សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាជំនួយសប្បុរសធម៌របស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន

នៅរាត្រី ថ្ងៃសុក្រ ១៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់ វ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលដោយផ្ទាល់នូវវ៉ាក់សាំងជំនួយរបស់ប្រទេសជាមិត្ត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាយប់នេះ គឺជាការអញ្ជើញទទួលដោយផ្ទាល់លើកទី២ហើយ ដែលលើកទី១ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ កាលនោះជាការអញ្ជើញទទួលវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយលើកដំបូងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងចំនួន ៦០ម៉ឺនដូស។

សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា ដោយសារតែ​ការចាក់​វ៉ាក់សាំង ទើប​កម្ពុជា ពេលនេះ មាន​សញ្ញា​ឆ្លង​ថមថយ​ចុះ ពិសេស​នៅ​តំបន់​រោងចក្រ ហើយ​បើ​ករណី​មានការ​ឆ្លង ក៏​ស្ថានភាព​វា​មិន​ទៅរក​សភាព​ធ្ងន់ធ្ងរ ឬ​ដល់​ការស្លាប់​នោះទេ វា​អាច​កាត់បន្ថយ​។ ករណី​ចាក់​វ៉ាក់សាំង ២​ដូ​ស​ហើយ នៅតែ​ឆ្លង មិនមែន​តែ​នៅ​កម្ពុជា​ទេ សូម្បីតែ​នៅ​សហរដ្ឋអាមេរិក នៅ​អង់គ្លេស និង​នៅ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប គឺមាន​ករណី​នេះដែរ​។​

សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាសថា «​ទោះបីជា​បានទទួល​វ៉ាក់សាំង​ហើយ​ក្តី មិនទាន់​ទទួល​វ៉ាក់សាំង​ក្តី ការការពារ ៣​កុំ និង​៣​ការពារ នៅតែ​ត្រូវ​បន្ត​។ នេះ​ជា​វិធី ដែល​ល្អ​បំផុត​។ សង្ឃឹមថា ប្រជាពលរដ្ឋ​របស់​យើង បន្ទាប់ពី​ឪពុកម្តាយ ដែល​ចាក់ គ្មាន​បញ្ហា នឹង​នាំ​កូន ដែលមាន​អាយុ​ចាប់ពី ១២​ឆ្នាំ​ឡើង ទៅ​ចាក់​វ៉ាក់សាំង ព្រោះ​បើ​នៅក្នុង​ផ្ទះ ចាក់​បានតែ​ប្តី​ប្រពន្ធ ឯ​កូន ៣​នាក់ មិនបាន​ចាក់​នោះ មិនមាន​ភាពស៊ាំ​នៅក្នុង​ផ្ទះ​ទេ​។ ដូច្នេះ​គោលដៅ​របស់ខ្ញុំ ចង់​ចាក់​ឲ្យ​បាន​ទៅដល់​ជាង ៨០%​។ អីចឹង យើង​គិត​ក្នុង​ចំនួន​នេះ បើ​ចាក់​ដល់ ១២​លាន​នាក់ យើង​មាន ៧៥%​។ បើ​ចាក់​ដល់ ១៣​លាន​នាក់ យើង​នឹងមាន​ដល់ ៨១,២៥%​។ ដូច្នេះ​ពេលនោះ យើង​នឹងមាន​ភាពស៊ាំ​នៅក្នុង​សហគមន៍​។ នៅសល់តែ​ក្មេង​តូចៗ ហើយ​ដែល​ក្មេង​តូចៗ​នោះ ដែល​សុទ្ធតែជា​អ្នក​ដែល​ទទួលបាន​វ៉ាក់សាំង បង្ការ​ការពារ​ជំងឺ ៦​មុខ​រួចស្រេច​ទៅហើយ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា «​ទោះបី​តម្លៃ​ណាក៏ដោយ វ៉ាក់សាំង ត្រូវតែ​រក ដើម្បី​ចាក់​ជូន​ប្រជាជន​កម្ពុជា ហើយ​ដែលមាន​អ្នកខ្លះ​ធ្វើ​អត្ថាធិប្បាយ​ថា ប្រហែលជា​មរតក​ធំ​បំផុត​របស់​ហ៊ុនសែន គឺ​វ៉ាក់សាំង​។ ក៏ប៉ុន្តែ​ខ្ញុំ​សូមបញ្ជាក់​ត្រលប់​ទៅវិញ​ថា មរតក​ហ៊ុនសែន មិន​មែនមាន​ត្រឹម​វ៉ាក់សាំង​នោះទេ​! មរតក​ហ៊ុនសែន បាន​យក​ប្រជាជន ចេញពី​ការស្លាប់ នៃ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩​។ មរតក​ហ៊ុនសែន ក៏បាន​យក​ប្រជាជន​កម្ពុជា ចេញ​ផុតពី​សង្គ្រាម នាំមក​កាន់​នូវ​សន្តិភាព រហូតមកដល់​សព្វថ្ងៃ​។ មរតក​ហ៊ុនសែន មាន​ច្រើន​ទៀត​!»​។​

​ក៏ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រម្លឹក​ជាថ្មី​ថា «​ខ្ញុំ​មិន​ចង់បាន​មរតក ឬ​មិន​មរតក​ទេ អ្វីដែល​ខ្ញុំ​ចង់បាន គឺ​សុខមាលភាព​ប្រជាជន ជីវិត​របស់​ប្រជាជន ត្រូវបាន​ធានា ហើយ​ជីវិត​ធំ​បំផុត មិនមែន​សិទ្ធិ​បញ្ចេញមតិ ឬ​ប្រជាធិបតេយ្យ​ទេ គឺ​សិទ្ធិ​រស់រានមានជីវិត ដែល​ត្រូវតែ​ទទួលបាន​មុនគេ​។ ដូច្នេះ​ចង់​នរណា ចង់​និយាយ​ពី​អី ទិតៀន​ច្បាប់​កម្ពុជា ក៏​ទិតៀន​ទៅ​ចុះ តែ​ច្បាប់​របស់​កម្ពុជា ធ្វើ​ដើម្បី​ការពារ​ជីវិត​មនុស្ស​។ អ្វីដែល​ខ្ញុំ​ខិតខំ​ធ្វើ គឺ​ដើម្បី​ការពារ​ជីវិត​មនុស្ស កុំ​ឲ្យ​ស្លាប់​»​។​

រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ បានប្រកាសផ្តល់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) ចំនួន ១លានដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ហើយនៅរាត្រីនេះ វ៉ាក់សាំងជំនួយរបស់ជប៉ុន ដែលដឹកមកកម្ពុជានាពេលនេះ មានចំនួន ៣៣ម៉ឺនដូស ហើយចំនួននៅសល់នឹងដឹកមកជាបន្តបន្ទាប់ទៀត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner