មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បញ្ជាក់អំពីការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ របស់កម្ពុជា

ភ្នំពេញៈ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្តី្រកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប បានបញ្ជាក់នៅយប់ថ្ងៃទី២៣ ខែកក្កដានេះថា ដោយមានការគិតគូរពីសុវត្ថិភាពរបស់ថ្នាក់ដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ជាពិសេសមានវីរុសបំលែងប្រភេទថ្មី កំពុងរីករាលដាលខ្លាំងនៅទូទាំងពិភពលោក កម្ពុជាបានសម្រេចចិត្តរៀបចំកិច្ចប្រជុំកំពូលនេះ តាមប្រព័ន្ធវីដេអូវិញ។ ទោះជាយ៉ាងនេះក្ដី កម្ពុជាក៏នៅតែជាប្រធានអង្គប្រជុំអាស៊ី-អឺរ៉ុប លើកទី១៣( ASEM13) ហើយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំកិច្ចប្រជុំជាមួយដៃគូ ASEM ទាំង៥៣ប្រទេស/ស្ថាប័ន នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

ឯកឧត្តម លុយ ដាវីត

ឯកឧត្តម លុយ ដាវីត បានបញ្ជាក់ថា ដំណើរការ ASEM គឺផ្អែកលើភាពមិនផ្លូវការ ភាពបត់បែន និងស្មារតីកុងសង់ស៊ីស។ ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា គឺជាការគាំទ្រជាឯកច្ឆ័ន្ទរបស់សមាជិកទាំង៥៣ប្រទេស/ស្ថាប័ន។ ក្រោមការធ្វើជាប្រធានអង្គប្រជុំរបស់កម្ពុជា ប្រទេសអាស៊ី-អឺរ៉ុបទាំងអស់ មានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងមានភាពស្អិតរមួតមួយកម្រិតទៀត ជាពិសេសនៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩ ដែលប្រទេសទាំងអស់នៅទូទាំងពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងរួមគ្នា។
ក្នុងន័យនេះ កាលពីឆ្នាំ២០២០ រដ្ឋមន្ត្រីការបរទេសអាស៊ី-អឺរ៉ុប ដែលតំណាងដោយរដ្ឋមន្ត្រីការបរទេសនៃកម្ពុជា និងប្រទេសសម្របសម្រួលទាំងបួន រួមមានសហភាពអឺរ៉ុប សិង្ហបុរី រស្ស៊ី និងអាល្លឺម៉ង់ បានអនុម័តនូវសេចក្ដីថ្លែងការណ៍រដ្ឋមន្ត្រីការបរទេសស្ដីពីជំងឺកូវីដ-១៩។ លើសនេះទៀត នៅក្នុងកិច្ចប្រជុំកំពូល ASEM13 នាខែវិច្ឆិកាខាងមុខនេះ ថ្នាក់ដឹកនាំអាស៊ី-អឺរ៉ុប នឹងអនុម័តសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញស្ដីពីការស្ដារឡើងវិញនៃសង្គមសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ដែលជាគំនិតផ្ដួចផ្ដើមរបស់កម្ពុជា។ នេះជាការបញ្ជាក់ពីភាពប៉ិនប្រសប់ និងសមត្ថភាពការទូតរបស់កម្ពុជា និងជាកត្តាសត្យានុម័តដែលដៃគូអាស៊ី-អឺរ៉ុប គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញយន្តការពហុភាគី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការតភ្ជាប់ និងការដោះស្រាយបញ្ហារួមរវាងតំបន់ទាំងពីរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ កំពុងរីករាលដាលខ្លាំង រួមនឹងការលេចឡើងនៃវីរុសបំលែងថ្មីៗ បានបង្កើតឱ្យមានរលកនៃការឆ្លងថ្មីនៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងកម្ពុជាផងនោះ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប បានប្រកាសជាផ្លូវការថា កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ។ សេចក្តីសម្រេចនេះ ធ្វើឡើងស្របតាមអនុសាសន៍ណែនាំរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយបានបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំកំពូលជាលក្ខណៈរូបវ័ន្ត គឺនឹងមិនមានសុវត្ថិភាពដល់បណ្តាថ្នាក់ដឹកនាំនៃប្រទេសដៃគូ ASEM ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំនោះឡើយ ហើយវាក៏មិនអាចប្រព្រឹត្តទៅបានផងដែរ ព្រោះជំងឺរាតត្បាតនេះ បាននិងកំពុងបន្តរីករាលដាលខ្លាំង ស្របពេលដែលបណ្តាប្រទេសជាច្រើនលើសកលលោកបានដាក់ចេញនូវការរឹតត្បិតលើការធ្វើដំណើរសាជាថ្មី៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner