អ្នកនាំពាក្យរដ្ឋសភា និងប្រធានថ្មី នៃគ.ជ.ប. ឆ្លើយតបទៅក្រុមប្រឆាំង និងសង្គមស៊ីវិល

ភ្នំពេញៈ អ្នកនាំពាក្យរដ្ឋសភា និងប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឆ្លើយតបទៅនឹងការរិះគន់ចោទប្រកាន់គ្មានមូលដ្ឋានពីសំណាក់ក្រុមប្រឆាំង និង មន្ត្រីសង្គមស៊ីវិលមួយចំនួនតូចពាក់ព័ន្ធការជ្រើសរើសប្រធាន គ.ជ.ប. ដែលថា គ្មានតម្លាភាព និងមិនទូលំទូលាយ និងអំពីសមត្ថភាពការដឹកនាំរបស់ប្រធានថ្មី គ.ជ.ប. មិនមានបទពិសោធន៍ក្នុងវិស័យបោះឆ្នោត។

ឯកឧត្តម ឡេង ប៉េងឡុង

អ្នកនាំពាក្យរដ្ឋសភា ឯកឧត្តម ឡេង ប៉េងឡុង បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះថា ការជ្រើសរើសប្រធាន គ.ជ.ប. ធ្វើទៅតាមច្បាប់។ គឺមាត្រា ៥, មាត្រា ១១។ ក្រុមអ្នករិះគន់គេមិនពេញចិត្ត។ គេប្រឆាំងជានិច្ច ហើយចង់ឲ្យអព្យាក្រឹត្យទាល់តែធ្វើតាមគេ ហើយបើធ្វើតាមគេវាខុសច្បាប់។ ទាល់តែជ្រើសរើសយកគ្នាគេបានគេថាត្រឹមត្រូវ។ បើយើងធ្វើតាមច្បាប់គេថាមិនត្រឹមត្រូវទេ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា “អ្វីក៏ដោយគ្មានអីអព្យាក្រឹត្យ។ គ្មានអីត្រឹមត្រូវជាងច្បាប់ទេ។ គាត់មានយោបល់គឺជាយោបល់មួយប៉ុណ្ណឹងទេ មិនមែនជាយោបល់របស់ប្រជាជនទូទាំងប្រទេសទេ។ យោបល់ប្រជាជនទូទៅដែលត្រឹមត្រូវ គឺច្បាប់នឹងហើយ។ យើងគោរពតាមច្បាប់រើស៥ថ្ងៃ និងតម្លាភាព។ អ្នកណាដាក់ពាក្យក៏បានដែរ។ តាមមាត្រា១១ គឺថា បញ្ជូនទៅគណបក្សដើម្បីជ្រើសរើស។ អាហ្នឹងជាច្បាប់ដែលតម្រូវ ហើយចង់ធ្វើខុសច្បាប់ចង់ថា ត្រឹមត្រូវ? យើងមិនអាចធ្វើបានទេ។ នៅក្នុង គ.ជ.ប. សព្វថ្ងៃនឹងមានគណបក្សច្រើនណាស់មិនមែនមានគណបក្សប្រជាជនតែមួយទេ។ ក្នុងសមាសភាព ៩នាក់ និង៤នាក់ រើសដោយគណបក្ស។ មានខាងរដ្ឋាភិបាល និងគណបក្សក្រៅរដ្ឋាភិបាល និងមួយនាក់ទៀត។ ជ្រើសរើសតាមការស្រុះស្រួលរបស់ភាគីទាំងពីរ។ យើងធ្វើការតាមច្បាប់ គេថាអត់ត្រឹមត្រូវ។ បើយើងមិនធ្វើតាមគេ គេថាមិនត្រឹមត្រូវជានិច្ច។ ត្រឹមត្រូវអព្យាក្រឹត្យយើងធ្វើតាមច្បាប់។ ខុសច្បាប់គឺមិនត្រឹមត្រូវមិនអព្យាក្រឹត្យទេ។ ធ្វើត្រឹមត្រូវ ឬមិនត្រឹមត្រូវអ្នកទាំងអស់គ្នាអាចវិនិច្ឆ័យបាន។ ទាំងអស់គ្នាអាចតវ៉ាបាន អាចប្តឹងផ្តល់បាន។ ត្រឹមត្រូវ ឬមិនត្រឹមត្រូវ គឺស្ថិតនៅលើច្បាប់ មិនមែនស្រេចតែលើគាត់ទេ”។

ឯកឧត្តម ប្រាជ្ញ ចន្ទ

ចំណែកឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានថ្មីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានមានប្រសាន៍ប្រាប់ AMS ថា ការជ្រើសរើសប្រធាន គ.ជ.ប. នេះ គឺគេមានគណៈកម្មការគេមួយ ដោយគេកំណត់លក្ខណៈវិនិច្ឆ័យ បេក្ខជនទាំងឡាយដែលចង់ដាក់ពាក្យត្រូវតែបំពេញលក្ខខណ្ឌដើម្បីគេពិនិត្យ។ នៅពេលគេពិនិត្យគ្រប់លក្ខណៈសម្បត្តិហើយបានគេជ្រើសរើសទទួលយកពាក្យនោះ។ គេបានធ្វើតាមនីតិវិធីបញ្ជូនទៅគណបក្សនយោបាយដែលពាក់ព័ន្ធ ហើយមកសម្រេចដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដាក់ជូនសភាអនុម័ត ទើបបោះឆ្នោតចុងក្រោយ និងបន្តនីតិវិធីតទៅទៀត។ គេធ្វើទៅតាមបែបបទ។

