មេបញ្ជាការកងទ័ពជើងគោកទាំងអស់នៅតាមព្រំដែន ត្រូវសហការគ្នា ត្រួតពិនិត្យរាល់ការចេញចូលរបស់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការនាំចូលនូវជំងឺកូវីដ-១៩ ប្រភេទថ្មី
ការណែនាំរបស់អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារយោធា-សន្តិសុខឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២១ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទនៅព្រឹកថ្ងៃទី៥កក្កដា ឆ្នាំ២០២១។
ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានណែនាំឲ្យកម្លាំងទាំងអស់នៅតាមព្រំដែន ត្រូវសហការជាមួយសមត្ថកិច្ចគ្រប់ជំនាញ ដើម្បីពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យរាល់ការចេញចូលរបស់ប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ការនាំចូលនូវជំងឺកូវីដ-១៩ ប្រភេទថ្មី។ ជាមួយគ្នានោះ លោកបានណែនាំឲ្យ អង្គភាពទាំងអស់ត្រូវបន្តចាត់វិធានការការពារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងអង្គភាព តាមរយៈការគ្រប់គ្រងកម្លាំងឱ្យបានហ្មត់ចត់, ការត្រួតពិនិត្យការចេញ-ចូល, ការរៀបចំកន្លែងចត្តាឡីស័ក និងកន្លែងព្យាបាលកម្រិតស្រាល។
ត្រូវប្រុងប្រៀបរៀបចំធ្វើតេស្តដល់យោធិននៅតាមបណ្តាអង្គភាព ដោយយកចិត្តទុកដាក់ជាពិសេសដល់កម្លាំងទាំងអស់ដែលចេញប្រតិបត្តិការតាមច្រកព្រំដែន, ពេទ្យយោធា, កម្លាំងចូលរួមចាក់វ៉ាក់សាំង និងកម្លាំងដែលចូលរួមប្រតិបត្តិការក្នុងតំបន់មានហានិភ័យខ្ពស់ ដូចជាតំបន់ក្រហម ជាដើម។
ក្នុងកិច្ចប្រជុំនោះ លោកមេបញ្ជាការកងទ័ពជើងគោក បានណែនាំឲ្យបណ្ដាអង្គភាព ត្រូវបន្តភារកិច្ចដែលបានអនុវត្តកន្លងមក ក៏ដូចជាត្រៀមកម្លាំងដើម្បីចូលរួមអនុវត្តភារកិច្ចនៅពេលមានបទបញ្ជា ដូចជា៖ ការរៀបចំក្រុមគ្រូពេទ្យ, ការចូលរួមក្នុងការការពារ និងរក្សាសន្តិសុខនៅតាមមណ្ឌលចត្តាឡីស័ក, ការចូលរួការបិទខ្ទប់នៅតាមបណ្តារាជធានី-ខេត្ត និងការដឹកជញ្ជូនពលករត្រលប់មកពីបរទេស។
ត្រូវបន្តចូលរួម និងត្រៀមចូលរួមនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ តាមផែនការរបស់រាជរដ្ឋាភិបាល។ លោក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាននៅគ្រប់បណ្តាស្ថាប័ន-កងឯកភាពទាំងអស់ចំណុះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ទោះជាក្នុងកាលៈទេសៈលំបាកនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងឆមាសទី១ ឆ្នាំ២០២១ នេះតែម្តង គឺនៅក្រោយព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលកំពុងមានការប្រឈមខ្លាំង។