ប្រធានថ្មី គ.ជ.ប នឹងប្រកាសចូលកាន់តំណែង នៅព្រឹកនេះ

ភ្នំពេញ: នៅព្រឹកថ្ងៃទី៣០ ខែមិថុនា នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំពិធីប្រកាសចូលកាន់តំណែងឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងព្រះមហាក្សត្រ នៅទីស្តីការ គ.ជ.ប។
តាមកម្មវិធីមានដូចតទៅ ៖
. នៅវេលាម៉ោង ៨:៣០នាទីព្រឹក ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងភ្ញៀវកិត្តិយសអញ្ជើញមកដល់។
. នៅវេលាម៉ោង ៨:៤៥នាទីព្រឹក សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងព្រះមហាក្សត្រ អញ្ជើញមកដល់។
. នៅវេលាម៉ោង ៩:០០-៩:១៥នាទីព្រឹក ប្រកាសហេតុ ប្រកាសអធិបតី និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
. នៅវេលាម៉ោង ៩:១៥-៩:៣០នាទីព្រឹក អានព្រះរាជក្រឹត្យតែងតាំងប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
. នៅវេលាម៉ោង ៩:៣០-៩:៤៥នាទីព្រឹក ពិធីប្រគល់ព្រះរាជក្រឹត្យ និងត្រា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
. នៅវេលាម៉ោង ៩:៤៥-១០:០០នាទីព្រឹក សន្ទរកថារបស់ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
. នៅវេលាម៉ោង ១០:០០-១០:១៥នាទីព្រឹក គោរពទង់ជាតិបិទកម្មវិធី។

ឯកឧត្តម ប្រាជ្ញ ចន្ទ

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានមានប្រសាសន៍ថា ការងារគ.ជ.ប គឺជាស្ថាប័នមួយដែលត្រូវប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ជាធរមានពិសេសច្បាប់ស្តីពីតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោតនានាជាធរមាន ដូចជាលិខិតបទដ្ឋាន បទបញ្ជាផ្ទៃ បទបញ្ជា និងនីតិវិធីផ្សេងៗ ដែលបានកំណត់ ឬក៏ត្រូវកំណត់សម្រាប់អនុវត្តឲ្យបានត្រឹមត្រូវក្នុងការចាត់ចែងបោះឆ្នោតនីមួយៗ ឲ្យបានត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។

សូមជម្រាបថា ឯកឧត្តម ប្រាជ្ញ ចន្ទ ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ដែលបានលាលែងពីតួនាទី និងតំណែងប្រធាន គ.ជ.ប។ ការចេញព្រះរាជក្រឹត្យតែងតាំងនេះ បានធ្វើឡើងបន្ទាប់ពីអង្គសភាបានធ្វើការបោះឆ្នោតទុកចិត្តឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយទទួលបានសំឡេងយល់ព្រមចំនួន ៨២សំឡេង នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ ជាមួយគ្នានេះ ព្រះមហាក្សត្រក៏បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងឯកឧត្តម ស៊ិក ប៊ុនហុក ពីប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានតែងតាំងដោយព្រះរាជក្រឹត្យកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៥៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner