អាជ្ញាធររាជធានី និងក្រសួងសុខាភិបាលធ្វើសន្និសីទកាសែតបង្ហាញពលរដ្ឋឱ្យបានជ្រួតជ្រាបពីការដាក់អ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការសហការជាមួយនឹងក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី១២ខែកក្កដានេះបានរៀបចំធ្វើសន្និសីទសារព័ត៌មានមួយដើម្បីបង្ហាញពីនីតិវិធីមួយចំនួនជុំវិញការដាក់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាលព្យាបាលនៅតាមផ្ទះរបស់ខ្លួនបានយល់និងអនុវត្តទៅតាមអ្វីដែលជាការណែនាំរបស់អាជ្ញាធរក៏ដូចជាក្រសួងសុខាភិបាល។

សន្និសីទសារព័ត៌មាននេះត្រូវបានធ្វើឡើងនៅសាលារាជធានីភ្នំពេញក្រោមវត្តមានលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញតំណាងឲ្យលោកឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាលដោយមានការចូលរួមពីអ្នកសារព័ត៌មានជាតិ អន្តរជាតិជាច្រើនរូបផងដែរ។

លោកង៉ូវ កាង បានមានប្រសាសន៍លើកឡើងថាសម្រាប់រាជធានីភ្នំពេញ យើងបានអនុវត្តនូវការព្យាបាលនៅតាមផ្ទះ រយៈពីរខែហើយ ហើយក្នុងពេលនេះយើងក៏បានឃើញពីគុណសម្បត្តិ ជុំវិញការព្យាបាលជំងឺនៅតាមផ្ទះនេះដែរ ។ លោកបានបន្តទៀតថា ការព្យាបាលតាមផ្ទះត្រូវបានក្រសួងប្រកាសកាលពីថ្ងៃទី ២០ខែមិថុនាឆ្នាំ ២០២១ ហើយយើងបានប្រជុំពិភាក្សាបញ្ហានេះជាច្រើនលើកច្រើនសារហើយដែរ រហូតបានដាក់ចេញនូវវិធានប្រការមួយចំនួនសម្រេចឲ្យមានការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ ដោយមិនមានហានិភ័យ។

លោកបន្តទៀតថា បច្ចុប្បន្ននេះក្រសួង សុខាភិបាល បានបែងចែកមណ្ឌលព្យាបាល នៅកម្ពុជាជាបីប្រភេទទីមួយគឺមណ្ឌលការព្យាបាលអ្នកជំងឺក្នុងកម្រិតស្រាលដែលអាចព្យាបាលនៅតាមផ្ទះបាន ។ ទីពីរកន្លែងមណ្ឌលកម្រិតស្រាលរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញឬក៏អាជ្ញាធរខេត្ត ដោយមានការគាំទ្រពីក្រសួងសុខាភិបាល ។ ទី៣ មន្ទីរពេទ្យដែលទទួលការព្យាបាលអ្នកជម្ងឺ មានកម្រិតធ្ងន់រហូតដល់ការប្រើប្រាប់ អ៊ុក ស៊ីសែន។

លោកបន្តផងដែរថា ចំពោះការព្យាបាលនៅតាមផ្ទះនេះត្រូវតែមានលក្ខខណ្ឌមួយចំនួន ដូចជាក្រសួងពាក់ព័ន្ធត្រូវពិនិត្យមើលទៅលើលំនៅដ្ឋាននោះ ថាតើមានបន្ទប់ដាច់ដោយឡែកទេ មានបន្ទប់ទឹកដាច់ដោយឡែកទេ មានសមាជិកប៉ុន្មាននាក់ ដែលអាចនឹងអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះបាន ។ បើមិនមានលក្ខខណ្ឌគ្រប់គ្រាន់ គឺមិនអនុញ្ញាតឲ្យមានការព្យាបាលនៅតាមផ្ទះឡើយ ។
លោកក៏បានបញ្ជាក់ដែរថា ការព្យាបាលតាមផ្ទះ មិនផ្ដោតសំខាន់ទៅលើការប្រើប្រាស់ថ្នាំពេទ្យនោះទេ ។ លោកជំរុញឲ្យអ្នកជំងឺដែលព្យាបាលតាមផ្ទះ ស្ថិតក្នុងស្ថានភាពស្រាល ឬ មិនមានរោគសញ្ញាទាំងនេះ ត្រូវហូបចុកឱ្យបានច្រើន ការផ្ដល់កម្លាំងចិត្តការអប់រំផ្លូវចិត្តការតាំងចិត្តនិងគេងឲ្យបានទៀងពេលនិងគ្រប់គ្រាន់ ជាមួយនិងការហាត់ប្រាណ។ ចំណែកឯការប្រើប្រាស់ថ្នាំ គឺប្រើទៅតាមទ្រង់ទ្រាយនៃជំងឺប៉ុណ្ណោះ ដូចជាមានជំងឺផ្តាសាយយើងត្រូវប្រើប្រាស់ថ្នាំផ្តាសសាយប៉ុណ្ណោះ ។

លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងផងដែរថា ការព្យាបាលនៅតាមផ្ទះនេះ អាជ្ញាធររាជធានីភ្នំពេញបានរៀបចំរួចរាល់ហើយ ហើយយើងក៏បានអនុវត្តបានមួយជំហានហើយដែរ ដោយគិតមកដល់ពេលនេះ មានអ្នកទទួលការព្យាបាល តាមផ្ទះមានចំនួន១០៣៣នាក់ហើយនិងមានអ្នកជាសះស្បើយចំនួន២៦៨នាក់ហើយដែរ។ លោកកើត ឆែបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋអ្នកជំងឺកូវីដ-១៩ ដែលព្យាបាលនៅតាមផ្ទះ សូមទាក់ទងមកលេខទូរស័ព្ទ ទាន់ហេតុការណ៍គឺលេខ ១២២២ នោះអាជ្ញាធរក៏ដូចជាក្រុមគ្រូពេទ្យអាចទៅជួយបងប្អូនបានភ្លាមៗ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកកើត ឆែ ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសហការជាមួយអាជ្ញាធរក៏ដូចជាក្រសួងសុខាភិបាលដើម្បីរួមគ្នាកាត់ផ្ដាច់ឲ្យបាននូវការរីករាលដាលជំងឺកូវិដ-១៩ក្នុងព្រឹត្តការណ៍សហគមន៍២០កុម្ភៈនេះជាពិសេស គឺការកុំជួបជុំផឹកស៊ី កុំលួចបើកខារ៉ាអូខេ ក្លឹបកំសាន្តជាដើម ។ អ្នកដែលបង្កើតឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងប្រឈមនិងការផាកពិន័យជាមួយនឹងការបញ្ជូនទៅតុលាការ មានទោសទណ្ឌថែមទៀតផង។ លោកបញ្ជាក់ថា បើយើងបានរងគ្រោះដោយកូវីដ-១៩ហើយ គួរកុំឲ្យល្មើសនិងច្បាប់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ រហូតដល់មានការផាកពិន័យនិងមានទោសទណ្ឌថែមទៀតឲ្យសោះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner