទីនេះ ជាប្រឡាយមេចាស់ ប៉ុន្តែត្រូវបានគោករាក់ ដោយការចាក់ដី សំរាមហូរចូលនិងស្មៅដុះជាច្រើនឆ្នាំ រហូតដល់លុបបាត់ប្រឡាយទាំងមូលតែម្ដង និងធ្វើឱ្យទឹកមិនអាចហូរកាត់ទីនេះទៅកាន់បឹងទំនប់កប់ស្រូវបាន បង្ករឲ្យមានការលិចលង់ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋ ជារៀងរាល់ឆ្នាំ នៅប៉ែកខាងលិចរាជធានីភ្នំពេញជាពិសេសក្នុងទឹកដីខណ្ឌកំបូលនិងមួយផ្នែកនៃខណ្ឌពោធិ៍សែនជ័យ។
លោកបញ្ជាក់ទៀតថា ៖ក្រោយពីប្រឡាយមេទាំងពីរខ្សែនេះ ដំណើរការឡើងវិញ វានឹងមានតួនាទីរំដោះទឹកភ្លៀងហូរមកពីស្រុកអង្គស្នួល បែកចាន នៃខេត្តកណ្ដាល ខណ្ឌកំបូល និងពោធិសែនជ័យ។ លោករំពឹងថា ៖នៅក្នុងរដូវវស្សាឆ្នាំនេះ នឹងជួយកាត់បន្ថយបានយ៉ាងប្រសើរនូវការជន់លិចដោយជំនន់ទឹកភ្លៀងនាប៉ែកខាងលិចរាជធានីភ្នំពេញក្នុងឆ្នាំនេះ។
ចំណែកលោក ឃឹម ស៊ុនសូដា បានបញ្ជាក់ផងដែរថា ៖នៅឆ្នាំក្រោយបន្ទាប់ពីកាយស្ដារប្រឡាយទាំង២ខ្សែនេះរួចហើយ រដ្ឋបាលខណ្ឌកំបូលក៏គ្រោងនិងមានសំណើរទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឈូសឆាយខ្នងប្រឡាយឱ្យរាបស្មើធ្វើជាផ្លូវ ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបាន ជាពិសេសគឺអាចរំដោះការកកស្ទះចរាចរណ៍ពីកំណាត់ផ្លូវជាតិលេខ ៤បានផងដែរ។
គួរបញ្ជាក់ផងដែរថា៖បច្ចុប្បន្នថ្នាក់ដឹកនាំ មន្ត្រីនៃរដ្ឋបាលខណ្ឌកំបូល ក្រៅពីមមាញឹកនឹងការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងមូលដ្ឋាន ក៏បាននិងកំពុងមមាញឹក ក្នុងការស្ដារប្រឡាយលូសំខាន់ៗនៅក្នុងដែនដីរបស់ខ្លួន ក្នុងនោះមានប្រឡាយអមសងខាងផ្លូវជាតិលេខ៤ ប្រឡាយអមសងខាងផ្លូវចូលទៅខណ្ឌកំបូល ប្រឡាយអូរខ្សាច់ និងលូ ប្រឡាយសំខាន់ៗមួយចំនួនទៀត ដើម្បីធានាបានថា នៅរដូវវស្សានេះ អាចជួយកាត់បន្ថយការជន់លិចដោយជំនន់ទឹកភ្លៀងបានប្រសើរជាងឆ្នាំកន្លងទៅ៕