ទំព័រដើមPolitico 360Othersអនុរដ្ឋមន្ត្រីការបរទេសចិន៖ «អាមេរិក និងអឺរ៉ុបពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកនិយាយរឿងប្រជាធិបតេយ្យ...

អនុរដ្ឋមន្ត្រីការបរទេសចិន៖ «អាមេរិក និងអឺរ៉ុបពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកនិយាយរឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមួយយើងខ្ញុំឡើយ»

(ប៉េកាំង)៖ លោក Le Yucheng អនុរដ្ឋមន្ត្រីការបរទេសចិន បានផ្តល់បទសម្ភាសន៍ជាមួយគេហទំព័រព័ត៍មានចិន Guancha Syndicate នៅទីក្រុងប៉េកាំងនាថ្ងៃទី៩ ខែកក្កដា ដែលត្រូវចំខួបទី ៥០ឆ្នាំ នៃទស្សនាកិច្ចនៅប្រទេសចិនដោយសម្ងាត់របស់លោកHenry Alfred Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកបានលើកឡើងនូវទស្សនៈសំខាន់ៗ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងចិន និងអាមេរិកដែលជាបញ្ហា និងប្រធានបទក្តៅ ហើយបានប្រមើលមាគ៌ានៃការអភិវឌ្ឍទំនាក់ទំនង នៃប្រទេសទាំងពីរនាថ្ងៃអនាគត។

លោក Le Yucheng បានថ្លែងថា អាមេរិក និងបណ្តាប្រទេសអឺរ៉ុប ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មកនិយាយបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាមួយយើងខ្ញុំទេ បញ្ហាសិទ្ធិមនុស្សរបស់ប្រទេសពួកគាត់ផ្ទាល់ ក៏ធ្លាប់មានកំណត់ត្រាស្ថិតក្នុងហីនភាពដែរ។ ក្នុងប្រវតិ្តសាស្ត្រ ពួកគាត់បានប្រល័យពូជសាសន៍ទៅលើជនជាតិដើម ហើយមានការរើសអើង និងធ្វើបាបលើក្រុមជនជាតិភាគតិច។ ចលនាឆ្តោះទៅទិសខាងលិច (Westward Movement) របស់អាមេរិកបានកាប់សម្លាប់ និងបណ្តេញជនជាតិដើមអាមេរិក Indians ជាទ្រង់ទ្រាយធំ បណ្តាលឲ្យចំនួនជនជាតិ Indians ធ្លាក់ចុះពី៥លាននាក់មកសល់ត្រឹម ២៥ម៉ឺននាក់ ក្នុងរយៈពេលប្រមាណជាង ១០០ឆ្នាំ ពួកគេធ្លាប់ជាក្រុមប្រជាជនចម្បង ដែលរស់នៅអាមេរិកខាងជើង បច្ចុប្បន្ននៅសល់មិនដល់ ២% នៃចំនួនប្រជាជនសរុប។

នៅអតីតអគារស្នាក់នៅនៃសាលាជនជាតិដើមភាគតិចនៅប្រទេសកាណាដា បានរកឃើញជាបន្តបន្ទាប់នូវសាកសពរបស់កុមារជាង២០០នាក់ ព្រមទាំងផ្នូរខ្មោចគ្មានអត្តសញ្ញាណរាប់ពាន់ ក្នុងរយៈពេល ១៦០ឆ្នាំកន្លងមកនេះ យ៉ាងហោចណាស់មានកុមារចំនួន៤០០០នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងចំឡែកនៅសាលានេះ។ មកទល់សព្វថ្ងៃ ជនជាតិស្បែកខ្មៅអាមេរិកដូចលោក George Floyd នៅតែមិនអាចដកដង្ហើមបាន ជនជាតិដើមភាគតិចកំពុងរងការរើសអើង ជនអាណាថានៅដើរពេញផ្លូវ។ ប្រទេសបែបនេះនៅហ៊ានប្រសិទ្ធនាមខ្លួនឯង ជាអ្នកការពារសិទ្ធិមនុស្ស ជាគ្រូបង្រៀនសិទ្ធិមនុស្ស ហើយបង្គាប់បញ្ជានិងរិះគន់ប្រទេសដទៃ បើនិយាយឲ្យធ្លាយទៅ ការពិតគឺយកបញ្ហាសិទ្ធិមនុស្សធ្វើហេតុផល ដើម្បីចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។

ការយកចិត្តដាក់ទុករបស់ភាគីអាមេរិក លើបញ្ហាសិទ្ធិមនុស្សនៅចិនប្រៀបដូច «សត្វចចកទៅជូនពរឆ្នាំថ្មីដល់មាន់»

លោក Le Yucheng បញ្ជាក់ថា មនុស្សមួយចំនួនខាងភាគីអាមេរិក បានយកចិត្តទុកដាក់លើបញ្ហាសិទ្ធិមនុស្សរបស់ចិន ធ្វើឲ្យគេមានអារម្មណ៍ម៉្យាងប្រៀបដូចជា “សត្វចចកទៅជូនពរឆ្នាំថ្មីដល់មាន់”(ពុំមានបំណងល្អ)។ ដូចអ្វីដែលមហាជនបានដឹងហើយគោលនយោបាយរបស់អាមេរិកគឺប្រឆាំងនឹងចិន ក៏ប្រឆាំងនឹងឥស្លាម ប៉ុន្មានឆ្នាំកន្លងមកនេះ គ្រាប់កាំភ្លើងរបស់អាមេរិក បានធ្លាក់ទៅលើទឹកដីរបស់ជនជាតិឥស្លាម បម្រាមឥស្លាមដំបូងគេបង្អស់ត្រូវបានដាក់ចេញដោយអាមេរិកដែរ តែអ្វីដែលចំឡែកនោះគឺអាមេរិកបែបជាមកបារម្ភឈឺឆ្អាលរឿងសិទ្ធិមនុស្សរបស់ជនជាតិចិនឥស្លាម ដែលកំពុងរស់នៅប្រកបដោយសុភមង្គល នៅតំបន់ស៊ីចាំងទៅវិញ តើវាគួរឲ្យអស់សំណើចដែរឬទេ?

អាមេរិកមិនគួរកាន់ពិល ឆ្លុះឃើញតែអ្នកដទៃ មិនឆ្លុះមើលខ្លួនឯង

លោក Le Yucheng បានលើកឡើងពីបញ្ហាប្រភពដើមនៃវីរុសជំងឺកូវីដ១៩ ភាគីចិនគឺប្រកាន់ខ្ជាប់នូវឥរិយាបថបើកចំហ តម្លាភាព និងសហការជានិច្ច ចិនបានអញ្ជើញអ្នកជំនាញនៃអង្គការសុខភាពពិភពលោក មកទស្សនាកិច្ចនៅប្រទេសចិនចំនួន ២លើក ដើម្បីសហការស្រាវជ្រាវលើបញ្ហាប្រភពដើមនៃវីរុសនេះ។ “ករណីមន្ទីរពិសោធន៍ចិនបង្កធ្លាយចេញ នូវវីរុសគីមិនអាចទៅរួចទេ” សេចក្តីសន្និដ្ឋានមួយនេះបានកត់ត្រាឲ្យច្បាស់ ក្នុងរបាយការណ៍សហការសិក្សាស្រាវជ្រាវរវាងចិន និងអង្គការសុខភាពពិភពលោក។ ប៉ុន្តែប្រទេសមហាអំណាចមួយចំនួន បានបដិសេធទទួលយកការពិត យកបញ្ហាវិទ្យាសាស្ត្រដ៏ម៉ឺងម៉ាត់ បង្កើតទៅជារឿងនយោបាយប៉ុនប៉ងយកទ្រីស្តីទុច្ចរិតដែលប្រឌិត ដោយភ្នាក់ងារចារកម្មមកដាក់មន្ទិលសង្ស័យ លើមតិជាឯកច្ឆន្ទរបស់អ្នកវិទ្យាសាស្ត្រ យកការវិភាគនិងដាក់ទោសកំហុសដោយគ្មានអំណះអំណាង មកប្រកែកនឹងនូវរបាយការណ៍ប្រកបដោយ ភាពជំនាញរបស់អង្គការសុខភាពពិភពលោក។ បញ្ហាប្រភពដើមជាប់ពាក់ព័ន្ធនឹងតំបន់ និងប្រទេសជាច្រើនលើពិភពលោក។ ប្រសិនបើភាគីអាមេរិកពិតជាខ្វល់ពីការពិត និងតម្លាភាព គួរតែទទួលយកការស៊ើបអង្កេតរបស់អន្តរជាតិ ដើម្បីស្វែងរកប្រភពដើមនៃការឆ្លងជំងឺកូវីដ១៩ នៅអាមេរិក មូលហេតុដែលអាមេរិកប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩គ្មានប្រសិទ្ធភាព បញ្ហាវត្តមាននៃមូលដ្ឋានពិសោធន៍ជីវសាស្ត្រនៅអាមេរិក មិនមែនចេះតែកាន់ពិលឆ្លុះមើលគេ តែមិនឆ្លុះមើលខ្លួនឯងទេ។

ការផ្តួលរំលំចិនមិនមែនជាថ្នាំសម្រាប់ដោះស្រាយបញ្ហារបស់អាមេរិក

លោក Le Yucheng បានថ្លែងថា មនុស្សមួយចំនួនខាងភាគីអាមេរិក បានខិតខំរកវិធីបង្វែលបញ្ហាក្នុងប្រទេសរបស់ខ្លួនទៅលើចិនបញ្ហាប្រឈមធំបំផុតរបស់ប្រទេសមហាអំណាចដូចអាមេរិក គឺតែងតែកើតចេញពីផ្ទៃក្នុង ការផ្តួលរំលំចិនគឺមិនមែនជាថ្នាំ សម្រាប់ដោះស្រាយបញ្ហារបស់អាមេរិកឡើយ។ ចិនគ្មានបំណងប្រកួតប្រជែងអ្វីជាមួយនឹងអាមេរិកឡើយ គ្រាន់តែបន្តការឆ្កោះទៅមុខដោយឥតឈប់ និងបំបែកឯកត្តកម្មខ្លួនឯង។ យើងមិនមានយុទ្ធសាស្ត្រដណ្តើមធ្វើជាមេដឹកនាំ មានត្រឹមតែយុទ្ធសាស្ត្រអភិវឌ្ឍន៍ គោលដៅគឺដើម្បីឲ្យប្រជាជនរស់នៅដោយភាពសុខស្រួល សម្រេចនូវក្តីប្រាថ្នារបស់ប្រជាជន គឺរស់នៅប្រកបដោយភាពសុខុមរមនា។ ការទំនាក់ទំនងជាមួយនឹងប្រទេសចិន ដោយចាប់ផ្តើមពីអំណាយនិងតួនាទី គឺពោសពេញដោយអនុត្តរភាព និងទស្សនៈសង្គ្រាមត្រជាក់គ្រាន់តែចង់បញ្ចេញសាច់ដុំ និងកាន់ដំបងបន្លាចឲ្យមនុស្សភ័យខ្លាចប៉ុណ្ណោះ។ ជនជាតិចិនគឺមិនខ្លាចទេ ក្នុងប្រវត្តិសាស្ត្រគឺយើងក្រខ្សាត់ណាស់ មានតែបាតដៃទទេគ្មានអ្វីទាំងអស់ នៅសម័យកាលមានតែអង្ករ និងកាំភ្លើងវែងធម្មតាសម្រាប់ប្រយុទ្ធក្នុងសង្គ្រាម ក៏យើងមិនដែលខ្លាចនរណាដែរ ឥឡូវកាន់តែគ្មានហេតុផលអ្វីទៅខ្លាច“អំណាច និងតួនាទី”។

ផែនការ B3W របស់អាមេរិកបញ្ជាក់កាន់តែច្បាស់ថា “ខ្សែក្រវាត់មួយផ្លូវមួយ” គឺជាផ្លូវដែលត្រឹមត្រូវ ផ្លូវនៃអនាគត

លោក Le Yucheng បានបញ្ជាក់ថា ភាគីអាមេរិកបានលើកឡើងនូវផែនការ B3W(ស្តារពិភពលោកឲ្យកាន់តែល្អប្រសើរ)បន្ទាប់ពី“ខ្សែក្រវាត់មួយផ្លូវមួយ” បានបង្កើតអស់រយៈពេលជាង៧ឆ្នាំ នេះមិនត្រឹមតែមិនអាចទល់ទប់នឹង “ខ្សែក្រវាត់មួយផ្លូវមួយ” បែរជាបានបញ្ជាក់ឲ្យឃើញកាន់ច្បាស់ថា “ខ្សែក្រវាត់មួយផ្លូវមួយ” គឺជាផ្លូវដែលត្រឹមត្រូវ ផ្លូវនៃអនាគត។ ចំណុចគន្លឹះដែល “ខ្សែក្រវាត់មួយផ្លូវមួយ” អនុវត្តបានល្អគឺ “អនុវត្តចំគោលដៅ” “អនុវត្តនៅនឹងមូលដ្ឋានដោយផ្ទាល់” ដូចការសាងសង់ផ្លូវថ្នល់ សង់ស្ពាននិងផ្លូវក្រោមដីសុទ្ធតែត្រូវការប្រាក់សុទ្ធ និងកម្លាំងញើសឈាម មិនមែនគ្រាន់តែជួបប្រជុំ សរសេររបាយការណ៍ និយាយតែពាក្យស្លោកអាចសម្រេចបាននោះទេ។ ទន្ទឹមនឹងនេះ “ខ្សែក្រវាត់មួយផ្លូវមួយ” គឺបានបើកចំហ និងប្រកបដោយភាពអត់ឱន យើងមិនប្រឆាំងនឹងផែនការសហការល្អ ដែលលើកឡើងដោយប្រទេសដទៃឡើយ។ សង្ឃឹមថាអាមេរិក និងបណ្តាប្រទេសអឺរ៉ុប អាចសម្រេចនូវផែនការហេដ្ឋានរចនាសម្ព័ន្ធឲ្យចំគោលដៅពិតប្រាកដ ជួយសាងសង់ផ្លូវ សាងសង់ស្ពានជូនប្រទេសកំពុងអភិវឌ្ឍន៍ឲ្យបានច្រើនបង្កើតនូវឱកាសការងារ និងផ្តល់នូវអត្ថប្រយោជន៍កាន់តែច្រើនជូនពួកគាត់ មិនមែនផ្តោតតែការយកចិត្តទុកដាក់ ក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងបញ្ជូលទស្សនៈគុណតម្លៃបែបអឺរ៉ុបដោយបង្ខំ៕

ប្រភព:Fresh News

- Advertisement -spot_img
spot_img

ព័ត៌មានជាប់ទាក់ទង

- Advertisement -spot_img

អត្ថបទវិភាគ

ព័ត៌មានថ្មី

- Advertisement -spot_imgspot_img

ព័ត៌មានពេញនិយម