សម្តេចតេជោហ៊ុន សែន ៖ វ៉ាក់សាំងការពារកូវីដ១៩ ស៊ីណូ​វ៉ាក់​(Sinovac Vaccine) ចំនួន១លាន ដូសទៀត បានដឹកមកដល់​កម្ពុជាហើយ

អត្ថបទដោយ៖
ជា សេឌី

យោងតាម Page facebook របស់តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១ សម្តេចបានបញ្ជាក់ថា  វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន១លានដូសទៀត ដែលកម្ពុជាបានបញ្ជារទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។ ដោយឡែកនៅថ្ងៃទី២៨ ខែមិថុនា ដដែលនេះ វ៉ាក់សាំង ១លានដូសទៀត នឹងដឹកមកដល់ប្រទេសកម្ពុជាផងដែរ។ សរុបទៅត្រឹមខែមិថុនា កម្ពុជាទទួលបានវ៉ាក់សាំងពីក្រុមហ៊ុនចិន រហូតដល់ទៅ ៥លានដូស ហើយនៅខែកក្កដាខាងមុខ វ៉ាក់សាំងប្រមាណ ៣លានដូសទៀត ក៏នឹងត្រូវដឹកពីប្រទេសចិន មកកាន់កម្ពុជាផងដែរ។

វ៉ាក់សាំងបានក្លាយទៅជាវិធានការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ វត្តមានវ៉ាក់សាំងជាបន្តបន្ទាប់នេះ នឹងជួយឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណ ១៣លាននាក់ ឱ្យបានលឿន និងទៅតាមការគ្រោងទុក។

គិតពីថ្ងៃទី១០ ខែកុម្ភៈ២០២១ ដល់ត្រឹមថ្ងៃទី២៥ ខែមិថុនា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ៣.៨លាននាក់ស្មើនឹងជាង ៣៨ភាគរយហើយ។ ក្រៅតែពីរាជធានីភ្នំពេញ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រីកការចាក់វ៉ាក់សាំងទៅកាន់ខេត្តកណ្តាល ព្រះសីហនុ កោះកុង កំពង់ស្ពឺ និងតាកែវផងដែរ។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner