អ៊ុយក្រែន ធ្វើសមយុទ្ធយោធាជាមួយអាមេរិក ប៉ូឡូញ និងលីទុយអានី
កៀវ៖ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារបានរៀបចំសមយុទ្ធដ៏ធំមួយជាមួយសហរដ្ឋអាមេរិក ប៉ូឡូញ និងលីទុយអានី ដោយគេឃើញមានឧទ្ធម្ភាគចក្រជំនួយពីលើអាកាស នាវាដឹកពាសដែកបើកកាត់វាល រួមទាំងទាហានបាញ់កាំភ្លើងលើគោលដៅសត្រូវជាដើម។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ សមយុទ្ធនេះមានឈ្មោះថា Three Swords-2021 ដោយមានការចូលរួមពីទាហានជាង ១២០០ នាក់ និងរថយន្ដប្រយុទ្ធជាង ២០០ គ្រឿងនៅបន្ទាយហ្វឹកហាត់ក្រុង Yavoriv ក្នុងតំបន់ Lviv ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ៣០ ខែកក្កដា។
សមយុទ្ធនេះត្រូវគេឃើញថា ធ្វើឡើងចំពេលដែលភាពតានតឹងរវាងណាតូ និងក្រុងមូស្គូ ហើយវាកើនឡើងមួយកម្រិតទៀត ក្រោយពេលដែលរុស្ស៊ីកាលពីខែមិថុនានេះ បានបាញ់ព្រមាន និងទម្លាក់គ្រាប់បែកនៅលើផ្លូវនាវាចម្បាំងអង់គ្លេសឱ្យចេញពីដែនទឹកដែលខ្លួនអះអាងថាជារបស់ខ្លួនក្នុងសមុទ្រខ្មៅក្បែរឆ្នេរគ្រីមៀ។
មួយវិញទៀត ទំនាក់ទំនងរវាងក្រុងកៀវ និងក្រុងមូស្គូ ក៏បានធ្លាក់ចុះ បន្ទាប់ពីរុស្ស៊ីបានដណ្តើមកាន់កាប់តំបន់គ្រីមៀ និងជុំវិញការគាំទ្ររបស់រុស្ស៊ីចំពោះកងកម្លាំងបំបែកខ្លួននៅក្នុងជម្លោះក្នុងតំបន់ Donbass ភាគខាងកើតប្រទេសអ៊ុយក្រែន។
កាលពីខែមិថុនា អ៊ុយក្រែន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធាដាច់ដោយឡែកមួយផ្សេងទៀតឈ្មោះ Sea Breeze ដែលចូលរួមដោយប្រទេសជាង ៣០ នៅសមុទ្រខ្មៅ និងភាគខាងត្បូងអ៊ុយក្រែន ទោះបីរុស្ស៊ីអំពាវនាវឱ្យលុបចោលសមយុទ្ធនេះក៏ដោយ។





ប្រភព៖ Reuters