ឯកឧត្តម ប្រាជ្ញ ចន្ទ មានប្រសាសន៍បញ្ជាក់ថា “ការរិះគន់ជារឿងរបស់គេ ប៉ុន្តែជារឿងសំខាន់យើងធ្វើឱ្យបានត្រឹមត្រូវតាមបែបបទនីតិវិធី។ អ្នកខ្លះវាយតម្លៃនៅពេលដែលមិនទាន់បំពេញការងារ។ យើងខ្ញុំមិនយល់ដែរ។ មិនដឹងថាគេផ្អែកទៅលើមូលដ្ឋានអីដើម្បីវាយតម្លៃ។ បានន័យថាការវាយតម្លៃនេះតាមឆន្ទៈដែលចង់ថាតែម្តង ដោយមិនបានផ្អែកទៅលើលទ្ធផលនៃការងារដែលបំពេញ។ ធម្មតាយើងវាយតម្លៃដែលឃើញគេបំពេញការងារហើយ បានគេវាយតម្លៃសន្និដ្ឋានបាន”។

សូមជម្រាបថា អង្គសភាបានធ្វើការបោះឆ្នោតទុកចិត្តឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដោយទទួលបានសំឡេងយល់ព្រមចំនួន៨២សំឡេង នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ ឯកឧត្តម ប្រាជ្ញ ចន្ទ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសឯកឧត្តមស៊ិក ប៊ុនហុក ដែលបានលាលែងពីតួនាទី និងតំណែងប្រធាន គ.ជ.ប។ ជាមួយគ្នានេះ ព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងឯកឧត្តម ស៊ិក ប៊ុនហុក ពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានតែងតាំងដោយព្រះរាជក្រឹត្យកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥។

ឯកឧត្តម ស៊ិក ប៊ុនហុក

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ បានអនុម័តយល់ព្រមលើសំណើលាឈប់ពីតួនាទី និងតំណែងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរបស់ឯកឧត្តម ស៊ិក ប៊ុនហុក និងបានអនុម័តយល់ព្រមនូវសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកំណត់បែបបទនិងនីតិវិធីនៃការជ្រើសរើសបេក្ខជនប្រធានគ.ជ.ប. និងប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីជូនដំណឹងជ្រើសរើសបេក្ខជនជាប្រធានគ.ជ.ប ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក។ ការអនុម័តរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើឡើងបន្ទាប់ពីឯកឧត្តម ស៊ិក ប៊ុនហុក បានដាក់ពាក្យសុំលាលែងទៅរដ្ឋសភាកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ។ ការលែងពីតំណែងគជប របស់ឯកឧត្តមស៊ិក ប៊ុនហុក គឺដោយសារបញ្ហាសុខភាព និងមានវ័យចំណាស់។ បន្តមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកាលពីថ្ងៃទី១៥ ខែមិថុនា បានអនុម័តយល់ព្រមនូវបេក្ខជនប្រធានគ.ជ.ប. ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួនពីររូបគឺឯកឧត្តម ប្រាជ្ញ ចន្ទ និងឯកឧត្តម ការ លាន ហើយបានបញ្ជូនទៅគណបក្សប្រជាជនកម្ពុជាឱ្យជ្រើសរើសបេក្ខជនចំនួនមួយរូបផ្ញើមកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានទទួលលិខិតឆ្លើយតបរបស់គណបក្សប្រជាជនកម្ពុជាកាលពីព្រឹកថ្ងៃ១៦ ខែមិថុនា ឆ្នាំ២០២១ គឺបានសម្រេចជ្រើសរើសឯកឧត្តម ប្រាជ្ញ ចន្ទ ជាបេក្ខជនប្រធានគ.ជ.ប.។

ឯកឧត្តម ប្រាជ្ញ ចន្ទ គឺជាបេក្ខជនមួយរូបក្នុងចំណោមពីរូប (ឯកឧត្តម ប្រាជ្ញ ចន្ទ និងឯកឧត្តម ការ លាន) ដែលបានដាក់ពាក្យស្នើសុំធ្វើប្រធានគ.ជ.ប.ទៅកាន់រដ្ឋសភា ហើយដែលត្រូវបានជ្រើសរើសដោយគណបក្សប្រជាជនកម្ពុជាទៅតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគ.ជ.ប។ ឯកឧត្តម ប្រាជ្ញ ចន្ទ ធ្លាប់ជាមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃចន្លោះពីឆ្នាំ១៩៩១ដល់ ២០០១ ជាអភិបាលខេត្តបាត់ដំបង,ពីឆ្នាំ២០០១ ដល់២០១៣ ជាអភិបាលខេត្តត្បូងឃ្មុំ,ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងជាតំណាងរាស្រ្ត និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ២០១៧ រហូតដល់ក្លាយជាប្រធានគ.ជ.ប.នាពេលនេះ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner