សហរដ្ឋ​​​​អាមេរិក​​​នឹង​​ចាត់​វិធានកា​រ​ដំបូ​ង​​ក្នុង​​ពេល​ឆាប់​​ៗ​ ក្រោយ​ពី​​បាតុកម្ម​នៅ​គុយបា​

ហួន​ ឌីណា​

វ៉ាស៊ីនតោន​៖​ មន្រ្តី​ក្រសួង​ការ​បរទេស​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​ ១៩​ កក្កដា​ ថា​ សហរដ្ឋ​អាមេរិក​ត្រូវ​បាន​​​គេរំពឹង​ថា​ នឹង​ប្រកាស​ជំហាន​ដំបូង​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ពិនិត្យ​ឡើង​វិញ​របស់​រដ្ឋបាល​​លោក​បៃដិន​ អំពី​គោល​នយោបាយ​របស់​ប្រទេស​គុយបា​ និង​ឆ្លើយ​តប​ទៅ​នឹង​ការ​បង្ក្រាប​ហ្វូង​បាតុករ​ទ្រង់​ទ្រាយ​ធំ​ប្រចាំ​ទសវត្សរ៍​ក្នុង​ក្រុង​ឡាហាវ៉ាន​។​  ​

យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ក្រុម​មន្រ្តី​ដែល​សុំ​ថ្លែង​ជា​អនាមិក​ បាន​និយាយ​ថា​ រដ្ឋបាល​​លោក​ បៃដិន​ នៅ​តែ​ស្វែង​រក​មធ្យោបាយ​ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​ទុក្ខ​លំបាក​របស់​ប្រជាជន​គុយបា​ ខណៈ​ពេល​ដែល​​រក្សា​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​កុម្មុយនីស្ត​របស់​លោក​ប្រធានា​ធិបតី​ Miguel Díaz-Canel​។ ​

​កាល​ពី​សប្តាហ៍​មុន​ លោក​ប្រធានា​ធិបតី​លោក​ ចូ ​បៃដិន​ បាន​និយាយ​ថា​ លោក​មិន​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​សម្រាប់​ការ​ផ្ទេរ​ប្រាក់​ ឬ​ការ​បង់​ប្រាក់​ ដែល​ជន​ជាតិ​អាមេរិក​ផ្ញើរ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​របស់​ខ្លួន​នៅ​លើ​កោះ​នោះ​ទេ​ដោយ​សារ​តែ​មាន​ការ​ព្រួយ​បារម្ភ​ថា​រដ្ឋាភិបាល​គុយបា​ នឹង​រឹបអូស​យក​ថវិកា​មួយ​ចំនួន​ធំ​។​

​​ប្រជាជន​គុយបា​រាប់​ពាន់​នាក់​ បាន​លើក​គ្នា​ធ្វើ​បាតុ​កម្ម​ប្រឆាំង​រដ្ឋាភិបាល​ដោយ​ស្ម័គ្រ​ចិត្ត​កាល​ពី​មួយ​សប្តាហ៍​មុន​ ជុំ​វិញ​បញ្ហា​​វិបត្តិ​សេដ្ឋកិច្ច​ដែល​​បង្ក​ជា​កង្វះ​ខាត​ទំនិញ​ទូទៅ​ រួម​ទាំង​ការ​ដាច់​ចរន្ត​អគ្គិសនី​ប្រើ​ប្រាស់​។​ ក្រុម​បាតុករ​ ក៏​តវ៉ា​ប្រឆាំង​នឹង​វិ​ធាន​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​លើ​ការ​ឆ្លង​នៃ​ជំងឺ​រាតត្បាត​កូវីដ-១៩ ​និង​ការ​ទប់​ស្កាត់​លើ​សេរីភាព​សង្គម​ស៊ីវិល​។​ មក​ទល់​ពេល​នេះ​ សកម្មជន​ជា​ច្រើន​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​។​

​យ៉ាង​ណា​មិញ​ រដ្ឋាភិបាល​គុយបា​បាន​ស្តី​បន្ទោស​ការ​តវ៉ា​នេះ​ ដោយ​ហៅ​ថា​ជា​ការ​ប្រឆាំង​បដិវត្ត​ក្រោម​ហិរញ្ញប្ប​ទាន​របស់​អាមេរិក​ដើម្បី​ទាញ​យក​ផល​ចំណេញ​ពី​សេដ្ឋកិច្ច​ត្រដ​ខ្យល់​ដែល​បណ្តាល​មក​ពី​ទណ្ឌកម្ម​របស់​ក្រុង​វ៉ាស៊ីនតោន​។​

​ប្រភព៖

1 EXCLUSIVE U.S. expected to take initial steps soon in aftermath of Cuba protests https://www.reuters.com/world/americas/exclusive-us-expected-take-initial-steps-soon-aftermath-cuba-protests-officials-2021-07-19/

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner