ក្រុមហ៊ុនសែលកាត និងអង្គការ People in Need (PIN) កម្ពុជា ចាប់ដៃគូសហការ ជួយពង្រឹងចំណេះដឹងនៅលើបណ្តាញសង្គម ពីការគ្រប់គ្រង និងការត្រៀមខ្លួនចំពោះគ្រោះមហន្តរាយ

ក្រុមហ៊ុនសែលកាត និងអង្គការ People in Need (PIN) កម្ពុជា នឹងធ្វើការរួមគ្នាដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយនូវការត្រៀមខ្លួនដើម្បីបង្ការគ្រោះមហន្តរាយនៅក្នុងប្រទេសកម្ពុជា តាមរយៈការពង្រឹងការចែករំលែកព័ត៌មាន។ ខណៈដែលរដូវវស្សាកំពុងឈានជិតមកដល់ ការផ្សព្វផ្សាយនិងចែករំលែកព័ត៌មាន ពិតជានឹងក្លាយជាតម្រូវការដ៏បន្ទាន់មួយជាក់ជាមិនខាន។ ទំនាក់ទំនងជាដៃគូនេះ នឹងជួយគាំទ្រដល់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយនូវចំណេះដឹងស្តីពីការត្រៀមខ្លួនដើម្បីបង្ការគ្រោះមហន្តរាយ តាមរយៈការប្រើប្រាស់វេទិកានិងបណ្តាញនានា ដើម្បីធានាថា ការជូនដំណឹងអាសន្នឱ្យដឹងជាមុន នឹងត្រូវបានចែកចាយទាន់ពេលវេលាដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

សម្រាប់រដូវវស្សាឆ្នាំនេះ ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) បានចែករំលែកឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង អាចនឹងបង្កផលប៉ះពាល់ដល់បណ្តាខេត្តនានា ដែលងាយរងគ្រោះដោយសារទឹកជំនន់ ហើយទន្ទឹមនឹងនោះ កម្រិតទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប ក៏អាចនឹងមានការកើនឡើងខ្ពស់ផងដែរ។ យ៉ាងណាមិញ គណៈកម្មាធិការជាតិសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ក៏បានរៀបចំយ៉ាងរួចរាល់ផងដែរនូវយន្តការ និងធនធានចាំបាច់ ដើម្បីធានាសុវត្ថិភាពដល់សហគមន៍ងាយរងគ្រោះ នៅក្នុងអំឡុងស្ថានការណ៍ដ៏ប្រឈមទាំងនេះ។

ដើម្បីអាចប្រាស្រ័យទាក់ទងឱ្យបានកាន់តែប្រសើរអំពីគ្រោះធម្មជាតិដែលអាចកើតមានឡើង ដូចជាភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅក្នុងប្រទេសជាដើមនេះ រដ្ឋាភិបាលកម្ពុជាបានសម្តែងនូវការគាំទ្រយ៉ាងមុតមាំចំពោះប្រព័ន្ធប្រកាសអាសន្នឱ្យដឹងជាមុន (Early Warning System ឬ EWS1294) ដែលបង្កើតឡើងដោយអង្គការ People in Need (PIN)។ ប្រព័ន្ធប្រកាសអាសន្ននេះ ជាបច្ចេកវិទ្យាជួយសង្រ្គោះជីវិត ដែលអាចអង្កេតដឹងនូវគ្រោះធម្មជាតិដែលនឹងកើតមានឡើង ដើម្បីអនុញ្ញាតឱ្យរដ្ឋបាលទាំងថ្នាក់ខេត្តនិងថ្នាក់ជាតិ អាចចែករំលែកនូវការប្រកាសអាសន្នឱ្យដឹងជាមុនដល់ប្រជាពលរដ្ឋងាយរងគ្រោះ អំពីវិធានការសុវត្ថិភាពដែលសមស្របសម្រាប់ឆ្លើយតបទៅនឹងគ្រោះធម្មជាតិ។ ដោយមានការគាំទ្រពីបណ្តាញទូរស័ព្ទចល័ត និងបណ្តាញសង្គមដ៏ទូលំទូលាយរបស់ក្រុមហ៊ុនសែលកាត ប្រព័ន្ធនេះនឹងត្រូវបានណែនាំដាក់ឱ្យប្រើប្រាស់នៅក្នុងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបទាំងមូល ក៏ដូចជាអតិថិជនទាំងអស់របស់ក្រុមហ៊ុន តាមរយៈការចុះឈ្មោះប្រើប្រាស់សេវាកម្ម ‘1294’។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា៖ “ការជួយប្រជាជនឱ្យត្រៀមខ្លួនសម្រាប់គ្រោះទឹកជំនន់ ជាពិសេសនៅក្នុងអំឡុងពេលកំពុងមានជម្ងឺរាតត្បាតនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់”។ “អង្គការ People in Need បានធ្វើនូវកិច្ចការដ៏ល្អបំផុតមួយ ពោលគឺបានជួយតាមដានការកើនឡើងនៃកម្ពស់ទឹកជំនន់ និងការជួយឧត្ថម្ភគាំទ្រដល់បណ្តាតំបន់ដែលរងគ្រោះ ហេតុដូច្នេះហើយ ក្រុមហ៊ុនសែលកាត ពិតជារីករាយ ដែលបានចូលរួមជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ”។ ដោយ /គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner