ស្នាដៃបង្កើតថ្មី៖ Flying Car ក្លាយជារថយន្តដំបូងរបស់ពិភពលោក ដែលអាចបើកបរបានទាំងផ្លូវគោក និងផ្លូវអាកាស (មានវីដេអូ)
បរទេស៖ ឡានបើកបរបានទាំងផ្លូវគោក និងផ្លូវអាកាសដំបូងបំផុតរបស់ពិភពលោក មានឈ្មោះថា Flying Car បានក្លាយជាយានយន្តបង្កើតថ្មីដ៏ល្បីល្បាញ បន្ទាប់ពីហោះហើរសាកល្បងជោគជ័យយ៉ាងត្រចះត្រចង់នាពេលថ្មីៗនេះ ។
ឡាននេះបំពាក់ម៉ាស៊ីនរថយន្ត BMW ប្រើសាំងសុទ្ធអាចហោះបានកម្ពស់២.៥០០ ម៉ែត្រចម្ងាយ១ពាន់គីឡូម៉ែត្រ ក្នុងល្បឿនលឿនបំផុត១៧០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចសំកាំងលើអាកាសបាន៤០ម៉ោងដូចយន្តហោះខ្នាតតូច ។ ដោយ សារវាមានរូបរាងជាឡាន ពេលចង់ហោះត្រូវការពេល២នាទី ដើម្បីពន្លារស្លាប និងកង្ហារឲ្យវិលជក់ មុននឹងអាចរត់ឡើងលើអាកាស ។ លុះដល់ពេលចុះមកដីវិញ ក៏ត្រូវការពេល២នាទីដើម្បីបត់ស្លាបចូលគ្នា រួចជាន់ហ្គែរបើកដូចឡានធម្មតាទូទៅវិញ ។
ឡាននេះត្រូវបានធ្វើតេស្តជាច្រើនលើកច្រើនសារមកហើយ ទើបតែលើកនេះហ៊ានហោះខ្ពស់ ហើយអាចសំកាំងយូរជាងរាល់ដង ដោយបញ្ចប់ការហោះសាកល្បងរយៈពេល៣០នាទី សំកាំងកាត់លើអាកាសយានដ្ឋានចំនួនពីរ គឺ Nitra និង Bratislava ប្រទេសស្លូវ៉ាគី ។ ស្ថាបនិកលោក Stefan Klein ជនជាតិស្លូវ៉ាគី និងសហស្ថាបនិកមួយរូបទៀតបានប្រាប់អ្នកសារព័ត៌មានថា បើគិតសរុបទាំងការឌីហ្សាញផលិតគ្រោងឆ្អឹងទាំងមូល និងពេលឲ្យវាហោះរួចចុះដី ក្លាយជាឡានវិញនេះ លោកបានចំណាយពេល២ឆ្នាំ និងចាយប្រាក់អស់២លានដុល្លារ ៕ ប្រភព៖ Reuters



