ទំនប់ស្ទាក់ទឹកសាលាតាអន ស្រុកឯកភ្នំ ខេត្តបាត់ដំបង តម្លៃជាង ៤០លានដុល្លារអាមេរិក មកដល់ពេលនេះ សាងសង់បានប្រមាណ៩០%ហើយដែលគ្រោងនិងបញ្ចប់ នៅចុងឆ្នាំ២០២១នេះ

   ទំនប់ស្ទាក់ទឹកស្ទឹងសង្កែ “ទំនប់សាលាតាអន” ស្ថិតក្នុងភូមិសាស្ត្រ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលអាជ្ញាធខេត្តនិងប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេស ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់បានកំណត់ថា៖គឺជាទំនប់ដែលមានតម្លៃជាប្រវត្តិសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តរបស់ខ្លួន។ ជាពិសេស ប្រជាពលរដ្ឋ ក្នុងស្រុកឯកភ្នំ ស្រុកសង្កែនិងក្រុងបាត់ដំបង នៅក្រោយពេលដែលទំនប់សាលាតាអនមួយនេះ ត្រូវបញ្ចប់នូវការសាងសង់រួចរាល់ជាស្ថាពរនៅចុងឆ្នាំ២០២១ឆាប់ៗខាងមុខនេះ។

        តាមរយៈការចុះពិនិត្យមើលពីវឌ្ឍនភាពនៃការសាងសង់នូវទំនប់ស្ទាក់ទឹកសាលាតាអន នៅល្ងាចថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២១នេះ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង រួមនិងថ្នាក់ដឹកនាំមន្ទីរមួយចំនួនផងនោះ បានគូសបញ្ជាក់ឲ្យដឹងថា៖ វឌ្ឍនភាពនៃការស្ថាបនាទំនប់ស្ទាក់ទឹកសាលាតាអន នេះបានដំណើរការសាងសង់ជិតរួចរាល់ជាស្ថាពរហើយដែលមកដល់ពេលនេះសំណង់ស្ទាក់ទឹក ស្ទឹងសង្កែ គឺសាងសង់បានប្រមាណ៩០ភាគរយហើយ។អ្វីដែលនៅសេសសល់គឺការងារបន្ទាប់បន្សំនិងសម្អាតឲ្យបានត្រឹមត្រូវ តាមស្តង់ដារ របស់គម្រោងតែប៉ុណ្ណោះ។ហើយអ្វីដែលផ្តោតសំខាន់ទៀតនោះ បន្ទះទ្វារទំនប់ បានបំពាក់និងតម្លើងរួចរាល់អស់ហើយផងដែរ។

     តាមរយៈការបង្ហាញអំពីវឌ្ឍនភាព នៃគម្រោង និងកិច្ចដំណើរការ ក្នុងការសាងសង់នូវទំនប់ស្ទាក់ទឹកនៃ “ទំនប់សាលាតាអន”ស្រុកឯកភ្នំនេះ ជារួមមាន៖ សំណង់មេរ ស្ទាក់ទឹកស្ទឹងសង្កែ និង ប្រឡាយមេរដូនទាវ និងអំពីអត្ថប្រយោជន៍ដ៏មានសក្តានុពលសេដ្ឋកិច្ចនូវដំណាំកសិកម្មក្នុងស្រុកដែលមានភូមិសាស្ត្រជាប់និងគម្រោង ហើយគម្រោងនេះ ក៏គ្រោងនិងបញ្ចប់នៅមុនដំណាច់ឆ្នាំ២០២១ ខាងមុខនេះ។

        កន្លងមកតាមការគូសបញ្ជាក់និងការធ្វើបទបង្ហាញពីអ្នកបច្ចេកទេសកូរ៉េ និងពីមន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក តាមរយៈបទបង្ហាញវីដេអូឃ្លីបមួយ របស់ខ្លួនអំពីវឌ្ឍនភាពជាជំហានៗតំណាក់កាលក្នុងការអនុវត្តគម្រោងជាបន្តបន្ទាប់ តាំងពីការចាប់ផ្តើមការសាងសង់របស់គម្រោង។ហើយនិងគោលបំណងអំពីអត្ថប្រយោជន៍របស់គម្រោង និង ក្រោយពីការបញ្ចប់គម្រោងអភិវឌ្ឍន៍ទំនប់ស្ទាក់ទឹកស្ទឹងសង្កែ “ទំនប់សាតាអន”ខេត្តបាត់ដំបង មួយនេះ គឺជាគម្រោងនៃកម្ចីហិរញ្ញប្បទានសម្បទាន របស់ សាធារណរដ្ឋកូរ៉េ។ ហើយទំនប់នេះ វានិងផ្តល់នូវអត្ថប្រយោជន៍ដ៏មានសក្តានុពលនៃវិស័យសេដ្ឋកិច្ចរបស់ខេត្ត ឲ្យបានកាន់តែប្រសើរឡើងថែមទៀត តាមរយៈនៃសារៈប្រយោជន៍សំខាន់ៗ ចំនួន៣ រួមមាន៖ទី១. រក្សា និង តម្កល់កម្ពស់ទឹកស្ទឹងសង្កែ ឲ្យជាប់ជាប្រចាំទាំងក្នុងរដូវប្រាំងនិងរដូវវស្សា ដែលយ៉ាងហោចណាស់ក្នុងកម្រិតកម្ពស់ទឹក ពី១០ ទៅ ១៣ម៉ែត្រ មុននិងវាហូរធ្លាក់ចុះទៅតំបន់បឹងទន្លេសាប។ ទី២.បម្រើដល់ការផលិតនូវទឹកស្អាតសម្រាប់ការប្រើប្រាស់ជីវភាពប្រចាំថ្ងៃ ក្នុងទីប្រជុំជនក្រុង និងស្រុកជិតខាង។ ហើយវាថែមទាំងធ្វើឲ្យទីក្រុងបាត់ដំបង កាន់តែស្រស់ស្អាតដែលអាចទាក់ទាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកំសាន្តទៀតផង។និងទី៣. ទំនប់នេះ វាថែមទាំងបានផ្តល់នូវការស្រោចស្រពលើផ្ទៃដីដាំដុះដំណាំស្រូវ នៅក្នុងរដូវវស្សា ប្រមាណ១១ពាន់ហិកតា និងស្រូវប្រាំងប្រមាណ៤ពាន់ហិកតា ផងដែរ។

     កន្លងមកឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងក្នុងនាមតំណាងឲ្យប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង ធ្លាប់បានសំដែងនូវការដឹងគុណនិងអរគុណចំពោះប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រសួង និងដៃគូអភិវឌ្ឍន៍នានាដែលបានផ្តល់នូវសមិទ្ធផលធំៗជាច្រើន ដល់ខេត្តកន្លងមក។ ជាពិសេស ក្នុងពេលប៉ុន្មានឆ្នាំមុននេះ ខេត្តបាត់ដំបង ធ្លាប់បានទទួលនូវសមិទ្ធផលទំនប់ទឹកកង្ហត ក្នុងស្រុកបាណន់ និងទំនប់ពហុបំណងសេកសកនៅក្នុងស្រុករតនមណ្ឌល ដែលបានផ្តល់ឱកាសឲ្យប្រជាកសិករនិងប្រជាពលរដ្ឋនៅទីនោះមានជីវភាពកាន់តែប្រសើរ។ ហើយកន្លងមកនេះ សមិទ្ធផលដែលកំពុងតែដំណើរការក្នុងការសាងសង់ ដូចជា៖ទំនប់សាលាតាអននិងទំនប់ក្បាលស្ទឹងដូនទ្រី ស្ថិតនៅក្នុងស្រុករុក្ខគីរី ក៏ជាទំនប់ប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មានពីមុនមកផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner